លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទើបបានចាប់ផ្តើមការពិភាក្សាគ្នានៅថ្ងៃពុធនេះនៅទីក្រុងហ្សឺណែវ ដោយភាគីទាំងពីរបង្ហាញពីការរំពឹងតិចតួចចំពោះកិច្ចព្រមព្រៀងសំខាន់ៗ។
មន្រ្តីសហរដ្ឋអាមេរិកនិងរុស្ស៊ីបាននិយាយថាទំនងជានឹងមានការពិភាក្សារយៈពេលពី៤ទៅ៥ម៉ោង។របៀបវារៈនៃកិច្ចពិភាក្សារួមមានជំនួបវគ្គដំបូងរបស់មេដឹកនាំទាំងពីរដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrov ចូលរួមដែរហើយបន្ទាប់មកនឹងមានក្រុមពិភាក្សាបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោកBidenម្នាក់បានប្រាប់អ្នកសារព័ត៌មានពេលធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវថាលទ្ធផលដ៏មានសក្តានុពលមួយសម្រាប់ការពិភាក្សាថ្ងៃពុធនេះគឺការអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់ប្រទេសនីមួយៗទៅបំពេញការងារឡើងវិញ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក John Sullivan និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោកAnatolyAntonov បានវិលត្រឡប់ទៅមាតុភូមិវិញនៅដើមឆ្នាំនេះចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីកាន់តែអាក្រក់។ឯកអគ្គរដ្ឋទូតទាំងពីរគ្រោងនឹងទៅក្រុងហ្សឺណែវនៅថ្ងៃពុធនេះ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថាគោលដៅរបស់លោក Bidenរួមមានវិស័យដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីអាចធ្វើការជាមួយគ្នានិងបញ្ជាក់ពីផលប្រយោជន៍ជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិកនិងថា«សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងផលប្រយោជន៍ទាំងនោះនឹងត្រូវឆ្លើយតប»ហើយនឹងបង្ហាញ«ចក្ខុវិស័យរបស់លោកសម្រាប់គុណតម្លៃរបស់អាមេរិកនិងអាទិភាពជាតិរបស់យើង»។
ការប្រជុំនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកBidenនៅបរទេសក្នុងនាមជាប្រធានាធិបតី។ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូល G-7 ដែលមានប្រទេសកាណាដាបារាំង អាល្លឺម៉ង់ អ៊ីតាលីជប៉ុន ចក្រភពអង់គ្លេសនិងអាមេរិកនិងបានជួបពិភាក្សាជាមួយមេដឹកនាំអង្គការអូតង់និងសហគមន៍អ៊ឺរ៉ុបដោយព្យាយាមជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនិងពិគ្រោះយោបល់ជាមួយពួកគេអំពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី៕