ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Trump នឹង​តស៊ូ​មតិគ្នា​រយៈពេល​៩០នាទី​ក្នុង​វេទិកា​ជជែក​ដេញដោល​លើក​ដំបូង​នៅ​យប់​ថ្ងៃព្រហស្បតិ៍


ទិដ្ឋភាព​ខាង​មុខ​នៃ​វេទិកា​សម្រាប់​ការជជែកដេញដោល​គ្នា​របស់​បេក្ខជនប្រធានាធិបតី​ នៅ​ក្នុង​បរិវេណ​នៃ​ទីស្នាក់ការ​របស់​បណ្តាញ​ទូរទស្សន៍ CNN នៅទីក្រុង Atlanta រដ្ឋ Georgia នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
ទិដ្ឋភាព​ខាង​មុខ​នៃ​វេទិកា​សម្រាប់​ការជជែកដេញដោល​គ្នា​របស់​បេក្ខជនប្រធានាធិបតី​ នៅ​ក្នុង​បរិវេណ​នៃ​ទីស្នាក់ការ​របស់​បណ្តាញ​ទូរទស្សន៍ CNN នៅទីក្រុង Atlanta រដ្ឋ Georgia នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​នាក់ ការ​ជជែក​ដេញដោល​គ្នាទំនង​ជា​ដូច​ការ​តាមដាន​កម្មវិធី​ទូរទស្សន៍​នា​រដូវ​ក្តៅ​ ក៏ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អតីត​ប្រធានាធិបតី​លោក Donald Trump នឹង​ជជែក​ដេញ​ដោល​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ ក្នុង​ពេល​ពាក់កណ្តាល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​រូប​នេះ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឈាន​មក​ដល់​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា​ខាងមុខ​នេះ។

នេះ​គឺជា​ការ​ជជែក​ដេញដោល​គ្នា​លើក​ដំបូងគេ​នា​ឆ្នាំនេះ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឡើង​រៀងរាល់​ ៤ ឆ្នាំ​ម្តង បន្ទាប់​ពី​អ្នក​ទាំងពីរ​ធ្លាប់​បាន​តស៊ូ​មតិ​គ្នា​ពីរ​លើក​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​កាលពី​ឆ្នាំ ២០២០ ដែលនៅ​ពេល​នោះគឺពីរខែក្រោយ​មក ​លោក Biden បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ដោយ​ធ្វើ​ឲ្យ​លោក Trump បរាជ័យ​ក្នុង​ការ​ឈរ​ឈ្មោះ​កាន់តំណែង​ជា​ប្រធានាធិបតី​មួយ​អាណត្តិទៀត។

នៅ​ពេល​លោក Biden បាន​ស្បថ​ចូល​កាន់តំណែង​កាលពីខែ​មករា ឆ្នាំ ២០២១ លោក Trump មិន​ទៅ​ចូលរួម​ពិធី​នោះ​ទេ ហើយ​លោក​ទាំងពីរ​មិន​ដែល​បាន​ជួប​មុខ​គ្នា​តាំងពេល​នោះ​មក។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ លោក Trump បាន​ចំអក​ដល់​ការ​ត្រៀម​ខ្លួន​របស់​លោក Biden នៅ​ក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​លោក ហើយ​បាន​អះអាង​ថា លោក Biden ទំនង​ត្រូវ​បំប៉ន​សុខភាព​ដើម្បី​តទល់​មុខគ្នា​ជាមួយ​នឹង​រូបលោក។

លោក Trump បាន​ថ្លែង​បែប​ចំអក​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania ថា៖ «ឥឡូវ​នេះ លោក Joe បាន​ទៅខំ​ប្រឹង​រៀន​»។ ហើយ​គាត់​កំពុង​តែ​ដេក​នៅ​ពេលនេះ ព្រោះ​ពួកគេ​ចង់​ឲ្យ​គាត់​សុខភាព​ល្អ​និង​ខ្លាំង»។

លោក Trump បាន​អះអាង​តាំង​ពី​យូរ​មក​ហើយ​ថា លោក Biden មិន​អាច​«និយាយ​ប្រយោគ​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ»។ ក៏ប៉ុន្តែ​ កាលពី​ពេល​ថ្មីៗ​នេះ លោក Trump បាន​ប្រាប់ទៅកាន់​ក្រុម​អ្នក​គាំទ្រ​លោក​ពី​លទ្ធភាព​ដែល​ថា លោក Biden អាច​គួរ​ឲ្យ​ខ្លាច ជា​ជាង​គ្រាន់តែ​ជា​បុរស​ចាស់​ជរា​ម្នាក់​ដែល​លោក Trump ធ្លាប់​ចាត់ទុក​លោក Biden ថា​បែបនេះ។

លោក Trump បាន​ប្រាប់​អ្នក​សម្ភាសរូប​លោក​ថា៖ «ខ្ញុំ​គិតថា​ លោក [Biden] អាច​នឹង​ជា​បុគ្គល​ដែលទំនង​ល្អនឹង​តស៊ូ​មតិ​ជាមួយ។ ខ្ញុំ​មិន​ចង់​មើល​ខ្សោយ​លោក​នោះទេ»។

សម្រាប់​លោក Biden វិញ កាលពី​ពាក់កណ្តាល​ខែ​ឧសភា មុន​ពេល​កាលវិភាគ​នៃ​ការ​ជជែក​ដេញដោល​នា​ថ្ងៃព្រហស្បតិ៍ ទី២៧ ត្រូវបាន​ព្រៀមព្រៀង​គ្នា​នោះ លោក Biden បាន​ថ្លែង​ថា៖ «លោក Donald Trump បាន​ចាញ់​ខ្ញុំ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ពីរលើក​កាលពី​ឆ្នាំ ២០២០។ តាំងពី​ពេល​នោះ​មក លោក​មិន​បាន​បង្ហាញមុខ​ក្នុង​ការ​ជជែក​ដេញដោល​អ្វី​នោះទេ»។ កាលពី​ដើម​ឆ្នាំ ២០២៤ នេះ លោក Trump បាន​ដក​ខ្លួន​ចេញ​ពី​ការ​ជជែក​ដេញដោល​គ្នា​រវាងដៃ​គូ​ប្រជែង​ជាច្រើន​រូប​របស់​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ឈរឈ្មោះ​ជាបេក្ខជនប្រធានាធិបតីរបស់​បក្ស។

លោក Biden បាន​ថ្លែងថា៖ «ឥឡូវនេះ លោក​ [Trump] ធ្វើ​ខ្លួន​ដូចជា​លោក​ចង់​ជជែក​ដេញដោល​ជាមួយ​ខ្ញុំ​ម្តង​ទៀត​អ៊ីចឹង។ ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ»។

លោក Trump ទំនង​នឹង​ចោទ​ប្រកាន់​លោក Biden ពី​ការ​ចាត់ចែង​មិន​បាន​ល្អ​នូវ​បញ្ហា​សេដ្ឋកិច្ច​អាមេរិក និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក ដែល​អនុញ្ញាត​ឲ្យ​ជន​ចំណាកស្រុក​រាប់​ពាន់នាក់​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​ មុន​ពេលលោក Biden បាន​រឹត​បន្តឹង​វិធានការ​ឆ្លងដែន​កាលពី​ពេល​ថ្មីៗនេះ។

លោក Trump ក៏​ធ្លាប់​បាន​អះអាង​ថា ការ​ចំណាយ​ខ្ចះខ្ចាយ​របស់​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​ដំបូង​នៃ​អាណត្តិ​របស់​លោក Biden បាន​ធ្វើ​តម្លៃទំនិញប្រើប្រាស់​កើនឡើង​ក្នុង​អត្រា​ប្រមាណ ៩%​ ដោយ​បណ្តាល​ឲ្យ​មាន​ចំណាយ​ក្បិតក្បៀតក្នុង​គ្រួសារលើ​ម្ហូប​អាហារ​ ថ្លៃ​សាំង និង​របស់​របរ​ចាំបាច់​ផ្សេងៗទៀត បើ​ទោះ​បី​ជា​អត្រា​ចំណាយ​នេះ​បាន​ថយ​ចុះ​មក​ត្រឹម ៥% នៅ​ខែ​ឧសភា។

រូបឯកសារ៖ លោក Joe Biden និង​លោក Donald Trump ពេល​ជជែកដេញដោលគ្នា​ នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០។
រូបឯកសារ៖ លោក Joe Biden និង​លោក Donald Trump ពេល​ជជែកដេញដោលគ្នា​ នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០។

សម្រាប់​លោក Biden វិញ លោកទំនង​នឹង​ចង្អុល​បង្ហាញ​ថា នាពេល​នេះ​ លោក Trump ជា​ជន​ឧក្រិដ្ឋ​ដែល​ត្រូវបាន​កាត់ទោស​ថា​ មាន​ពិរុទ្ធភាព​លើ​បទចោទ​ចំនួន ៣៤ កាលពី​ខែ​មុន​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ជះ​ឥទ្ធិពល​លើ​លទ្ធផល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ដោយ​ក្លែង​បន្លំ​កំណត់​ត្រា​ឯកសារ​នៃ​ការ​បង់ប្រាក់​បំបិទមាត់ដល់​តារា​អាសអាភាស​មួយ​រូប។ បន្ថែម​លើ​នេះ លោក Biden ច្បាស់​ជា​នឹង​រំឭក​អ្នក​បោះឆ្នោត​ថា លោក Trump កំពុង​ប្រឈម​ការចោទ​ប្រកាន់​ ៣ ករណី​ទៀត​ ក្នុង​នោះ​ ២ ករណី​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ដោយ​ខុស​ច្បាប់​ដើម្បី​កែប្រែ​លទ្ធផល​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ ២០២០ របស់​លោក។

លោក Biden ក៏​ទំនង​នឹង​បន្ទោស​លោក Trump ពី​ការ​តែងតាំង​ចៅក្រមអភិរក្ស​និយម​ ៣ រូប​នៅ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ដែល​បាន​សម្រេច​លុប​ចោល​សិទ្ធិ​រំលូត​កូននៅ​សហរដ្ឋ​អាមេរិក ​ដែល​ត្រូវបាន​តាក់តែង​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​រយៈពេល​ជិត​ ៥០ ឆ្នាំ​កន្លង​មក​នេះ។ លោក Biden បាន​អះអាង​ថា បើសិន​ជា​លោក​ Trump មាន​ឱកាស​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី ២ នោះលោក Trump នឹង​អនុវត្ត​ផែនការ​របស់​លោក​ក្នុងការ​«សងសឹក»​នឹង​គូ​ប្រជែង​នយោបាយ​របស់​លោក ដែល​ទង្វើ​នេះ​គឺជា​ហានិភ័យ​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក។

ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​បង្ហាញ​ថា លោក Biden និង​លោក Trump មាន​សន្ទុះ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​ខ្លាំង។

ក្រុម​អ្នក​វិភាគ​នយោបាយ​អាមេរិក​ជាច្រើន​នាក់​បាន​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាន​សម្រេច​ចិត្ត​រួច​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​បេក្ខជន​វ័យ​ដ៏​ចំណាស់​ទាំងពីរ​នាក់​នេះ ក្នុង​នោះ​លោក Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ មាន​វ័យ ៨១ ឆ្នាំ រីឯ​លោក Trump នៃ​គណបក្ស​សាធារណរដ្ឋ​ មាន​វ័យ ៧៨ ឆ្នាំ។ អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​មិន​ពេញ​ចិត្ត​លោក​ទាំង​ពីរ​ ដែល​ជា​ជម្រើស​ «ស្អប់ទាំងពីរ» នៅ​ក្នុង​ឆាក​នយោបាយ​អាមេរិក​បច្ចុប្បន្ន​ ហើយ​អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​ផ្សេងទៀត​អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ជម្រើស​ទាំងពីរ​នេះ ហើយ​អ្នក​ខ្លះ​ទៀត​អាច​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ទី ៣ ឬ​បេក្ខជន​ឯករាជ្យ​ ឬ​មិន​បោះឆ្នោត​តែ​ម្តង។

សម្រាប់​អ្នក​នយោបាយ​ឯករាជ្យ​ដែល​មិន​ទាន់​សម្រេច​ចិត្ត ឬ​សម្រាប់​អ្នក​ដែល​មិន​បាន​តាមដាន​នយោបាយ​ដិតដល់ ការ​ជជែក​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះអាច​នឹង​ជា​កត្តា​កំណត់ ឬ​អាច​ដៅ​ទិស​ឲ្យ​ពួកគេ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជនទាំងពីរ​នាក់​នេះ។ ការ​ជជែក​ដេញដោល​លើក​ទី ២ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា​ខាងមុខ។

កាលពី​ឆ្នាំ ២០២០ មនុស្ស​ប្រមាណ​ ៧៣ លាននាក់​ បាន​តាមដាន​ការ​ជជែក​ដេញដោល​គ្នា​ជា​លើក​ដំបូង​រវាង​លោក Biden និង​លោក Trump ដែល​បាន​ក្លាយ​ជា​វេទិកា​ស្រែក​ដាក់​គ្នា​ ដោយ​រង​ការ​រិះគន់​ខ្លាំងៗ​ពីក្រុម​អ្នក​វិភាគ​ថា​ជា​ការ​ជជែក​ដេញដោល​គ្នា​ដ៏​អាក្រក់​បំផុត​ ពីព្រោះ​បេក្ខជន​ទាំងពីរ​នៅពេល​នោះ​បាន​បង្អាក់​គ្នា​ទៅវិញ​ទៅមកជា​ញឹកញាប់។ ក៏ប៉ុន្តែ​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី ២ របស់​លោក​ទាំងពីរ​កាលពី​ឆ្នាំ ២០២០ ដដែល​នោះ បាន​ប្រសើរ​វិញ។

លក្ខខណ្ឌ​នៃ​ការ​ជជែក​ដេញដោល​គ្នា

លក្ខខណ្ឌ​ថ្មី​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ការ​ជជែក​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃព្រហស្បតិ៍​នេះ ដែល​អាច​សម្រួល​ដល់​ការ​តស៊ូ​មតិ​គ្នា​លើក​នេះ។ ការ​ជជែក​ដេញដោល​លើក​ដំបូង​នៅ​ឆ្នាំ ២០២៤ នេះ ប្រារព្ធ​ឡើង​នៅក្នុង​បន្ទប់​ផ្សាយ​នៃទីស្នាក់ការ​កណ្តាល​របស់​បណ្តាញ​ទូរទស្សន៍ CNN នៅ​ទីក្រុង Atlanta រដ្ឋ Georgia ហើយ​ត្រូវបាន​សម្របសម្រួល​ដោយ​អ្នក​ផ្សាយ​ព័ត៌មាន​ជើងចាស់​ពីរ​រូប​របស់​ CNN គឺ​លោក Jake Tapper និង​អ្នកស្រី Dana Bash។ មិន​មាន​អ្នក​ចូលរួមទស្សនាផ្ទាល់​នោះទេ ដែល​នឹង​គ្មាន​ការ​ស្រែក​ហ៊ូ ចំអក និង​ទះដៃ​អបអរ​ពី​ក្រុម​អ្នក​គាំទ្រ​លោក Biden និង​លោក Trump ឡើយ។

ក្រោម​លក្ខខណ្ឌ​នៃ​ការ​ជជែកដេញដោល​គ្នា​ដែល​យុទ្ធនាការ​របស់​លោក​ទាំងពីរ​បាន​ព្រៀមព្រៀង​គ្នា បេក្ខជន​ម្នាក់ៗ​នឹង​មាន​ពេល ២ នាទី ​នៅក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ទៅកាន់​ពួកគេ​ដោយ​ផ្ទាល់​ និង​ ១ នាទី នៅក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ដៃគូ​ប្រជែង​របស់​ខ្លួន។

ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺថា មេក្រូ​ហ្វូន​នឹង​បើក​ដំណើរ​ការ​សម្រាប់តែ​បេក្ខជន​ត្រូវបាន​សួរ​សំណួរ​ប៉ុណ្ណោះ។ តែ​គេ​មិន​ទាន់​ច្បាស់​ថា​តើ​មេក្រូហ្វូននឹង​ស្រូប​យក​សំឡេង​របស់​ដៃគូ​ប្រជែង​ដែល​ព្យាយាម​និយាយ​ប្រជែង​នឹង​បេក្ខជន​ម្នាក់​ទៀត​ដែរ​ឬ​យ៉ាងណា។ ពន្លឺពណ៌ក្រហម​នឹង​លោត​ភ្លឹបភ្លែត​ដើម្បី​ប្រាប់​ទៅ​កាន់​បេក្ខជន​ថា ​ពួកគេ​សល់ពេលត្រឹម​ ៥ វិនាទី ដើម្បី​បញ្ចប់​ចម្លើយ​របស់​ខ្លួន ហើយ​បន្ទាប់​មក​ មេក្រូហ្វូន​របស់​បេក្ខជន​នឹងលោត​ពណ៌​ក្រហម​សុទ្ធ​ នៅពេល​ពួកគេ​អស់​ពេល​ ហើយ​មេក្រូហ្វូន​របស់​គេ​នឹងបិទ​មិន​ឲ្យ​ដំណើរការ។

បុគ្គលិករបស់បណ្តាញ​ទូរទស្សន៍ CNN កំពុង​រៀបចំ​វេទិកាសម្រាប់​ការជជែកដេញដោល​គ្នា​របស់​បេក្ខជនប្រធានាធិបតី​ នៅ​ក្នុងទីស្នាក់ការ​របស់​បណ្តាញ​ទូរទស្សន៍ CNN នៅទីក្រុង Atlanta រដ្ឋ Georgia នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
បុគ្គលិករបស់បណ្តាញ​ទូរទស្សន៍ CNN កំពុង​រៀបចំ​វេទិកាសម្រាប់​ការជជែកដេញដោល​គ្នា​របស់​បេក្ខជនប្រធានាធិបតី​ នៅ​ក្នុងទីស្នាក់ការ​របស់​បណ្តាញ​ទូរទស្សន៍ CNN នៅទីក្រុង Atlanta រដ្ឋ Georgia នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ការជជែក​ដេញដោល​គ្នា​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល ៩០ នាទី ដោយ​មាន​ការ​សម្រាក​ផ្សាយ​ពាណិជ្ជកម្ម​ពីរ​លើក ដែល​ក្នុងមួយ​លើកៗមានពេល​ប្រមាណ ៣នាទីកន្លះ ប៉ុន្តែ​អ្នក​ប្រឹក្សា​យុទ្ធនាការ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជជែក​ជាមួយ​បេក្ខជន​នៅក្នុង​អំឡុង​ពេល​សម្រាក​នោះ​ឡើយ។ ជាមួយ​គ្នា​នោះ បេក្ខជន​ទាំងពីរ​ក៏​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​សម្ភារៈ​ ឬ​កំណត់​ត្រា​កត់​ទុក​មុន​អ្វី​ឡើយ ហើយ​ក៏​នឹង​មិន​ត្រូវបានឲ្យ​ប៉ិច​ ក្រដាស និង​ទឹក​សម្រាប់​បរិភោគ​ឡើយ។ ​

មិន​ទាន់​មាន​ការ​គ្រោងថ្លែង​បើក​ការ​ជជែក​ដេញដោលនៅ​ឡើយទេ ហើយ​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយទាំងពីរ បាន​បោះកាក់​រួច​ហើយ​ដើម្បី​កំណត់វេទិកា​ដែល​បេក្ខជននីមួយៗ​ត្រូវឈរ​ពី​ក្រោយ ឬ​ដើម្បី​កំណត់​ថា​តើ​បេក្ខជន​ណា​នឹង​ថ្លែង​បិទ​ការ​ជជែក​ដេញដោល​នេះ។ លោក Biden បាន​ឈ្នះពេល​បោះកាក់ ហើយ​បាន​ជ្រើស​យក​វេទិកា​ខាង​ស្តាំដៃ​នៅ​លើ​ឆាក ដោយ​ទុក​ជម្រើស​ឲ្យ​លោក Trump ជា​អ្នក​ថ្លែង​ចុង​បញ្ចប់​នៃ​ការ​ជជែក​ដេញដោល​គ្នា។

លោក Aaron Kall គ្រូ​បង្វឹក​ខាង​ជជែក​ដេញដោល​គ្នា​ប្រចាំ​សាកលវិទ្យាល័យ Michigan បាន​ប្រាប់ VOA ថា៖ «ការ​ដែល​គ្មាន​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​កាត់បន្ថយ​កត្តាលើក​ទឹកចិត្តឲ្យ​បេក្ខជន​មាន​ភាពគឃ្លើន​ ហើយនឹងបន្ថយការ​ស្រែក​ដាក់​គ្នា​ទៅវិញទៅមក​ឥត​ឈប់។ បេក្ខជនទាំងពីរ​នឹង​និយាយ​ដោយ​គ្មាន​ការ​អបអរ​ពី​អ្នក​គាំទ្រ​ ហើយ​ពួកគេ​នឹង​ស្ថិត​ក្នុង​ភាព​ងងឹតដោយ​មិន​ដឹង​ថា​អ្នក​ទស្សនាមាន​ប្រតិកម្ម​យ៉ាង​ណា​ក្នុង​ពេល​ជជែក​ដេញដោល​នោះទេ»។

លោក Kall បាន​ថ្លែង​បន្ថែម​ថា៖ «លោកប្រធានាធិបតី Biden ដាច់​ខាត​មិន​ត្រូវ​ធ្វើឲ្យ​ខូចខាត និង​លើក​ឡើង​ពី​អ្វី​ដែល​អាច​ឲ្យ​លោក​បាក់​មុខ​ឡើយ ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​បែប​អវិជ្ជមាន​ឥតឈប់​ស្តី​ពី​វ័យនិង​សភាពដ៏​ចាស់​ជរា​របស់​លោក នៅ​ក្នុង​ការ​កាន់តំណែង​មួយ​អាណត្តិទៀត​»។

លោក Kall ថ្លែង​ទៀត​ថា៖ «លោក Biden គួរ​រំឭក​ទស្សនិកជន​អំពី​ចំណុច​អាក្រក់​និង​វក់វី​នៃ​រដ្ឋបាល​លោក Trump ហើយ​ត្រូវ​បង្ហាញ​កាយវិការ​មាំទាំ ដែល​ចាំបាច់​ដើម្បី​ធ្វើឲ្យ​ប្រជាជាតិ​ដើរ​ទៅមុខ​ក្នុង​អំឡុង​ ៤ ឆ្នាំ​ទៀត»។

គ្រូបង្វឹក​ខាង​ជជែក​ដេញដោល​រូបនេះ​បាន​បន្ថែមថា៖ «លោក Trump ត្រូវ​ចៀស​វាង​ការ​បង្អាក់​លោកប្រធានាធិបតី Biden និង​អ្នក​សម្របសម្រួល​ឥតឈប់ឈរ ដែល​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រូបលោក» ដូច​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ដំបូង​របស់​លោក​នៅទីក្រុង Cleveland រដ្ឋ Ohio កាលពី​ ៤ ឆ្នាំ​មុន​នោះ។

លោក Kall ថា លោក Trump៖ «គួរ​តែ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ដូច​ប្រធានាធិបតី ហើយមិន​គួរ​បង្ហាញ​ក្តី​ខឹង​សម្បារណាមួយក្នុង​អំឡុង​ពេល​តស៊ូ​មតិ​គ្នា​ដ៏​តានតឹងឡើយ​។ យើង​ធ្លាប់​ឃើញ​លោក Trump ពេល​លោកថ្លែងសុន្ទរកថា​ផ្លូវការ​នៅ​មុខ​សភា​ទាំង​ពីរ​ថ្នាក់​ ប៉ុន្តែ​យើង​មិន​ច្បាស់​ថា​តើ​លោក​អាច​ធ្វើ​ខ្លួន​បែបនេះក្នុង​រយៈពេល ៩០ នាទី​នៅក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​លោក​ប្រធានាធិបតី​ Biden បាន​ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​ប្រវត្តិមិនល្អ​ដាក់​គ្នា​រវាង​លោក​ទាំងពីរ​នាក់​នេះ»។

លោក Kall បាន​ថ្លែង​ថា៖ «បេក្ខជន​ទាំងពីរ​នាក់​មាន​កត្តា​លើក​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃថ្នូរ ប៉ុន្តែ​គ្មាន​អ្វី​អាច​ធានា​បាន​ដូច្នេះ​ទេ នៅពេល​ដែល​ការជជែក​ដេញដោល​គ្នា​កើត​ឡើង​ជាក់ស្តែង​នោះ។ លក្ខខណ្ឌ​នៃ​ការ​ជជែក​ដេញដោល​គ្នា​ដែល​កំណត់​ដោយ​បណ្តាញ CNN ត្រូវបាន​តាក់តែង​ឡើងក្នុង​ន័យដើម្បី​ផលិតមាតិកា​ដែល​ពោរពេញ​ដោយ​ខ្លឹមសារ​មានប្រយោជន៍​និង​បង្ហាញ​ក្តី​ថ្លៃថ្នូរ​នៅទីក្រុង Atlanta ប៉ុន្តែពលរដ្ឋអាមេរិកាំង​រាប់​លាននាក់​នឹង​ចាំ​មើល​ថាតើ​ក្តីរំពឹង​បែបនេះ​នឹង​កើត​ឡើង​ជាក់ស្តែង​ឬយ៉ាងណា​»៕

ប្រែសម្រួល​ដោយ​អ្នកនាង នីណា យេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG