ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ


រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែលទំនង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ បាន​បញ្ជាក់​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីឌ ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ទំនង​ជា​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ​ច្រើន ឬ​ធ្វើ​ឱ្យ​មាន​ការ​លើក​ពេល​សន្និបាត​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បានត្រូវ​កំណត់​ថា​នឹង​ធ្វើនៅ​ខែ​កក្កដា​ ឱ្យ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។

សន្និបាត​ជាតិ​នៃគណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ជា​ពីធី​ ដែល​ធ្វើ​ឡើង​នៅ​រៀងរាល់​បួន​ឆ្នាំ​ម្ដង ដើម្បី​បង្ហាញ​ពី​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ​ កាល​ពី​យប់​ថ្ងៃ​អង្គារទី​៣១ ខែ​មីនា លោក Biden បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ទូរទស្សន៍ MSNBC ថា ​វា​ជា​«ការពិបាក​នឹង​គិតថា» សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​កំណត់​ថា​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ខាង​មុខ​ នៅ​ក្នុង​ទីក្រុង Milwaukee រដ្ឋ Wisconsin អាច​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។

សន្និបាត​នៃ​គណបក្ស​សាធារណរដ្ឋ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​នៅ​ក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ» អំពី​ថា​តើ​អាច​មាន​សុវត្ថិភាព​ឬ​ទេ​ក្នុង​ការ​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​រាប់​ពាន់​នាក់ និង​អ្នក​តំណាង​បណ្តាញ​ផ្សាយព័ត៌មាន​រាប់រយ​នាក់​ឋិត​នៅ​ណែនតាន់​តាន់តាប់​ជិតៗ​គ្នា​នៅ​ក្នុង​វេទិកា Fiserv Forum ដែល​ជា​កីឡាដ្ឋាន​បាល់​បោះ​ដើម្បី​ធ្វើ​សន្និបាត​នោះ។

នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ការ​ប្រមូល​ផ្តុំ​មនុស្ស​បែប​នេះ​មិន​អាច​ធ្វើ​កើត​ទេ។

លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋដែល​ជា​គូ​ប្រជែង​នឹង​លោក Biden នៅ​ពេល​លោក​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ​នៅ​សេតវិមាន បាន​បន្ត​ជំរុញ​ឲ្យ​មនុស្ស​ស្ថិត​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​រហូត​ដល់​ចុង​ខែ​មេសា នៅ​ពេល​ដែល​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីឌ ១៩ បាន​កើន​ឡើង​ដល់​រាប់រយ​នាក់​ជា​រៀង​រាល់​ថ្ងៃ។

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ខាង​សុខាភិបាល បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​កុំ​ឱ្យ​ប្រមូលផ្តុំ​គ្នា​លើស​ពី ១០ នាក់។ ប៉ូលិស​នៅ​ក្នុង​សហគមន៍​ខ្លះ​បាន​ចាប់​ខ្លួន​ពួក​ជន​ដែល​បាន​រំលោភ​លើ​បទ​បញ្ញត្តិ​នេះ។

អភិបាល​រដ្ឋ​រាប់​សិប​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​កំហិត​ឱ្យ​ពលរដ្ឋ​ឋិត​នៅ​ក្នុង​ផ្ទះ​ដោយ​នៅ​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០% ក្នុង​បណ្តា​ប្រជារពលរដ្ឋ​សរុប​ចំនួន ៣២៧ លាន​នាក់​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឋិត​នៅក្រោម​ការណែនាំ​នេះ។

លោក Biden បាន​មាន​ប្រសាសន៍​ថា សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​កំណត់​ធ្វើ​ដើម្បី​កុំ​ឱ្យ​ជាន់​ថ្ងៃ​ជាមួយ​នឹង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​បាន​គ្រោង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ខាង​មុខ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ប្រកួត​កីឡា​នេះ​ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ ២០២១ វិញ គណបក្ស​ប្រជាធិបតេយ្យ​អាច​ជំរុញ​ឱ្យ​មាន​ការ​លើក​សន្និបាត​របស់​ខ្លួន​ទៅ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​វិញ ប្រសិន​បើ​ការ​ធ្វើ​ដូច្នេះ​សម​ហេតុ​សម​ផល​ដោយសារ​មាន​ការ​ទាក់ទិន​នឹង​កង្វល់​អំពី​មេរោគ​កូរ៉ូណា​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ។

លោក Biden បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ពេល​នេះ​នៅ​មាន​ពេល​ថែម​ទៀត។ យើង​គួរតែ​អាច​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដូច​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​រហូត​ដល់​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ដូច្នេះ​ដែរ គឺ​មាន​សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ មាន​ការ​បោះឆ្នោត​បឋម និង​ការ​បោះឆ្នោត ក៏​ដូចជា​ថែម​ទាំង​មាន​សុវត្ថិភាព​សាធារណៈ​ផង​ដែរ។ យើង​អាច​ធ្វើ​បាន​ទាំង​ពីរ»។

ដោយ​ក្រឡេក​មើល​ទៅ​មុខ​អំពី​ការ​បោះឆ្នោត​ជាតិ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ លោក Biden បាន​លើក​ឡើង​ថា ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​តាម​រដ្ឋ​គួរ​ត្រៀម​រៀបចំ​នៅ​ពេល​នេះ​សម្រាប់​សន្លឹក​ឆ្នោត​ដែល​អ្នក​បោះឆ្នោត​ណា​មិន​អាច​ទៅ​បោះឆ្នោត​ដោយ​ផ្ទាល់​បាន ប៉ុន្តែ​ផ្ញើ​សន្លឹក​ឆ្នោត​របស់​ខ្លួន​តាម​ប្រៃសណីយ៍ ហើយ​ក៏គួរ​ពិចារណា​ផង​ដែរ​អំពី​ការ​បោះឆ្នោត​តាម​អ៊ីនធឺណីតដែល​ជា​ការ​បោះឆ្នោត​ដ៏​មាន​សុវត្តិភាព​មួយ​ក្នុង​ស្ថានការណ៍​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នេះ។

លោក Biden បាន​បន្ថែម​ថា៖ «ក្រុម​អ្នក​រៀបចំ​ការ​បោះឆ្នោត​គួរ​ធ្វើការ​ទាំង​នេះ​នៅ​ពេល​នេះ គួរ​ត្រៀម​រៀបចំ​គម្រោង​សម្រាប់​រឿង​នេះ។ នេះ​គឺ​ជា​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​អាច​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​បាន នៅ​ពេល​ដែល​យើង​កំពុង​ដោះ​ស្រាយ​បញ្ហា​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ ១៩ នេះ។ យើង​អាច​ធ្វើ​ទាំង​ពីរ​បាន។ វា​អាច​មាន​ន័យ​ថា យើង​ធ្វើ​វា​តាម​មធ្យោបាយ​ផ្សេង។ វា​អាច​មាន​ន័យ​ថា ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​សង្គម​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​បាន ឬ​ក៏​អាច​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​បើក​ឡាន​ទៅ​បោះ​ឆ្នោត​ដោយ​មិន​បាច់​ចុះ​ពី​លើ​ឡាន»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG