ដោយសារតំបន់ជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានបិទ ការរាតត្បាតនៃមេរោគវីរុសកូរ៉ូណាបានកែប្រែទិដ្ឋភាពសឹងតែទាំងអស់នៃជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្ត្រក្នុងស.រ.អ.។ មេរោគនេះក៏មានផលប៉ះពាល់ជាបន្ទាន់និងអាចជាអចិន្ត្រៃយ៍ផងដែរទៅលើថាតើប្រទេសជាតិជ្រើសរើសមេដឹកនាំខ្លួនដោយបែបណា។
អ្នកស្រី Lauren Jewett ជាគ្រូបង្រៀនខាងការសិក្សាអប់រំក្មេងដែលត្រូវការជំនួយពិសេស នៅក្នុងរដ្ឋ Louisiana ដែលជារដ្ឋទីមួយដែលប្រកាសអំពីការលើកថ្ងៃការបោះឆ្នោតបឋមដោយសារការរាលដាលនៃមេរោគវីរុសកូរ៉ូណា។ អ្នកស្រីបារម្ភថា បញ្ហានានានឹងមានរហូត ដល់ ការបោះឆ្នោតទូទៅក្នុងខែវិច្ឆិកាដែលនៅពេលនោះលោកប្រធានាធិបតី Donald Trump នឹងប្រឈមនឹងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Jewett សួរថា៖ «តើយើងបោះឆ្នោតបែបណា?តើយើងចុះឈ្មោះអ្នកឯទៀតឱ្យបោះឆ្នោតបែបណា?តើយើងស្ទង់មតិអ្នកជិតខាងបែបណាសម្រាប់បេក្ខជនម្នាក់?ការណ៍នេះអាចមានផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាហើយការបោះឆ្នោតនោះមានផលប៉ះពាល់លើប្រទេសក្នុងរយៈពេលយូរ»។
រដ្ឋ Louisiana បានក្លាយជាកន្លែងមានបញ្ហាធ្ងន់ធ្ងរខាងការរាលដាលមេរោគ COVID-19 ដោយមានអត្រាកំណើនមនុស្សផ្ទុកមេរោគវីរុសនេះលឿនបំផុតមួយក្នុងពិភពលោក។ នៅក្នុងពេលមួយសប្តាហ៍ រដ្ឋនេះបានរាយការណ៍ថា ករណីមនុស្សផ្ទុកមេរោគវីរុសនេះកើនឡើងពីមិនដល់ ១០០នាក់ ទៅដល់ ១.៤០០នាក់ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា។
នៅមុនករណីអ្នកផ្ទុកមេរោគវីរុសនេះកើនឡើងខ្លាំងនៅក្នុងរដ្ឋ Louisiana កាលពីថ្ងៃទី១៣ ខែមីនា លោក John Bel Edwards អភិបាលរដ្ឋខាងគណបក្សប្រជាធិបតេយ្យបានបញ្ជាឱ្យលើកការបោះឆ្នោតបឋមមានកំណត់ធ្វើនៅថ្ងៃទី៤ ខែមេសាទៅធ្វើនៅថ្ងៃទី២០ ខែមិថុនាវិញ។
រដ្ឋនិងដែនដី១០ទៀត បានធ្វើដូច្នេះដែរដោយបានលើកការបោះឆ្នោតបឋមរបស់ពួកគេទៅធ្វើនៅថ្ងៃក្រោយវិញ។ អ្នកបោះឆ្នោតច្រើននាក់នៅក្នុងរដ្ឋ Louisiana និយាយថា ពួកគេយល់អំពី សេចក្តីត្រូវការការពារសុខភាពសាធារណៈ។ ចំណែកឯជនខ្លះទៀតក៏កត់សម្គាល់ដែរថាសំឡេងរបស់ពួកគេបានត្រូវខ្ទប់។
សេចក្តីសម្រេចពន្យារពេលការបោះឆ្នោតបឋម
អ្នកបោះឆ្នោតឈ្មោះ Ernesto Noguera និយាយថា៖ «ការពន្យារពេលការបោះឆ្នោតបឋមលើកទៅធ្វើនៅថ្ងៃក្រោយវិញជាការធ្វើត្រឹមត្រូវនៅក្នុងកាលៈទេសៈនេះ។ ជីវិតរបស់ប្រជារាស្ត្រនិងសុខភាពរបស់ប្រជារាស្ត្រជាអាទិភាពកំពូល»។
អ្នកស្រី Marielle Pichon ជាអ្នកបោះឆ្នោតនៅក្នុងក្រុង New Orleans។ អ្នកស្រីនិយាយថា៖«ការតប់ប្រមល់តែមួយរបស់ខ្ញុំគឺរដ្ឋឯទៀតៗដូចជារដ្ឋ Arizona, Florida និងរដ្ឋ Illinois ជាដើមបានធ្វើការបោះឆ្នោតបឋមរបស់ពួកគេ។ នេះជាការមិនទទួលខុសត្រូវ»។
លោក Tyler Brey អ្នកនាំពាក្យរបស់លោក Kyle Ardoin រដ្ឋមន្ត្រីរដ្ឋលេខាធិការរដ្ឋ Louisiana និយាយប្រាប់វីអូអេថា ពួកមន្ត្រីរដ្ឋ Louisiana មិនបានផ្តោតការយកចិត្តទុកដាក់លើអ្វីដែលរដ្ឋឯទៀតៗធ្វើនោះទេ។
លោក Tyler Brey ពន្យល់ថា៖ «យើងធ្វើសេចក្តីសម្រេចរបស់យើងដោយផ្អែកតែលើសុវត្ថិភាពនៃក្រុមអ្នកបោះឆ្នោតនៅក្នុងរដ្ឋយើង ហើយការណ៍នេះក៏មានរួមបញ្ចូលពួកអ្នកធ្វើការរៀបចំការបោះឆ្នោតរបស់យើងដែរដែលជាច្រើននាក់មានអាយុច្រើនជាង៦៥ឆ្នាំហើយភាគច្រើនអាចប្រឈមនឹងគ្រោះថ្នាក់បាន»។
លោក Brey កត់សម្គាល់ថារដ្ឋ Louisiana បានជ្រើសរើសយកការពន្យារពេលការបោះឆ្នោតបឋមនៅមុនការបោះឆ្នោតដំបូងបានចាប់ផ្តើមធ្វើនៅក្នុងរដ្ឋនេះ ដោយលោកនិយាយថា «យើងមិនទាន់ឋិតនៅពាក់កណ្តាលការបោះឆ្នោតមួយនៅឡើយទេហើយយើងមិនចង់បញ្ឈប់ការបោះឆ្នោតនៅក្រោយវាបានចាប់ផ្តើមទេ»។
ច្បាប់រដ្ឋមានរួមបញ្ចូលមាត្រាមួយសម្រាប់ការលើកការបោះឆ្នោតទៅធ្វើនៅពេលក្រោយ។
រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋអាចបញ្ជាក់ភាពមានអាសន្នជម្រាបអភិបាលរដ្ឋដែលអាចចេញបញ្ជានីតិប្រតិបត្តិមួយដើម្បីលើកការបោះឆ្នោតទៅធ្វើនៅពេលក្រោយ។
លោក Brey និយាយថា លោក Ardoin ដែលជាអ្នកសាធារណរដ្ឋម្នាក់បានចាប់ផ្តើមដំណើរការនោះហើយនៅក្រោយពិនិត្យមើលជម្រើសនៃការបោះឆ្នោតឯទៀតៗ ដូចជាធ្វើការបោះឆ្នោតតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ ឬ ការបោះឆ្នោតដោយគ្មានវត្តមានអ្នកបោះឆ្នោត។
លោក Brey ថ្លែងថា៖ «ខ្ញុំមិនគិតថាប្រជារាស្ត្រដឹងអំពីដំណើរការទាំងនេះទេ។ គ្មានពេលគ្រប់គ្រាន់សម្រាប់បោះពុម្ពសន្លឹកឆ្នោត សម្រាប់រកស្រោមសំបុត្រ ដើម្បីផ្ញើសន្លឹកឆ្នោតទៅឱ្យក្រុមអ្នកបោះឆ្នោតនិងដើម្បីឱ្យមានការផ្ញើសន្លឹកឆ្នោតត្រឡប់មកវិញទេ។»
ទោះជាគណបក្សសាធារណរដ្ឋច្បាស់ជានឹងតែងតាំងលោក Trump សម្រាប់តំណែងប្រធានាធិបតី មួយអាណត្តិទៀតក៏ដោយ ក៏ការប្រកួតប្រជែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅមានធ្វើចំហរហូតដល់កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នៅពេលឥឡូវនេះលោកសមាជិកព្រឹទ្ធសភាស.រ.អ. Bernie Sanders នៅតែឋិតនៅក្នុងការប្រកួតប្រជែងនៅឡើយ ទោះណាជាលោកអតីតអនុប្រធានាធិបតី Joe Biden បាននាំមុខច្រើនក្នុងចំនួនពួកប្រតិភូដែលនឹងចូលរួមក្នុងមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យ នៅពាក់កណ្តាលខែកក្កដាខាងមុខនេះក៏ដោយ។
ការពន្យារពេលការបោះឆ្នោតបឋមមិនគ្រាន់តែបន្ថយផលប៉ះពាល់របស់ក្រុមអ្នកបោះឆ្នោតទៅលើការប្រកួតប្រជែងដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីប៉ុណ្ណោះទេ តែវាថែមទាំងអាចធ្វើឱ្យមានបញ្ហាដល់ការចូលរួមរបស់ពពួករដ្ឋក្នុងមហាសន្និបាតគណបក្សផងដែរ។
ផលវិបាក
បទបញ្ញត្តិបច្ចុប្បន្នរបស់គណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យហៅកាត់ថា DNC បញ្ជាក់ថា ការប្រកួតប្រជែងទាំងអស់ដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីត្រូវធ្វើឱ្យចប់មិនហួសពីថ្ងៃទី៩ ខែមិថុនា ទេហើយបញ្ជីឈ្មោះពួកប្រតិភូត្រូវដាក់ស្នើមិនឱ្យហួសថ្ងៃទី២០ ខែមិថុនាឡើយ គឺជិតបួនអាទិត្យមុនការចាប់ផ្តើមមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យនៅក្នុងក្រុង Milwaukee រដ្ឋ Wisconsin។
បទបញ្ញត្តិរបស់ DNC ចែងថាការធ្វើមិនទាន់ពេលកំណត់ចុងក្រោយបង្អស់អាចនាំឱ្យនាំរដ្ឋបាត់បង់ការបោះឆ្នោតពាក់កណ្តាលរបស់ខ្លួននៅក្នុងមហាសន្និបាតរបស់គណបក្ស។ អ្នកនាំពាក្យម្នាក់របស់ DNC និយាយថា គណៈកម្មាធិការខាងបទបញ្ញត្តិនិងច្បាប់របស់ពួកគេកំពុងពិនិត្យមើលអំពីបទបញ្ញត្តិនៅក្នុងកាលៈទេសៈមិនធម្មតាបណ្តាលមកពីមេរោគវីរុស COVID-19 ក៏ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចអំពីការថាតើនឹងព្យួរការចែងលក្ខខណ្ឌឬបែបណាទេ។
លទ្ធភាពនៃការបាត់បង់ភាពតំណាងនៅក្នុងមហាសន្និបាតគណបក្ស នៅក្រោយការពន្យារពេលការបោះឆ្នោតបឋម នាំឱ្យពួកអ្នកបោះឆ្នោតច្រើននាក់នៅក្នុងរដ្ឋ Louisiana ខកចិត្តដោយសារការណ៍នេះអាចឱ្យលោក Trump ឈ្នះឆ្នោតក្នុងរដ្ឋនេះបាន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
អ្នកស្រី Pichon ដែលជាអ្នកបោះឆ្នោត និយាយថា អ្នកស្រីមានអារម្មណ៍ថា ការជ្រើសរើសបេក្ខជនប្រធានាធិបតីជាវិធីតែមួយគត់ដែលអ្នកស្រីមានសំឡេងពិតប្រាកដមួយ ក្នុងការសម្រេចថានរណានឹងក្លាយជាប្រធានាធិបតី។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំមានមតិមួយនៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកាទេ» ដោយអ្នកស្រីកត់សម្គាល់ថា ប្រព័ន្ធបោះឆ្នោតដោយគណៈអ្នកបោះឆ្នោតរបស់សហរដ្ឋអាមេរិកអាមេរិកផ្តល់ប្រតិភូទាំងអស់ពីរដ្ឋមួយទៅឱ្យបេក្ខជនដែលឈ្នះនៅក្នុងការបោះឆ្នោតដោយផ្ទាល់នៅក្នុងរដ្ឋនោះ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងការបោះឆ្នោតបឋម សន្លឹកឆ្នោតដែលអ្នកឈ្នះមានលើសពីគូប្រជែងរបស់ខ្លួនមានសារៈសំខាន់។ សន្លឹកឆ្នោតនីមួយៗមានសារៈសំខាន់សម្រាប់ឱ្យបានទទួលចំនួនប្រតិភូ»។
អ្នកស្រី Pichon និយាយបន្ថែមថា៖ «ការកាត់បន្ថយប្រតិភូយើងពាក់កណ្តាលដោយសារការរាតត្បាតជំងឺមួយជាការដកសិទ្ធិ»។
ការស្វែងរកដំណោះស្រាយ
លោក Brey និយាយថា៖ «ខ្ញុំបានឭពួកអ្នកបោះឆ្នោតដែលនិយាយថា ហេតុដូចម្តេចបានជាយើងមិនប្រើវិធីបោះឆ្នោតឯទៀតៗដូចជាការបោះឆ្នោតតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ឬការបោះឆ្នោតដោយគ្មានវត្តមានអ្នកបោះឆ្នោត។ ទាំងនេះជាអ្វីដែលយើងកំពុងពិនិត្យមើលនៅពេលនេះ ក៏ប៉ុន្តែវិធានការទាំងនេះមិនមែនជាអ្វីដែលយើងមានរួចស្រេចហើយសម្រាប់ការបោះឆ្នោតបឋមក្នុងខែមិថុនាទេ»។
អង្គការការពារសិទ្ធិបោះឆ្នោតជាច្រើននិយាយថា ពួកគេអបអរចំពោះរដ្ឋនានាដែលប្រឹងប្រែងពុះពារឧបសគ្គ ក្នុងការរៀបចំការបោះឆ្នោតនៅពេលមានការរាតត្បាតជំងឺជាសាកលនេះ។ នៅពេលជាមួយគ្នានេះ អង្គការទាំងនេះបានជំរុញរដ្ឋទាំងនោះឱ្យធ្វើឱ្យប្រាកដប្រជាថា ការចូលរួមក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិតេយ្យមិនត្រូវកាត់បន្ថយទេ។
អ្នកស្រី Caren Short ជាមេធាវីជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្វែងរកយុត្តិធម៌ជូនពលរដ្ឋក្រីក្រSouthern Poverty Law Center។
អ្នកស្រីនិយាយថា៖« ពួកមន្ត្រីរដ្ឋកំពុងធ្វើសេចក្តីសម្រេចសាំញ៉ាំដោយខិតខំព្យាយាមផ្តល់អាទិភាពដល់សុខភាពសាធារណៈ ស្របពេលជាមួយកិច្ចការពារដំណើរការប្រជាធិបតេយ្យ។ អ្វីដែលធ្វើឱ្យមានភាពច្បាស់លាស់នៅក្នុងវិបត្តិនេះគឺសារៈសំខាន់នៃការផ្តល់ជម្រើសសម្រាប់ពួកអ្នកបោះឆ្នោតដែលមិនអាចចុះឈ្មោះដោយផ្ទាល់បានឬមិនអាចបោះឆ្នោតដោយផ្ទាល់បាននៅថ្ងៃបោះឆ្នោតនៅឯកន្លែងបោះឆ្នោតរបស់ពួកគេ»។
អ្នកស្រី Short និយាយថា វិធានការនានាគួរមានរួមបញ្ចូលការចុះឈ្មោះតាមបណ្តាញInternetនិងការចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃតែមួយដូចគ្នា ការពង្រីកកម្មវិធីផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ឬការបោះឆ្នោតដោយគ្មានវត្តមានអ្នកបោះឆ្នោត ការជ្រើសរើសពួកអ្នកចាត់ចែងការបោះឆ្នោតពីក្នុងចំណោមប្រជារាស្ត្រដែលអាចមានគ្រោះថ្នាក់តិចដោយសារជំងឺនេះនិងការបោះឆ្នោតតាមចញ្ចើមថ្នល់។
កាលពីថ្ងៃពុធទី២៥ ខែមីនា ព្រឹទ្ធសភាស.រ.អ. បានអនុម័តសេចក្តីព្រាងច្បាប់ខាងសេដ្ឋកិច្ចមួយដែលផ្តល់ប្រាក់៤រយលានដុល្លារ សម្រាប់ជួយដល់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិកក្នុងការរៀបចំការបោះឆ្នោតនៅពេលមានការរាតត្បាតសាកលនៃជំងឺនេះ។ ក្រុមចម្រុះមួយនៃអង្គការក្នុងមូលដ្ឋាននិងអង្គការជាតិជាង១៥០ដឹកនាំដោយអង្គការការពារសិទ្ធិពលរដ្ឋ The Leadership Conference on Civil and Human Rights មានជំនឿថា គេត្រូវការប្រាក់កាសជាចាំបាច់ថែមទៀត ដោយសុំទឹកប្រាក់ ២ពាន់លានដុល្លារ ដើម្បីធ្វើឱ្យការបោះឆ្នោតមានសុវត្ថិភាព និងការងាយស្រួលជាងមុនសម្រាប់មនុស្សគ្រប់គ្នា។
អ្នកស្រី Short និយាយថា៖ «ប្រសិនបើពួកមន្ត្រីរដ្ឋាភិបាលយើងខកខានមិនបានចាត់វិធានការទេ នៅខែវិច្ឆិកានេះ ក្រុមអ្នកបោះឆ្នោតប្រហែលត្រូវជ្រើសរើសថា តើមួយណាសំខាន់ជាង សុខភាពរបស់ខ្លួន ឬការចេញទៅបោះឆ្នោត ហើយគ្មាននរណាម្នាក់គួរធ្វើការជ្រើសរើសនោះទេ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ