ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សន្យា​ថា​ សហរដ្ឋអាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ជាមួយ​ពិភពលោក


លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងសុន្ទរកថាអំពីគោលនយោបាយការបរទេសសហរដ្ឋអាមេរិក នៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងសុន្ទរកថាអំពីគោលនយោបាយការបរទេសសហរដ្ឋអាមេរិក នៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតិ​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​សន្យា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​ការ​ចូលរួម​ឡើង​វិញយ៉ាង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ក្នុង​អំឡុង​ពេលលោក​កាន់​តំណែង​ជា​ប្រធានាធិបតី​ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា «អតីត​កាល​ប៉ុន្មាន​ឆ្នាំ​នៃ​ការ​មិន​អើពើ និង​ការ​បំពាន» ទៅ​លើ​ទំនាក់ទំនង​ការ​បរទេស​ដោយ​អតីត​ប្រធានាធិបតី​លោក​Donald Trump។

«សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ»។ លោក Biden បានប្រកាសដូច្នេះនៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងអំពីគោលនយោបាយការបរទេសក្នុងនាមជាប្រធានាធិបតីរបស់លោក។

លោក​បាន​និយាយ​ថា៖ «សហរដ្ឋអាមេរិក​មិន​អាច​អវត្តមាន​លើ​ឆាក​អន្តរជាតិ​បាន​ទេ។ ការទូត​គឺជា​ចំណុច​ស្នូល​នៃគោលនយោបាយ​ការបរទេស​របស់​យើង»។​

លោកបាន​បន្តថា៖ «សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏អស្ចារ្យ​របស់​យើង» ហើយ​លោក​ក៏​បាន​ព្រមាន​ពី​ប្រទេស​រុស្ស៊ី និងប្រទេស​ចិន​ថា​ជា​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ដោះស្រាយ​ផង​ដែរ។

លោក Biden ថ្លែង​ទៀត​ថា ពាក្យស្លោក «គិត​គូរ​ពី​សហរដ្ឋអាមេរិក​ជាធំ»​ របស់​អតីត​ប្រធានាធិបតី​លោក Donald Trump តែង​តែ​បង្ក​ជម្លោះ​ជា​មួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​មាន​ចំណាត់ការ​ធូរ​រលុង​លើ​ប្រទេស​ដែល​ប្រកាន់​របប​ផ្ដាច់ការ។​

លោក​ Biden បាន​និយាយថា លោក​បាន​ប្រាប់​ប្រធានាធិបតី​រុស៊្សី​លោក Vladimir Putin តាម​ទូរស័ព្ទ​កាល​ពី​សប្ដាហ៍​មុន​ថា៖ «ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​ងាក​»​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន «បញ្ចប់​ហើយ»។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​អំពាវ​នាវ​ឲ្យ​លោក Putin ដោះលែង​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក​ Alexei Navalny ជា​បន្ទាន់ «ដោយគ្មាន​លក្ខខណ្ឌ»។ លោក​ Navalny ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​កន្លះ នៅ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​អាល្លឹម៉ង់​វិញ។ លោក Navalny បាន​ទៅ​សម្រាក​ព្យាបាល​នៅ​អាល្លឺម៉ង់​ បន្ទាប់​ពី​ត្រូវ​បានគេ​ដាក់​ថ្នាំ​បំពុល​ដោយ​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​ភ្នាក់ងាររុស្ស៊ី។

សម្រាប់​ប្រទេស​ចិន លោក Biden បាន​និយាយថា៖​ «យើង​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ពេល​មាន​អត្ថប្រយោជន៍​ឲ្យ​យើង​ធ្វើ​ដូច្នោះ»។

លោក​ Biden ក៏​បាន​និយាយ​ថា លោក​នឹង​បញ្ចប់​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​លើ​ការវាយ​លុក​ដោយ​យោធា ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ក្នុង​ប្រទេស​យេម៉ែន ដោយ​ហៅ​ការណ៍​នេះ​ថា​ជា «មហន្តរាយ​ផ្នែក​មនុស្ស​ធម៌ និង​យុទ្ធសាស្ត្រ។ សង្គ្រាម​នេះ​ត្រូវ​តែបញ្ចប់»៕

XS
SM
MD
LG