ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​និង​សហភាព​អឺរ៉ុប​ថា ការ​ទប់​ទល់​ជាមួយចិន​ត្រូវ​ប្រើ​វិធីសាស្ត្រ «បន្ថយហានិភ័យ» និង «ធ្វើ​ពិពិធកម្ម»


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ចិន​ធ្លាប់​ត្រូវ​បាន​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មើល​ឃើញ​ថា​ជា​ឱកាស​សេដ្ឋកិច្ច​មួយ។ ប៉ុន្តែ​ប្រទេស​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi Jinping ដែល​មាន​គោល​បំណង​ប្រកួតប្រជែង​ដើម្បី​កែប្រែ​ប្រព័ន្ធ​អន្តរជាតិ ដោយ​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច សមត្ថភាព​យោធា និង​វិស័យ​ការទូតស៊ី​ជម្រៅ បាន​បណ្តាល​ឱ្យ​សហរដ្ឋអាមេរិក​និង​ក្រុម​សម្ព័ន្ធមិត្ត មើល​ឃើញ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោកនេះ ថា​ជា​ការ​គំរាមកំហែង​សន្តិសុខ។

សម្រាប់​ក្រុម​មន្ត្រី​ដែល​កំពុង​ដឹកនាំ​យុទ្ធសាស្ត្រ​ចូលរួម​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ការទប់ទល់​ជាមួយ​នឹង​ការប្រកួតប្រជែង​ដ៏​គំរាមកំហែង​របស់​ប្រទេស​ចិនទាមទារ​ឱ្យមាន​ប្រើប្រាស់​វិធីសាស្ត្ រ​«បន្ថយហានិភ័យ» និង «ធ្វើពិពិធកម្ម»។

លោក Kurt Campbell ជំនួយ​ការ​រង​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ជា​អ្នកសម្រប​សម្រួល​កិច្ចការ​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែលសហរដ្ឋ​អាមេរិកបន្ត​បើក​ចំហ​ទ្វារ​សម្រាប់​កិច្ចសន្ទនា​ជាមួយ​ប្រទេស​ចិន ហើយ​បន្តត្រៀម​ខ្លួន «ធ្វើ​ការ​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​ដៃ​គូ​សន្ទនា​ចិន»។

លោក Campbell ដែល​ជាអ្នកឯកទេស​កំពូល​ម្នាក់​ខាង​គោលនយោបាយ​អាស៊ី​របស់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ១៥ ឆ្នាំកន្លងមកនេះ បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ដើម​ខែ​មិថុនា​ថា៖ «យើងជឿថា រូបភាព​លេច​ធ្លោ​បំផុត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន គឺ​ពិត​ជា​ការ​ប្រកួត​ប្រជែង​មួយ ហើយ​វា​នឹងនៅ​បន្ត​បែបនេះ​ទៅ​មុខ​ទៀត។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ចង់​ឱ្យ​ការ​ប្រកួត​ប្រជែង​នោះ​នៅ​តែ​ស្ថិត​ក្នុង​ដែន​កំណត់​ទទួលខុសត្រូវ ហើយ​យើង​ចង់​បញ្ចៀស​ការ​ធ្លាក់​ចូល​ទៅ​ជា​ការ​ប្រឈម​ដាក់គ្នា»។

លោក Campbell បាន​ថ្លែង​បន្ត​ថា៖ «ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​តំបន់​ប៉ាស៊ីហ្វិក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ដែល​យើង​បាន​ឃើញចិន​កំពុង​ធ្វើ​នា​ពេល​ថ្មីៗ​នេះ មិន​ថា​ជា​សមយុទ្ធ​យោធា​នៅ​ជុំវិញ​ព្រំដែន​ប្រទេសអ៊ីរ៉ង់ សកម្មភាព​នៅ​សមុទ្រ​ខាងកើត​និងសមុទ្រ​ចិន​ខាងត្បូង និង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ហើយ​ខ្ញុំ​គិត​ថា​ ការ​ឆ្លើយ​តប​ដ៏​សមរម្យ គឺ​ជា​ការ​ពិគ្រោះ​យោបល់​គ្នា​ ដើម្បី​ព្យាយាម​តម្រឹម​សកម្មភាព​របស់​យើងនិងចិន​ឲ្យ​ស៊ីសង្វាក់​គ្នា»។

លោក Campbell ក្រុម​មន្ត្រី​សភាព​អ៊ឺរុប និង​អ្នក​ជំនាញ​ផ្សេង​ទៀត​ផ្នែក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ បាន​ជួបជុំ​គ្នា​កាល​ពី​ដើមខែ​មិថុនា ដើម្បី​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និងដៃគូ​របស់​ខ្លួន ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់​ទិន​នឹង​ប្រទេស​ចិន។

រូបថតបង្ហោះដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បង្ហាញឱ្យឃើញយន្តហោះចម្បាំង J-16 របស់ចិនកំពុងហោះក្បែរយាន្តអវកាស RC-135 របស់អាមេរិក នៅលើតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។ (U.S. Navy/AP)
រូបថតបង្ហោះដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បង្ហាញឱ្យឃើញយន្តហោះចម្បាំង J-16 របស់ចិនកំពុងហោះក្បែរយាន្តអវកាស RC-135 របស់អាមេរិក នៅលើតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។ (U.S. Navy/AP)

លោក Gunnar Wiegand នាយក​គ្រប់គ្រង​ផ្នែក​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​សេវាកម្ម​ការទូត​របស់​សភាព​អឺរ៉ុប (European External Action Service) ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​កិច្ចពិភាក្សា​ជា​មួយ​លោក Campbell ដែរ​នោះ បាននិយាយថា តួនាទី​ការទូត​របស់​ចិន​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​អឺរ៉ុប​ដឹង​ថា ខ្លួន​មិន​អាច​ដាក់​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ឱ្យ​ដាច់​ពី​ «អ្វីដែល​កើតឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក» នោះ​ទេ។

លោក Wiegand មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​គូស​បញ្ជាក់​ថា អឺរ៉ុប​គឺ​នៅ ​[តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​] ក្នុង​នាម​ជា​ដៃគូ គឺ​ក្នុង​នាម​ជា​ដៃ​គូ​សម្រាប់​ដៃ​គូ​ដែល​មាន​គំនិត​ដូចគ្នា និង​ជា​ដៃគូ​ដែល​មាន​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​ផងដែរ ហើយ​ក៏ជាដៃគូសម្រាប់​ដៃគូ​ផ្សេងទៀត​ដែល​ត្រូវការ «បន្ថយហានិភ័យ» និង «ធ្វើពិពិធកម្ម» ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ផង​ដែរ។

លោក Wiegand បាន​ថ្លែង​បន្ថែម​ថា ខណៈ​ពេល​ដែល «វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដែល​សហរដ្ឋ​អាមេរិកនិង​ចិន​បង្កើត​ចរន្ត​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក» ដើម្បី​ជៀសវាង «ការយល់ច្រលំ» ក៏​ដូច​ជា «ឧប្បត្តិហេតុ និង​ហេតុការណ៍​និង​គ្រោះថ្នាក់​ដ៏​អាក្រក់» ការ​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​គឺ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ «ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​សំខាន់ៗ [លើ​ចិន] ឬ​ការ​លុប​បំបាត់​ភាព​ងាយរងគ្រោះ​ធ្ងន់ធ្ងរ​នានា»។

លោក Wiegand បាន​មាន​ប្រសាសន៍​ទៀត​ថា គោលនយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិករបស់​សហភាព​អឺរ៉ុប បង្ហាញ​ការ​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​ពី​សំណាក់​បណ្តា​ប្រទេស​អឺរ៉ុប ដោយ​ប្ដូរ​ពី​ការ​ផ្តោត​ទាំងស្រុង​លើ​ប្រទេសចិន ទៅ​ជា​ការ​កសាង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​លេចធ្លោ​ដូច​ជា ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​ឥណ្ឌា​ ដែល​ជា​មហាអំណាចរីកចម្រើនក្នុងតំបន់ ក៏​ដូច​ជា​បណ្តាប្រទេស​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​សេដ្ឋកិច្ច​សំខាន់ៗ​ ដូចជាប្រទេស​វៀតណាម ថៃ និងហ្វីលីពីន​ជាដើម ដើម្បី​ធ្វើពិពិធកម្ម​ពាណិជ្ជកម្ម សង្វាក់ផ្គត់ផ្គង់ ក៏​ដូចជា​បច្ចេកវិទ្យា​ទ្រទ្រង់​ការ​ការពារ​បរិស្ថាន​ និងបច្ចេកវិទ្យា​ឌីជីថល​នៅ​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ផង​ដែរ។

ចាប់​តាំង​ពី​សង្រ្គាម​ពាណិជ្ជកម្ម​កំពុង​បន្ត​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៨ មក សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​បង្កើត​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​ថ្មីៗ​ ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន និង​ដៃគូ​ផ្សេងទៀត​ដូចជា​ប្រទេសជប៉ុន ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ផ្នែក​សង្វាក់​ផលិតកម្មទៅ​លើ​ប្រទេស​ចិន ​និង​ដើម្បី​សម្រេច​គោលនយោបាយ​ដែល​ខ្លួន​ហៅ​ថា «ជា​ការបន្ថយហានិភ័យ និង​ការ​ធ្វើ​ពិពិធកម្ម» ក្នុងទំនាក់ទំនង​សេដ្ឋកិច្ច​ជា​មួយចិន។

រូបឯកសារ៖ បុគ្គលោករោងចក្រ Renesas Electronics កំពុងពិនិត្យមើលដំណើរការផលិតបន្ទះ semiconductor នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលោករោងចក្រ Renesas Electronics កំពុងពិនិត្យមើលដំណើរការផលិតបន្ទះ semiconductor នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០។

អ្នកស្រី Emily Benson នាយិកា​នៃ​គម្រោង​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ បាន​និយាយថា សម្ព័ន្ធភាព​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ថ្មី​ទាំង​នោះ​របស់​សហរដ្ឋ​អាមេរិក​មាន​គោលបំណង «លើក​ទឹក​ចិត្ត​បណ្ដា​ក្រុមហ៊ុន​និង​ប្រទេស​ឱ្យ​ផ្លាស់​ទី​សង្វាក់​ផលិតកម្ម» ជា​ពិសេស​ការ​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​ទំនើប​ (semiconductors) «ចេញ​ពី​ប្រទេស​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខជាតិ»។

អ្នកស្រី Benson បាន​ថ្លែង​ទៀត​ថា៖ «គោលនយោបាយ​នេះ​សួរ​សំណួរ​ជា​ច្រើន ជាពិសេស​ ថា​តើ​នរណា​ជា​មិត្ត? តាម​គំនិត​របស់​ខ្ញុំ គឺ​ទាក់​ទិន​នឹង​ការ​គ្រប់គ្រង​ការ​នាំ​ចេញ​នានា។ យើង​ពិត​ជា​មិន​ចង់​បន្ត​ការ​វិនិយោគ​បច្ចេកវិទ្យាជំនាន់​ក្រោយ​ដែល​កំពុង​រីកចម្រើន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​អ្នក​គិត​ថា​អាច​ធ្វើ​ឱ្យ​មាន​ការ​ហូរ​ចេញ​បច្ចេកវិទ្យា​ទាំង​នោះ​ទៅ​កាន់​ប្រទេសគូ​ប្រជែងនោះ​ទេ»។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេសចិន​ជា​គួប្រជែង​យុទ្ធសាស្ត្រ និង​ភូមិសាស្ត្រ​នយោបាយ​ចម្បង​ នៅ​ក្នុង​យុទ្ធសាស្ត្រ​សន្តិសុខជាតិ​ឆ្នាំ ២០២២ របស់ខ្លួន។ ការ​បង្ហោះ​បាឡុង​យក្ស​មកលើ​សហរដ្ឋអាមេរិក​ថ្មីនេះ​របស់​ចិន ​បាន​ធ្វើឱ្យរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់​តែ​មាន​ជម្លោះ​តានតឹង​ រហូត​ធ្វើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ហៅ​ទង្វើ​នេះ​ថា «ឆ្កួតលីលា» និង​បាន​ព្យាករណ៍​ថា នឹង​មាន​ការ «បែកបាក់» ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​បណ្តាប្រទេស​សេដ្ឋកិច្ចធំទាំង៧ (G7) កាល​ពីខែ​ឧសភា ក្នុងទីក្រុង Hiroshima ប្រទេស​ជប៉ុន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍ថា លោក​ប្រធានាធិបតី Biden ក៏​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ​ជាមួយ​មេដឹកនាំ G7 បាន​បញ្ចប់​ទៅ​ថា បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត G7 រួមមាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មាន​ការ​រួបរួម​គ្នា​នៅ​ក្នុង​យុទ្ធសាស្ត្រ «បន្ថយ​ហានិភ័យ និង​ធ្វើ​ពិពិធកម្ម» ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ចិន។

VOA បាន​ទាក់ទង​ទៅ​ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​នោះ​ទេ។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ Xinhua ​របស់​ប្រទេស​ចិន ​បាន​ឱ្យ​ដឹង​ថា «យុទ្ធសាស្ត្រកាត់​បន្ថយ​ហានិភ័យ​នេះ​គឺ​គ្រាន់​តែ​ជា​ពាក្យ​ការទូត​លាក់​បាំង​ការ​ផ្តាច់​ទំនាក់​ទំនង​ប៉ុណ្ណោះ» ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ប្រមូល​ផ្តុំ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល និង​អំណាច​ដែល​កំពុង​កើន​ឡើង​របស់​ប្រទេស​ចិន។

លោក Campbell បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ខ្លួន​បាន​ប្តេជ្ញា​ចិត្ត​ «រក្សាសន្តិភាព និង​ស្ថិរភាព» ហើយរុញច្រាន​ទង្វើ​បង្កហេតុ​របស់​ប្រទេស​ចិន​ក្នុង​ការ​តទល់​នឹង​ប្រព័ន្ធ​អន្តរជាតិ។ ប៉ុន្តែ​លោក​បាន​បន្ថែមថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ធ្វើការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ជាមួយ​នឹង​ប្រទេស​ចិន «​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​» ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​កូរ៉េ​ខាងជើង​ជាដើម​។

លោក Campbell បាន​មាន​ប្រសាសន៍​ថា៖ «យុទ្ធសាស្រ្ត​ និងការចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​ទាំងនេះ មិន​មែន​មាន​ន័យ​ថា​ជា​សូចនាករ​នៃ​ការ​ទប់ស្កាត់​ចិន​នោះ​ទេ ប៉ុន្តែ​វា​ជា​ជំហាន​ដើម្បី​ព្យាយាម​រក្សា​និង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​អន្តរជាតិ​របស់​យើង ដែល​មាន​ភាពវិជ្ជមាន និង​ផ្តល់​ភាពរឹងមាំ និង​សុវត្ថិភាព​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ»៕

XS
SM
MD
LG