ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ខាង​​ត្បូង​​និង​ខាង​លិច​សហរដ្ឋ​អាមេរិក​នឹង​​កើន​អាសនៈ​រដ្ឋសភា​ក្រោយ​លទ្ធផល​ជំរឿន


រូបឯកសារ៖ ទិដ្ឋភាព​នា​ពេលយប់​​នៅ​ខាង​ក្រៅអគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ការិយាល័យ​ជំរឿន​ពលរដ្ឋ​អាមេរិក​ បាន​ចេញ​ផ្សាយ​ទិន្នន័យ​ស្ថិតិ​ថ្មី​ស្តី​ពី​ជំរឿនចំនួនប្រជាជន​អាមេរិក​១០​ឆ្នាំ​ម្តង ដោយ​បង្ហាញ​ថា បណ្តា​រដ្ឋ​នៅ​ភូមិភាគ​ខាង​ត្បូង​និង​ខាង​លិច​របស់​ប្រទេសមួយ​ចំនួន​ មាន​ការ​កើន​ឡើង​ចំនួន​អាសនៈ​ក្នុងរដ្ឋសភា ដោយ​សារចំនួនកត្តា​ពលរដ្ឋកើន​ឡើងនៅ​ទី​នោះ ​និង​ការធ្វើ​ចំណាក​ស្រុក។ ដោយ​ឡែក​រដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ភាគ​ខាង​ជើង​ប្រទេស​បាន​បាត់​បង់​ចំនួន​អាសនៈ​រដ្ឋសភា ដែលនេះ​នឹង​ធ្វើ​ឲ្យ​ឥទ្ធិពលនយោបាយ​ជាតិ​ចាប់​ផ្លាស់​ប្តូរ​ទៅនៅ​មូលដ្ឋាន​នានា​ដែលគាំទ្រគណបក្ស​សាធារណរដ្ឋ។​

ការ​រាប់​ស្ថិតិ​ពលរដ្ឋ​ក្នុង​រដ្ឋ​នីមួយៗ​ ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ចន្ទ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ធ្វើ​ជំរឿនចំនួន​ពលរដ្ឋ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ម្តង ដើម្បីកំណត់​ថា តើ​រដ្ឋ​និមួយៗមាន​ការ​កើន​ឡើង​ចំនួន​អាសនៈ​រដ្ឋសភា​ និង​ចំនួនអង្គ​បោះឆ្នោត (Electoral College)​ឬ​យ៉ាង​ណា។ ការ​ផ្លាស់​ប្តូរខាង​ស្ថិតិ​ប្រជាជន​នេះ​ក៏​នឹង​ប្រែក្លាយទិដ្ឋភាព​នយោបាយសហរដ្ឋ​អាមេរិក​ ក្នុង​រយៈ​ពេលមួយ​ទសវត្សរ៍​ខាង​មុខ​ទៀត។​

លទ្ធផលជំរឿន​ឆ្នាំ​២០២០​នេះ បង្ហាញ​ថា​ រដ្ឋ Texas នៅ​ភាគនិរតីអាមេរិក​ ​កើន​អាសនៈ​រដ្ឋសភា​ច្រើន​ជាង​គេ​ចំនួន​ ២ ​ថែម​ទៀត។​ ចំណែករដ្ឋខាង​ត្បូង​ដែល​កើន​ចំនួន​អាសនៈរដ្ឋ​សភាចំនួន​មួយ​នោះ​ ​គឺ​រដ្ឋ Florida និង​រដ្ឋ North Carolina ហើយ​រដ្ឋនៅ​ភាគ​ខាង​លិចអាមេរិក​ ដែល​កើន​អាសនៈ​រដ្ឋសភា​មួយ​អាសនៈដែរ​នោះ​ មាន​រដ្ឋ Colorado រដ្ឋ Montana និង​រដ្ឋ Oregon។

ចំណែក​រដ្ឋ​ដែល​បាត់​បង់​អាសនៈ​រដ្ឋសភា​ រួម​មានរដ្ឋ​ New York រដ្ឋ​ California រដ្ឋ​ Illinois រដ្ឋ​ Michigan រដ្ឋ​ Ohio រដ្ឋ​ Pennsylvania និង​រដ្ឋ West Virginia។

រដ្ឋ​ California នៅ​តែ​ជា​រដ្ឋដែល​មាន​ចំនួន​ពលរដ្ឋរស់​នៅច្រើន​ជាង​គេ​ ក្នុង​បណ្តា​រដ្ឋ​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​ដោយសារ​ចំនួនពលរដ្ឋ​ក្នុង​រដ្ឋ​នេះមាន​ការ​ថយ​ចុះ​នោះ ធ្វើ​ឲ្យ​រដ្ឋ​នេះ​បាត់​បង់​អាសនៈ​សភាមួយ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។​ ​

ជា​រួម​ ជំរឿន​ឆ្នាំ​២០២០​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​មាន​ប្រជាជន​សរុបចំនួន​ ៣៣១.៤៤៩.២៨១ នាក់ គឺ​មាន​ការ​កើន​ឡើង​ចំនួន​៧,៤% ពី​ស្ថិតិ​ជំរឿនពលរដ្ឋ​អាមេរិក​ កាល​ពីឆ្នាំ​២០១០កន្លង​ទៅ៕​ ​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG