ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បង្កើន​ពន្ធ​នាំចូល​អាមេរិក​យ៉ាង​ខ្ពស់​លើ​ទំនិញ​ចិន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និង​ប្រធានាធិបតីចិន​លោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួប​មួយ នៅ​ទីក្រុង Woodside រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និង​ប្រធានាធិបតីចិន​លោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួប​មួយ នៅ​ទីក្រុង Woodside រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden ​កាល​ពី​ថ្ងៃ​ទី​ ១៤ ​ខែ​ឧសភា ​បាន​លាត​ត្រដាង​ផែន​ការ​ដំឡើង​ពន្ធ​យ៉ាង​ខ្ពស់​លើ​ទំនិញ​នាំ​ចូល​ជា​ច្រើន​មុខ​ពី​ចិន ​រួម​មាន​រថយន្ត​អគ្គិសនី ​បន្ទះ​ឈីប​កុំព្យូទ័រ​ និង​ផលិត​ផល​វេជ្ជសាស្ត្រ​ជា​ដើម ​ដោយ​ប្រថុយ​នឹង​ការ​ប្រឈម​វិធាន​ការ​ដូច​គ្នា​ពី​ចិន​វិញ​ក្នុង​ឆ្នាំ​បោះឆ្នោត ​ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​ដែល​ឲ្យ​ពិន្ទុ​ទាប​ខាង​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters។​

លោក​ Biden ​នឹង​រក្សា​អត្រា​ពន្ធ​ដែល​បាន​កំណត់​ដោយ​ប្រធានាធិបតី​អាណត្តិ​មុន​ខាង​គណបក្ស​សាធារណ​រដ្ឋ​គឺ​លោក​ Donald Trump ​ឲ្យ​នៅ​ដដែល ប៉ុន្តែ​បង្កើន​ពន្ធ​លើ​ប្រភេទ​ទំនិញ​ផ្សេង​ទៀត​ដូច​ជា​ការ​ ដំឡើង​អត្រា​ពន្ធ ​៤ ​ដង​ លើ​រថយន្ត​អគ្គិសនី​នាំ​ចូល​ដល់​ទៅ​ជាង​ ១០០%។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​សេតវិមាន។ ​ សេចក្តី​ថ្លែង​ការណ៍​នេះ​លើក​ហេតុផល​ថា​ ខ្លួន​ចាត់​ទុក​ការ​អនុវត្ត​មិន​ស្មើ​ភាព​របស់​ចិន​ដែល​បាន​នាំ​ទំនិញ​ថោកៗ​ចូល​ក្នុង​ទីផ្សារ​សកល ​ដែល​ជា​ «ហានិភ័យ​មិន​អាច​ទទួល​បាន» ​ចំពោះ​សន្តិសុខ​សេដ្ឋកិច្ច​អាមេរិក។​

សេតវិមាន​ថា​ វិធានការ​ថ្មី​នេះ​ប៉ះពាល់​ដល់​ទំនិញ​នាំ​ចូល​ពី​ចិន​តម្លៃ​ ១៨​ ពាន់​លាន​ដុល្លារ ​រួម​ទាំង​ដែក​ថែប​និង​អាលុយមីញ៉ូម ​បន្ទះ​ឈីប​ ថ្មពិល​ អាគុយ ​រ៉ែ​សំខាន់ៗ ​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​និង​ប្រដាប់​ស្ទូច។​ ការ​ប្រកាស​នេះ​បញ្ជាក់​ថា​ សេចក្តី​រាយ​ការណ៍​ពី​ពេល​មុន​របស់ ​Reuters ​ពិត​ជា​ដូច្នេះ​មែន។​

សហរដ្ឋ​អាមេរិកបាន​នាំ​ទំនិញ​ចូល​ពី​ចិន​តម្លៃ​ ៤២៧ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ​ហើយ​នាំ​ចេញ​ទៅ​ចិន​វិញ​តម្លៃ​ ១៤៨ ​ពាន់​លាន​ដុល្លារ។​ នេះ​បើ​យោង​តាម​ការិយាល័យ​ជំរឿន​សហ​រដ្ឋ​អាមេរិក។ ​គម្លាត​ពាណិជ្ជ​កម្ម​នេះ​ មាន​រាប់​ទសវត្សរ៍​មក​ហើយ ​ហើយ​ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ​កាន់​តែ​រសើប​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

ទីប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​នៅ​សេតវិមាន​អ្នក​ស្រី ​Lael Brainard ​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​សន្និសីទ​តាម​ទូរស័ព្ទ​មួយ​ថា៖ ​«ចិន​កំពុង​ប្រើ​របៀប​ដដែល ​ដែល​ខ្លួន​បាន​ប្រើ​ពី​មុន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ខាត​បង់​ ដោយ​បន្ត​វិនិយោគ ​ទោះ​បីជា​លើស​សមត្ថ​ភាព​ចិន​ និង​ធ្វើ​ឱ្យ​ទីផ្សារ​សកល​ជន់​ដោយ​ទំនិញ​នាំ​ចេញ​ក្នុង​តម្លៃ​ថោក ​ដោយសារ​តែ​ការ​លេង​ខូច»។​

តំណាង​ពាណិជ្ជ​កម្ម​អាមេរិក​ អ្នក​ស្រី ​Katherine Tai ​និយាយ​ថា​ ការ​កែប្រែ​អត្រា​ពន្ធ​នាំ​ចូល​នេះ​សម​ហេតុផល​ ដោយសារ​ចិន​បន្ត​លួច​កម្មសិទ្ធិ​បញ្ញា​អាមេរិក​ ហើយ​ក្នុង​ករណី​ខ្លះ ​«កាន់​តែ​ព្រហើន»​ ក្នុង​ការ​លួច​ចូល​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​តម្រង់​គោល​ដៅ​លើ​បច្ចេកវិទ្យា​អាមេរិកាំង។​

អ្នក​ស្រី​ថា​ អត្រា​ពន្ធ​នាំ​ចូល​ពី​មុន​ហៅ​ថា ​«ផ្នែក​៣០១» ​មាន​ផលប៉ះពាល់​តិច​តួច​ប៉ុណ្ណោះ​លើ​តម្លៃ​និង​ការងារ​ក្នុង​សេដ្ឋកិច្ច​អាមេរិក​ទាំង​មូល ​ហើយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បន្ថយ​ទំនិញ​នាំ​ចូល​ពី​ចិន ​ខណៈ​បង្កើន​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ដទៃ។​

តែ​អ្នក​ស្រី ​Tai ​ផ្តល់​អនុសាសន៍​លើក​លែង​ពន្ធ​នាំ​ចូល​ពី​ចិន​សម្រាប់​គ្រឿង​ម៉ាស៊ីន​ឧស្សាហ​កម្ម​មួយ​ចំនួន ​រួម​ទាំង​ឧបករណ៍​ផលិត​ផលិត​ផល​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។​

ទោះ​បី​ជា​វិធានការ​របស់​លោក ​Biden ​ស្រប​នឹង​ការ​អះអាង​របស់​លោក ​Trump ​ដែល​ថា វិធាន​ការ​ពាណិជ្ជ​កម្ម​តឹងរឹង​ជាង​នេះ​មាន​យុត្តិកម្ម​ក៏​ដោយ ​ក៏​ប្រធានាធិបតី​ខាង​បក្ស​ប្រជា​ធិបតេយ្យ​រូប​នេះ​រិះគន់​គូ​ប្រជែង​របស់​លោក​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដែរ។​

សេតវិមាន​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ឆ្នាំ​ ២០២០ ​របស់លោក ​Trump ​ជាមួយ​ចិន​មិន​បាន​បង្កើន​ទំនិញ​នាំ​ចេញ​ពី​អាមេរិក​ឬ​ជំរុញ​ការងារ​ផលិត​នៅ​អាមេរិក​ទេ។ ​សេតវិមាន​ថា ​ពន្ធ​ ១០% ​លើ​ទំនិញ​នាំ​ចូល​គ្រប់​ប្រភេទ​មក​ពី​គ្រប់​ទិសទី​ ដែល​លោក​ Trump ​បាន​ស្នើ​នោះ​ នឹង​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​និង​ប្រទេស​សម្ព័ន្ធ​មិត្ត​អាក់អន់​ចិត្ត។ ​លោក ​Trump ​ក៏​បាន​បង្កើន​ពន្ធ​នាំ​ចូល ​៦០% ​ឬ​ខ្ពស់​ជាង​នេះ​លើ​ទំនិញ​ចិន​គ្រប់​ប្រភេទ។​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថា វិធានការ​របស់​ពួក​គេ​ «តម្រង់​គោល​ដៅ​យ៉ាង​ប្រយ័ត្ន​ប្រយែង»​ គួប​ផ្សំ​នឹង​វិនិយោគ​ក្នុង​ស្រុក ​ដោយ​សហការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ ​ហើយ​ទំនង​ជា​នឹង​មិន​ធ្វើ​ឲ្យ​អតិផរណា​កើន​ឡើង ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​អាមេរិកាំង​ខឹង​សម្បារ​រួច​ទៅ​ហើយ ​និង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ការ​ខំ​ប្រឹង​ឈ្នះ​ឆ្នោត​ម្តង​ទៀត​របស់​លោក​Biden។​ មន្ត្រី​ទាំង​នេះ ក៏​និយាយ​សម្រាល​ហានិភ័យ​នៃ​ការ​សងសឹក​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​ដែរ។​

លោក​ Biden ​ពិបាក​ធ្វើ​ឲ្យអ្នក​បោះឆ្នោតជឿជាក់​អំពី​ប្រសិទ្ធផល​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក ទោះបី​ជា​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត​ទាប​និង​កំណើន​សេដ្ឋកិច្ច​កើន​ឡើងក៏​ដោយ។ ​ការ​ស្ទង់​មតិ​រួម​គ្នា​មួយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters​ និង​ក្រុមហ៊ុន​ Ipsos​ កាល​ពី​ខែ​មុន​បង្ហាញ​ថា​ លោក ​Trump ​មាន​ប្រៀប​ជាង​លោក ​Biden ​ ៧% ​ខាង​បញ្ហា​សេដ្ឋកិច្ច។​

អ្នក​វិភាគ​ព្រមាន​ថា​ ជម្លោះ​ពាណិជ្ជ​កម្ម​អាច​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​អគ្គិសនី​ឡើង​ថ្លៃ​ជា​ទូទៅ​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​ដៅ​បម្រែ​បម្រួល​អាកាសធាតុ​របស់​លោក ​Biden ​និង​គោល​បំណង​របស់​លោក​ក្នុង​ការ​បង្កើត​ការងារ​ផលិត​កម្ម។ ​លោក​ Biden ​ថា​ លោក​ចង់​យក​ឈ្នះ​ចិន​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​នេះ ​តែ​មិន​ធ្វើ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំង​ពីរ​ដែល​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​លោក​បាន​ខិតខំ​សម្រួល​ភាព​តានតឹង​ក្នុង​ពេល​ជួប​ជជែក​គ្នា​មួយ​ទល់​មួយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ​Xi Jinping។​

បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ​២០២៤ ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​មូល​មតិ​គ្នា​ខាង​ពាណិជ្ជ​កម្ម​សេរី ​ដែល​ធ្លាប់​គ្រប់​ដណ្តប់​លើ​ការ​ពិភាក្សា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​នៅ​ពេល​នោះ ​ចិន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ក្នុង​ឆ្នាំ​ ២០០១។​

ចិន​ថា​ ការ​ដំឡើង​ពន្ធ​នាំចូល​នេះ​ធ្វើ​ឲ្យ​ខូច​ផលិត​ភាព​ទៅវិញ​ទៅ​មក​និង​មាន​ហានិភ័យ​បញ្ឆេះ​ភាព​តានតឹង។ ​ការ​ដាក់​បន្ទុក​ពន្ធ​នាំ​ចូល​ទូលំទូលាយ​ជាង​នេះ​ពី​ឆ្នាំ ​២០១៧​ ដល់​ ២០២១ ​ដោយ​លោក ​Trump ​ក្នុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​នោះ ​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​លើ​ពន្ធ​នាំចូល​ជាមួយ​ចិន។​

ពន្ធ​នាំ​ចូល​បន្ថែម​ទៀត​នឹង​ត្រូវ​ដាក់​នៅ​ឆ្នាំ​ ២០២៥ ​និង​ឆ្នាំ ​២០២៦ ​លើ​បន្ទះ​អេឡិចត្រូនិក​ ដែល​អត្រា​ពន្ធ​នាំ​ចូល​លើ​មុខ​ទំនិញ​នេះ ​នឹង​កើន​ទ្វេ​ដង​ដល់​ ៥០% ​ រួម​ទាំង​អាគុយ​ថ្មពិល​សាក ​ដែល​មិន​ប្រើ​ក្នុង​រថយន្ត​ប្រភេទ​ជាក់លាក់​មួយ​ចំនួន ​ហើយនឹង​ធ្យូង​ថ្ម​ផុយ​ ដែក​ឆក់​ព្រម​ទាំង​ស្រោម​ដៃ​វេជ្ជសាស្ត្រ​ពេទ្យ​ជាដើម។

សេតវិមាន​ថា​ វិធាន​ការ​ដែល​លោក​ Biden ​បាន​ប្រកាស​ ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​ដែក​ថែប​និង​អាលុយមីញ៉ូម​ខ្លះ​នោះ​ នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​នេះ។​

សមាជិក​សភា​ខ្លះ​បាន​អំពាវនាវ​ឲ្យ​ដំឡើង​ពន្ធ​នាំ​ចូល​ឲ្យ​ខ្ពស់​លើ​រថយន្ត​ចិន។ ​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​អាមេរិក​អ្នក​ស្រី ​Janet Yellen ​បាន​ព្រមាន​ចិន​កាល​ពី​ខែ​មេសា​ថា​ ការ​ផលិត​រថយន្ត​អគ្គិសនី​និង​ផលិត​ផល​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ច្រើន​លើស​ប្រមាណ​របស់​ចិន​ មិន​អាច​ទទួល​យក​បាន​ទេ។ ​អ្នក​ស្រី​ថា​ ការ​បារម្ភ​នេះ​ក៏​មាន​ជា​ទូទៅ​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធ​មិត្ត​អាមេរិក​ដែរ ​ហើយ​ថា​ សកម្ម​ភាព​ដំឡើង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ចិន​នេះ ​«មិន​មែន​ធ្វើ​ឡើង​ដោយសារ​គោល​នយោបាយ​ប្រឆាំង​ចិន​ទេ ​តែ​ដោយ​មាន​បំណង​បង្កា​ការ​ធ្វើ​ឲ្យ​ខូតខាត​ខាង​ផ្នែក​សេដ្ឋកិច្ចដែល​បណ្តាល​មក​ពី​ការ​អនុវត្ត​សេដ្ឋកិច្ច​មិន​ស្មើ​ភាព៕

ប្រែសម្រួល​ដោយ​លោក ​សាយ មុន្នី​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG