នៅក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងនាមជាប្រមុខរដ្ឋ នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Joe Biden នឹងជំរុញទស្សនៈពហុភាគីនិយម និងពិភពលោកនិយមដែលផ្តោតលើការទូត។ នេះបើយោងតាមមន្រ្តីរដ្ឋបាលរបស់លោក។
មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋបាលលោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «វាជាសប្តាហ៍ដ៏សំខាន់និងចាំបាច់សម្រាប់លោកប្រធានាធិបតី Biden និងថ្នាក់ដឹកនាំរបស់លោកនៅលើឆាកពិភពលោក និងជំរុញទៅមុខនូវអាទិភាពសំខាន់ៗមួយចំនួនសម្រាប់សន្តិសុខជាតិអាមេរិក និងសន្តិភាព និងវិបុលភាពកាន់តែទូលំទូលាយរបស់ពិភពលោក»។
ជំហរនោះ គឺទាក់ទងផ្ទាល់នឹងមនោគមន៍វិជ្ជា«អាមេរិកជាអាទិភាព» របស់ប្រធានាធិបតីមុនលោកគឺលោក Donald Trump។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាឱកាសសម្រាប់ជំនួបរវាងប្រទេសជាសមាជិកចំនួន១៩៣ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក។
លោក Biden បានធ្វើដំណើរទៅទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃចន្ទសម្រាប់កិច្ចប្រជុំដោយផ្ទាល់ជាមួយប្រមុខរដ្ឋប្រហែល១០០នាក់ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់លោកនៅថ្ងៃអង្គារ លោកមានកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងញូវយ៉កជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison ហើយក្រោយមកនៅថ្ងៃដដែលនោះ លោកនឹងទទួលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅឯសេតវិមាន។
កាលពីសប្តាហ៍មុនប្រទេសទាំងបី បានប្រកាសកិច្ចព្រមព្រៀងសន្តិសុខមួយដែលនឹងផ្តល់បច្ចេកវិទ្យាអាមេរិកសម្រាប់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ និងជំនាញជើងទឹកអង់គ្លេសដល់ប្រទេសអូស្ត្រាលីដើម្បីជួយប្រទេសនេះប្រឆាំងការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកវិភាគយល់ឃើញយ៉ាងទូលំទូលាយថា ចំណាត់ការនេះជាការប៉ុនប៉ងប្រឆាំងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
នៅអង្គការសហប្រជាជាតិ លោក Biden ក៏នឹងថ្លែងអំពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោកក្នុងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលលោកបាននិយាយថា ជាផ្នែកមួយនៃការផ្តោតអារម្មណ៍របស់រដ្ឋបាលលោកទៅលើសត្រូវពិតប្រាកដគឺប្រទេសចិន។ កាលពីថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចឲ្យសហរដ្ឋអាមេរិក និងប្រទេសចិនបញ្ចៀសនូវអ្វីដែលលោកថា អាចមានសង្រ្គាមត្រជាក់ជាសក្តានុពល ហើយលោកបានអង្វរឲ្យប្រទេសទាំងពីរជួសជុលទំនាក់ទំនងដែល «មិនចុះសម្រុងគ្នាទាំងស្រុង»៕
លោក Chris Hannas និងអ្នកស្រី Margaret Besheer នៅអ.ស.ប. រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។