ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​ទាំង​ពីរ​ថ្នាក់​នៅ​យប់​ថ្ងៃ​ពុធ​នេះ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ទាក់ទិន​នឹង​ខ្សែសង្វាក់ផ្គត់ផ្គង់​ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ ​
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ទាក់ទិន​នឹង​ខ្សែសង្វាក់ផ្គត់ផ្គង់​ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​អំពី​គោល​បំណង​របស់​លោក​នៅ​ក្នុង​ការ​ប្រឡូក​ជាមួយ​ប្រទេស​ផ្សេងៗ និង​ការ​ប្រកាន់​យក​តួនាទី​ជា​មេដឹកនាំ​នៅ​លើ​ឆាក​អន្តរជាតិ នៅពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​ទាំង​ពីរ​ថ្នាក់​នៅ​យប់​ថ្ងៃ​ពុធ​នេះ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា ការ​ថ្លែង​របស់​លោក Biden អំពី​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​សុន្ទរកថា​នោះ​នឹង​លើកឡើង​ផងដែរ​អំពី «ការ​ប្រកាន់​យក​ឡើង​វិញ​នូវ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពិភពលោក»។

អ្នកស្រី Psaki បាន​បន្ថែម​ថា លោក Biden ទំនងជា​នឹង​ថ្លែង​អំពី​អាទិភាព​គោល​នយោបាយ​ការបរទេស​មួយ​ចំនួន ដែល​ក្នុង​នោះ «រួម​មាន​ទាំង​ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ចិន​ផងដែរ»។

ការ​ជំរុញ​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​ធ្វើការ​បន្ថែម​ទៀត​ជាមួយ​នឹង​សម្ព័ន្ធមិត្ត គឺជា​ការ​ងាក​ចេញ​ពី​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​រយៈពេល ៤ ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​បាន​ផ្តោត​លើ​ការ​ផ្តល់​អាទិភាព​លើ​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​អញ្ជើញ​លោក​ប្រធានាធិបតី Biden មក​កាន់​សភា​ដើម្បី​ថ្លែង​អំពី «ទស្សនៈវិស័យ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ឱកាស​នៃ​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​នេះ» នៅ​ក្នុង​សុន្ទរកថា​ដែល​ថ្លែង​នៅពេល​ដែល​លោក Biden កាន់​តំណែង​បាន​រយៈពេល ១០០ ថ្ងៃ។

អ្នកស្រី Psaki បាន​បញ្ជាក់​ថា កិច្ច​ផ្តួចផ្តើម​គោល​នយោបាយ​ដ៏​សំខាន់​ដែល​លោក Biden នឹង​លើកឡើង​គឺ​កម្មវិធី​ក្នុង​ប្រទេស​សម្រាប់ «ការ​វិនិយោគ​លើ​វិស័យ​អប់រំ​និង​ការ​ថែទាំ​កុមារ»។

អ្នកស្រី Psaki បាន​បន្ថែម​ថា លោក Biden ក៏​នឹង​លើកឡើង​ផងដែរ​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​របស់​លោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​បញ្ហា​អត់​ការងារ​ធ្វើ ក៏​ដូចជា​បញ្ហា​អន្តោប្រវេសន៍ កំណែ​ទម្រង់​ប៉ូលិស និង​សុវត្ថិភាព​កាំភ្លើង​ផងដែរ៕

XS
SM
MD
LG