លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននាំមុខនៅក្នុងការប្រកួតប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ នេះតាមការស្ទង់មតិថ្មីដែលបានចេញផ្សាយចាប់តាំងពីការប្រកាសឈរឈ្មោះជាផ្លូវការរបស់លោកកាលពីសប្តាហ៍មុន។ លោក Biden កំពុងតទល់ដោយផ្ទាល់ជាមួយប្រធានាធិបតីដូណាល់ ត្រាំនៅក្នុងយុទ្ធនាការឃោសនាប្រធានាធិបតីមុនដំបូងរបស់លោក។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅមួយកាលពីថ្ងៃចន្ទនៅឯយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងរបស់លោកក្នុងទីក្រុង Pittsburg រដ្ឋ Pennsylvania។
ហើយលោក Biden ប្រាកដណាស់ថា លោក នឹងដៅលើអ្វីដែលលោកនិយាយថា គឺលោកដូណាល់ ត្រាំ ប្រធានាធិបតីដែលនាំឲ្យមានការបែកបាក់។ លោក Biden បាននិយាយថា៖ «យើងត្រូវតែធ្វើឲ្យពួកគេដឹងថា តើយើងជានរណា។ យើងជាអ្នកប្រជាធិបតេយ្យនិងជាអ្នកឯករាជ្យដែលមានទស្សនៈដូចគ្នាត្រូវតែជ្រើសរើសក្តីសង្ឃឹមជាជាងការភ័យខ្លាច សាមគ្គីភាពជាជាងការភ័យខ្លាច ហើយប្រហែលសំខាន់បំផុតគឺការពិតជាជាងការភូតកុហក»។
ពួកអ្នកគាំទ្រលោក Biden បានចេញទៅមុនគេដើម្បីចូលរួមយុទ្ធនាការឃោសនានោះ រួមទាំងអ្នកស្រី Marsha Williams។ អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា លោក Joe Biden ជាមនុស្សម្នាក់ដែលមានបទពិសោធន៍ ហើយខ្ញុំគិតថា លោកជាមនុស្សល្អនិងមានការស្មោះត្រង់។ ហើយការណ៍នេះមានន័យយ៉ាងខ្លាំងបំផុតសម្រាប់ខ្ញុំ»។
ប្រធានាធិបតីត្រាំ ក៏មានការមមាញឹកអំពីយុទ្ធនាការឃោសនាបោះឆ្នោតដែរ។ នៅឯការប្រជុំមហាជនមួយក្នុងរដ្ឋ Wisconsin លោកត្រាំ បានចាប់ផ្តើមវាយប្រហារខ្លាំងៗប្រឆាំងនឹងពួកគណបក្សប្រជាធិបតេយ្យ។ ប្រធានាធិបតីត្រាំបានថ្លែងថា៖ «ពួកប្រជា ធិបតេយ្យនៅពេលឥឡូវនេះជាគណបក្សដែលយកពន្ធដារខ្ពស់ មានឧក្រិដ្ឋកម្មច្រើនក្នុងប្រទេស បើកចំហរព្រំដែន គាំទ្រការពន្លូតកូននិងបោកបញ្ឆោត។ ពួកសាធារណរដ្ឋជាគណបក្សសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់។ នេះជាការពិត។ ហើយនេះជាសុភវិនិច្ឆ័យ»។
ប្រធានាធិបតីត្រាំ បានរិះគន់លោក Biden នៅលើប្រព័ន្ធ Twitter ហើយដូចជាសង្កត់ពីអាយុរបស់លោក Biden ទោះបីលោកទាំង២មានអាយុ៧០ឆ្នាំប្លាយដូចគ្នាក៏ដោយ។ប្រធានាធិបតីត្រាំបានថ្លែងថា៖ «ខ្ញុំនៅក្មេង មានភាពរហ័សរហួន មើលលោក Joe ចុះ។ ខ្ញុំមិនដឹងអំពីលោក Joe ទេ។ ខ្ញុំមិនដឹងពីលោកទេ។ ខ្ញុំមិនដឹងទេ»។
លោក Biden នៅពេលបច្ចុប្បន្ននេះកំពុងនាំមុខគូប្រជែង១៩នាក់ផ្សេងទៀតខាងគណ បក្សប្រជាធិបតេយ្យ ដោយសមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders នៅបន្ទាប់លោក។
លោក Sanders ស្ថិតនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យដែលជជែកឲ្យហេតុផលថា ប្រទេសអាមេរិក ចាំបាច់ធ្វើការផ្លាស់ប្តូរទាំងស្រុង។ សមាជិកព្រឹទ្ធសភា Bernie Sanders និយាយថា៖ «កិច្ចការរបស់យើង មិនត្រឹមតែកាន់កាប់សេតវិមានទេ។ យើងត្រូវតែផ្លាស់ប្តូរសេដ្ឋកិច្ចនិងរដ្ឋាភិបាលរបស់ប្រទេសនេះ»។
លោក Matt Dallek បាននិយាយថា រហូតមកទល់ពេលនេះ គូប្រកួតប្រជែងខាងគណ បក្សប្រជាធិបតេយ្យរបស់លោក Biden មិនបានបង្ហាញការភិតភ័យដល់ការនាំមុខរបស់លោកទេ។ លោកMatt Dallek នៃសាកលវិទ្យាល័យ George Washington និយាយថា៖ «ការប្រកួតប្រជែងនេះ នៅមានភាពវែងឆ្ងាយតទៅទៀត។ ហើយដូចជាលោក អ្នកដឹងហើយថា ចំពោះលោក Biden វានៅឆាប់ពេកចំពោះការស្ទង់មតិថា លោក បានទទួលការគាំទ្រទៅដល់កម្រិតហ្នឹង គឺអាចត្រឹមតែបាននិយាយថាកេរ្តិ៍ឈ្មោះរបស់លោកល្អនិងមានការស្រឡាញ់ចូលចិត្តលោកប៉ុណ្ណោះ»។
ពួកគណបក្សប្រជាធិបតេយ្យ អាចជ្រើសរើសបេក្ខជនម្នាក់មកពីបេក្ខជនដែលមានបទពិសោធន៍និងជាតិសាសន៍ចម្រុះសម្រាប់ឆ្នាំ២០២០ដែលរួមមានអ្នកប្រកួតប្រជែងភេទស្រីនិងជនជាតិភាគតិច។
លោក Bill Sweeney ជាអ្នកជំនាញ និយាយថា ក៏ប៉ុន្តែ គណបក្សប្រជាធិបតេយ្យ ក៏កំពុងស្វែងរកបេក្ខជនខ្លាំងម្នាក់ដើម្បីប្រកួតជាមួយលោកត្រាំដែរ។ លោក Sweeney នៃសាកលវិទ្យាល័យ American University និយាយថា៖ «យើង មានបេក្ខជនប្រកួតប្រជែងចម្រុះសាសន៍ច្រើនជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើង ហើយអ្នកបោះឆ្នោតគណបក្សប្រជាធិបតេយ្យ មានបេក្ខជនជាច្រើនដើម្បីជ្រើសរើស។សំណួរផ្សេងទៀតដែលពួកគណបក្សប្រជាធិបតេយ្យ នឹងត្រូវពិនិត្យមើលនៅពេលដែលបេក្ខជនប្រកួតប្រជែងក្នុងការបោះឆ្នោតបឋមគឺថា តើបេក្ខជននោះ អាចផ្តួលប្រធានាធិបតីត្រាំនៅឆ្នាំ២០២០ដែរឬទេ?»។
រហូតមកទល់ពេលនេះ ពួកអ្នកបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យជាច្រើនដែលសួរសំណួរនោះ ទំនងជាចូលចិត្តលោក Biden ជាង ហើយពួកអ្នកវិភាគ និយាយថា នេះជាហេតុផលដ៏សំខាន់មួយសម្រាប់ការកើនឡើងការគាំទ្រលោកនៅក្នុងការស្ទង់មតិនោះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន