ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ Biden​ ​នឹង​លើក​ពី​​​ផែនការ​គ្រួសារ​អាមេរិក​និង​ការ​ធ្វើការ​ជាមួយ​អន្តរជាតិ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ផែនការ​ហេដ្ឋារចនា​សម្ព័ន្ធរ​បស់​លោក​​នៅ​ក្រុង ​Pittsburgh រដ្ឋ Pennsylvania ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ផែនការ​ហេដ្ឋារចនា​សម្ព័ន្ធរ​បស់​លោក​​នៅ​ក្រុង ​Pittsburgh រដ្ឋ Pennsylvania ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ក្នុង​ថ្ងៃ​គម្រប់​១០០​ថ្ងៃ​នៃ​ការ​កាន់​តំណែង​របស់​លោក ប្រធានាធិបតីសហរដ្ឋ​អាមេរិក​រំពឹង​ថា​នឹងប្រើ​ប្រាស់នូវ​សុន្ទរកថាដំបូង​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​របស់​សភាអាមេរិក​ទាំង​ពីរ​ថ្នាក់​នៅ​យប់​ថ្ងៃ​ពុធ​ ដើម្បីផ្សព្វផ្សាយ​ពី​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ ១,៨លាន​លាន​ដុល្លារ​ ដែលជួយ​ក្នុង​ការលើក​កម្ពស់​កុមារ​ ក្រុម​គ្រួសារ និង​វិស័យ​អប់រំ​ ដែល​នឹងផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងនូវ​តួនាទី​របស់រដ្ឋាភិបាល នៅ​ក្នុងជីវភាព​សង្គម​អាមេរិក​នោះ។​ នេះ​បើ​យោង​តាមទី​ភ្នាក់​ងារ​ព័ត៌មាន AP ។

ក្នុង​កិច្ចការ​អន្តរជាតិ​វិញ លោក Biden រំពឹង​ថា​នឹង​ថ្លែង​អំពី​គោល​បំណងអាមេរិក​នៅ​ក្នុងទាក់ទង​ជាមួយ​ប្រទេស​ផ្សេងៗ និង​ការ​ប្រកាន់​យក​តួនាទី​ជា​មេដឹកនាំ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក Biden នឹង​ថ្លែង​សុន្ទរកថា​ នៅ​ចំពោះ​មុខ​សមាជិក​សភា​អាមេរិក ដែល​ពាក់​ម៉ាស់ ដោយ​សារ​ការ​រឹតបន្តឹង​វិធានការជំងឺកូវីដ១៩។ វិមាន​សភា​អាមេរិក​ទាំង​មូល​នៅ​តែ​មាន​ការ​ដាក់​របង​រនាំង​ការពារ​សន្តិសុខ​ បន្ទាប់​ពី​មាន​កុប្បកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​នៅ​ក្នុង​វិមាន​សភា​អាមេរិក​ ដែល​ជា​កន្លែង​លោក​ត្រូវ​ឈរ​ថ្លែង​សុន្ទកថា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្នុង​សុន្ទករថា​ដែល​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់តាម​ទូរទស្សន៍ នៅ​វេល​ម៉ោង​៩​យប់​ថ្ងៃ​ពុធ ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ត្រូវ​នឹងម៉ោង​៨ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក​ប្រធានាធិបតី Biden ក៏​នឹង​បញ្ជាក់​ផង​ដែរ​ពី​ស្ថានភាពនៃ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​របស់​រដ្ឋាភិបាល​អាមេរិក ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ និង​ជំនួយ​សង្គ្រោះ​ដល់​អ្នក​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ ដែល​រហូត​មក​ដល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​៥៧៣.០០០​នាក់​នៅ​អាមេរិក។

លោកJoe Biden បាន​ជាប់​ឆ្នោត​ ដោយ​បាន​សន្យា​មួយផ្នែកថា​នឹង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Biden ក៏​នឹង​ផ្សព្វផ្សាយ​ពី​ទឹកប្រាក់​ប្រមាណ​២,៣​លានលាន (ទ្រីលាន)​ដុល្លារ ក្នុង​ផែនការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ដែលថវិកា​ទាំងនោះ​នឹង​បាន​ពីការ​តម្លើង​ពន្ធដារ​កាន់​តែ​ខ្ពស់​លើ​ក្រុមហ៊ុន​សហគ្រាស​ឯកជន​នានា​នោះ។

ចំណែកគោល​នយោបាយ​អន្តរជាតិ​វិញ អ្នក​នាំពាក្យ​សេតវិមាន អ្នក​ស្រី Jen Psaki បាន​លើក​ឡើង​មុន​សុន្ទរកថា​នោះ​ថា​ លោក​ប្រធានាធិបតី​ Biden ​នឹង​លើក​ឡើងពីគោល​នយោបាយ​ការបរទេស​របស់​អាមេរិក ដែល​រួម​មាន «ការ​ទទួល​យកតួនាទី​ដឹកនាំក្នុង​ពិភពលោក​ឡើង​វិញ ​និង​លើក​ពី​គុណ​តម្លៃ​របស់​អាមេរិក ក្នុង​នាម​ជា​ប្រជាជាតិ​មួយ»។ អ្នក​ស្រី​បន្តទៀត​ថា​ លោក​ប្រធានាធិបតី នឹង​គូសបញ្ជាក់​ពីចំណុច​អាទិភាព​មួយ​ចំនួន​នៃ​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក​ ដែល​ក្នុង​នោះក៏​រួម​មាន​ផង​ដែរ​ ពី​ការ​ចូលរួម​ពាក់​ព័ន្ធ​ជា​មួយ​ប្រទេស​ចិននោះ​។ ​

គួរ​បញ្ជាក់ថានេះ​ជា​លើក​ទីមួយ​ហើយក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ​ដែល​នៅ​យប់​ថ្ងៃ​ពុធ នឹងមាន​អនុប្រធានាធិបតី​អាមេរិក​ជា​ស្រ្តី ​គឺ​អ្នកស្រី​ Kamala Harris​ ​ត្រូវអង្គុយ​នៅ​ពី​ក្រោយប្រធានាធិបតី​អាមេរិក​ក្នុង​សុន្ទរកថា​ទៅ​កាន់សភានោះ៕

XS
SM
MD
LG