ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងស្តាប់មតិរបស់ប្រទេសកាន់សាសនាឥស្លាមនៅជុំវិញរបស់ពិភពលោកស្តីពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅសេតវិមាននៅរសៀលថ្ងៃចន្ទនេះ ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក Joko Widodo កំពុងស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្កើនកម្រិតចំណងការទូតជាមួយសហរដ្ឋអាមេរិ ដល់កម្រិត«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតចំណងទាក់ទងការទូតខ្ពស់បំផុតរបស់ឥណ្ឌូណេស៊ី។
មេដឹកនាំនៃប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាលើជម្លោះក្នុងតំបន់ហ្កាហ្សា ដោយលោក Biden ផ្តល់ការគាំទ្រឥតងាករេចំពោះប្រទេសអ៊ីស្រាអែល ខណៈលោក Widodo បានទាមទារសុំឱមានបទឈប់បាញ់គ្នាជាបន្ទាន់មួយក្នុងតំបន់ហ្កាហ្សា និងគាំទ្របេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រមូលភស្តុតាងនានាស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តឡើងដោយភាគីទាំងពីរ ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាមក។
ជំនួបប្រជុំរបស់លោក Widodo ជាមួយលោក Biden កើតឡើងក្រោយកិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រតិបត្តិការឥស្លាម OIC ក្នុងរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីចុងសប្តាហ៍កន្លងទៅនេះ។ កិច្ចប្រជុំកំពូលនោះមានមានប្រទេសមូស្លីមសំខាន់ៗចំនួន៧៥ប្រទេសចូលរួម ដែលរួមមានសម្ព័ន្ធអារ៉ាប់ផងដែរ។ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលនោះ បានទាត់ចោលហេតុផលរបស់អ៊ីស្រាអែលដែលធ្វើសកម្មភាពយោធាក្នុងតំបន់ហ្កាហ្សាថាជាការការពារខ្លួននោះ និងបានទាមទារឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់។ សេចក្តីប្រកាសរួមនេះក៏បានអំពាវនាវឱ្យផ្អាកការលក់អាវុធទៅឱ្យអ៊ីស្រាអែល និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញកាលពីយប់ថ្ងៃអាទិត្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Widodo និយាយថា លោកនឹងផ្តល់សេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលនោះទៅឱ្យលោក Biden។ លោកបន្ថែមថា អ៊ីស្រាអែលត្រូវទទួលទទួលខុសត្រូវលើអំពើឃោរឃៅដែលខ្លួនបានប្រព្រឹត្ត។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់វីអូអេក្នុងកិច្ចប្រជុំជាមួយអ្នកកាសែតនៅថ្ងៃអាទិត្យម្សិលមិញថា លោក Biden នឹងស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលប្រធានាធិបតីឥណ្ឌូណេស៊ីលោក Widodo បានឮពីកិច្ចប្រជុំកំពូលនៃប្រទេសកាន់សាសនាឥស្លាម ក៏ដូចជាអ្វីដែលជាទស្សនៈរបស់លោក ជុំវិញការពិភាក្សាដែលលោកទទួលបានពីប្រទេសអារ៉ាប៊ីសាអូឌីត ពីប្រទេសអារ៉ាប់នានា និងមេដឹកនាំនៃប្រទេសតំបន់មជ្ឈិមបូព៌ានោះ។
ឥណ្ឌូណេស៊ីមិនមែនជាតួអង្គសំខាន់ជុំវិញសង្គ្រាមក្នុងតំបន់ហ្កាហ្សា ដូចជាប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងប្រទេសកាតា ដែលមានតួនាទីសំខាន់នៅក្នុងគោលដៅជាបន្ទាន់របស់រដ្ឋាភិបាលអាមេរិកនៅពេលនេះឡើយ ដូចជាការជួយធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំង និងបង្កើតច្រករបៀងមនុស្សធម៌ក្នុងតំបន់ហ្កាហ្សាជាដើម៕
អ្នកយកព័ត៌មាន Eva Mazrieva, Naras Prameswari និង Rio Tuasikal ចូលរួមផ្តល់ព័ត៌មានដល់សេចក្តីរាយការណ៍នេះ។