ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​រៀប​ចំ​ជំនួបកំពូល​​ជាមួយ​មេដឹកនាំ​ជប៉ុន​និង​កូរ៉េខាងត្បូង​​​​នៅ​​កន្លែង​សម្រាក​វិស្សមកាលCamp David

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងពេល​កំពុង​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​ចិន​និង​កូរ៉េខាង​ជើង​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​Joe Biden នឹង​រៀប​ចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ជាមួយមេដឹកនាំនៃ​ប្រទេស​ជប៉ុន​និង​កូរ៉េខាង​ត្បូង​ នៅកន្លែង​សម្រាក​វិស្សមកាល Camp David ​ក្នុង​រដ្ឋ Maryland ​សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំកំពូល​ត្រី​ភាគីនេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​លទ្ធផលស្តី​ពី​គំនិត​ផ្តួចផ្តើម​រួម​នៃ​ការ​ការពារ​ជាតិ​ បច្ចេកវិទ្យា​ និង​សន្តិសុខ​សេដ្ឋកិច្ច​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការរវាង​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ និងសម្ព័ន្ធ​មិត្ត​អាស៊ី​ទាំង​ពីរ​របស់​ខ្លួន។

កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីលបាលីស្ទីករបស់​កូរ៉េខាង​ជើង​ ការ​បង្ហាញ​សាច់ដុំ​កាន់តែ​ខ្លាំងឡើងរបស់​ចិន​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ រុស្ស៊ី​និង​ចិន​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​នៃជំនួប​ប្រជុំ​កំពូល​ត្រី​ភាគី​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន​ និង​ប្រទេស​កូរ៉េខាង​ត្បូង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​ដូច​នេះ​ថា៖ «អស់លោក​លោកស្រីនឹង​បាន​ឃើញវិធានការ​ជាក់ស្តែង​មួយ​ចំនួន​ដែល​យើង​កំពុងធ្វើ​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​យើង​ នៅ​ក្នុង​ការ​ផ្តល់សន្តិសុខ​របស់​យើង​ក្នុង​នាម​ជា​ប្រទេស​ទាំង ៣​ និង​ទូលំ​ទូលាយ​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ការ​ផ្ដល់​សន្តិសុខ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

វិធានការ​ទាំង​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​រួម​មាន​ផងដែរ​នូវ​ការ​លើក​កម្ពស់ប្រព័ន្ធ​ព្រមាន​ជា​មុន​ ប្រឆាំង​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​របស់​កូរ៉េ​ខាងជើង​ ការ​ពង្រីក​ការ​ទប់ទល់​នុយក្លេអ៊ែរ ក៏​ដូច​ជាការ​បង្កើន​ការ​ធ្វើ​សមយុទ្ធយោធា​ និង​កិច្ចសហ​ប្រតិបត្តិការសន្តិសុខ​អ៊ីនធឺណិត​ជា​ដើម។

កិច្ច​សហប្រតិបត្តិការលើ​ការ​រាំងខ្ទប់​ការនាំចេញបន្ទះ​ឈីប​ទៅ​កាន់​ប្រទេស​ចិន និង​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច​ផ្សេងៗ​ដទៃ​ទៀត​ ក៏​នឹងក្លាយ​ជាប្រធានបទដែល​ត្រូវ​ផ្តោតនៅ​ក្នុង​កិច្ចប្រជុំ​កំពូលនេះ​ផង​ដែរ៕

This item is part of
XS
SM
MD
LG