មហាសន្និបាតអង្គការសហប្រជាជាតិ នឹងប្រមូលផ្តុំមេដឹកនាំពិភពលោកមកជួបប្រជុំគ្នា ក្នុងទីក្រុង New York សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដោយកិច្ចប្រជុំនៅថ្ងៃចន្ទនេះ នឹងផ្តោតទៅលើការបង្កើនកិច្ចប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍នៅលើពិភពលោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅមុនកិច្ចប្រជុំថ្ងៃចន្ទនេះថា មានគោលដៅអភិវឌ្ឍន៍ដោយចីរភាពតែ១៥ភាគរយប៉ុណ្ណោះ នៃគោលដៅអភិវឌ្ឍន៍ចំនួន១៧ កំពុងស្ថិតក្នុងដំណើរការដែលអាចសម្រេចបាន ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
លោក Guterres បញ្ជាក់ដូចនេះថា៖ «កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅថ្ងៃចន្ទនេះ គឺជាឱកាសដែលរដ្ឋាភិបាលនានា ត្រូវលើកឡើងពីផែនការជាក់ស្តែងនិងសំណើផ្សេងៗ ដើម្បីជំរុញការវិវត្តទៅមុខ»។
គោលដៅនោះគឺរួមមាន ការបញ្ចប់ភាពក្រីក្រ បញ្ចប់ភាពអត់ឃ្លាន ធានាការប្រើប្រាស់ថាមពលដែលអាចទ្រទ្រង់បាន ដាក់ចេញសកម្មភាពជាក់ស្តែងនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រផងដែរ។
របាយការណ៍មួយចេញផ្សាយកាលពីខែកក្កដាកន្លងទៅបង្ហាញថា វិបត្តិអាកាសធាតុបានធ្វើឱ្យមានការប៉ះពាល់ ហើយឥទ្ធិពលជំងឺរាតត្បាតកូវីដដែលនៅតែមាននៅឡើយ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាសេដ្ឋកិច្ចទន់ខ្សោយរបស់ពិភពលោក បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទាំងនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្ថិតក្នុងចំណោមប្រធានាធិបតី នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ មកពីប្រទេសចំនួន១៤៥នៅជុំវិញពិភពលោក មានកំណត់នឹងត្រូវឡើងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារស្អែកនេះ។ ប្រធានាធិបតីអាមេរិក លោក Biden និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres មានកំណត់នឹងថ្លែងសុន្ទរកថារបស់លោកនៅថ្ងៃអង្គារស្អែកនេះ។
មេដឹកនាំចក្រភពអង់គ្លេស ប្រទេសចិន បារាំង និងរុស្ស៊ី នឹងមិនចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះឡើយ ដោយចាត់តាំងរដ្ឋមន្ត្រីតំណាងប្រទេសរបស់គេរៀងៗខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានកំណត់នឹងឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារស្អែកនេះ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅថ្ងៃពុធផងដែរ។
លោក Guterres និយាយថា លោកនឹងប្រាប់មេដឹកនាំទាំងអស់ថា នេះមិនមែនជាពេលវេលាដែលត្រូវបង្ហាញពីជំហរឬឋានៈនោះឡើយ ប៉ុន្តែជាពេលវេលា ដែលត្រូវធ្វើការជាមួយគ្នា ដើម្បីរកដំណោះស្រាយជាក់ស្តែងនិងពិតប្រាកដ»។ លោកបន្ថែមទៀតថា៖ «នេះជាពេលវេលាសម្រាប់ការសម្របសម្រួល ដើម្បីអនាគតដ៏ប្រសើរមួយ»៕