ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​កូវីដ១៩ របស់​សហរដ្ឋ​អាមេរិក គាំទ្រ​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​សាកល្បង


រូបភាព​នេះ​ត្រូវ​បាន​ថត​​កាល​ពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​បង្ហាញ​ពី​ដប​មួយ​ដែល​មាន​បិទស្លាកសញ្ញា​វ៉ាក់សាំង​កូវីដ១៩ និង​ម្ជុល​ចាក់​ថ្នាំ​មួយ។
រូបភាព​នេះ​ត្រូវ​បាន​ថត​​កាល​ពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​បង្ហាញ​ពី​ដប​មួយ​ដែល​មាន​បិទស្លាកសញ្ញា​វ៉ាក់សាំង​កូវីដ១៩ និង​ម្ជុល​ចាក់​ថ្នាំ​មួយ។

អ្នក​ជំនាញ​កំពូល ២ រូប​ផ្នែក​ជំងឺ​កូវីដ១៩ របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ពួកគេ​ផ្ទាល់​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ចុងក្រោយ​នោះ​ទេ។

លោក Moncef Slaoui ប្រធាន​ទីប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​កម្មវិធី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​សម្របសម្រួល​និង​ពន្លឿន​ការ​ផលិត​និង​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ (Operation Ward Speed) បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «This Week» របស់​បណ្តាញ​ទូរទស្សន៍ ABC ថា «វ៉ាក់សាំង​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទាំង​នេះ»។

វ៉ាក់សាំង​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech និង​ដោយ​ក្រុមហ៊ុន Moderna។ វ៉ាក់សាំង​ទាំង​នេះ​បាន​បង្ហាញ​នូវ​ប្រសិទ្ធភាព​ចំនួន ៩៥% នៅ​ក្នុង​ការ​សាកល្បង ហើយ​ឥឡូវនេះ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ ចំនួន​រាប់​ម៉ឺន​ករណី។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Face the Nation» របស់​បណ្តាញ​ទូរទស្សន៍ CBS ថា លោក​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ដែរ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទាំង​នេះ។

លោក​វេជ្ជបណ្ឌិត Fauci បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​គេ​ស្នើ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ ខ្ញុំ​នឹង​ប្រាកដជា​ចាក់។ ខ្ញុំ​នឹង​មិន​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចាក់​វា​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ដែរ»។

លោក​បាន​បន្ថែម​ថា ដោយ​សន្មត​ថា​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​អនុញ្ញាត​ចំពោះ​វ៉ាក់សាំង​ទាំង​នេះ​បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​របស់​ពួកគេ​មក «នៅ​ពេល​ដែល​សាធារណជន​អាមេរិកាំង​ឮ​អំពី​ដំណឹង​នេះ ពួកគេ​ត្រូវតែ​ជឿជាក់» ថា វ៉ាក់សាំង​ទាំង​នេះ​មាន​សុវត្ថិភាព»៕

XS
SM
MD
LG