ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​ផ្តោត​លើ​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍


រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក រៀបចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក រៀបចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ផ្តោត​លើ​គោលនយោបាយ​ការបរទេស​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​លើកទី១​ របស់​លោក​ នៅឯ​ក្រសួង​ការបរទេសអាមេរិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ខណៈ​ដែល​សុន្ទរកថារបស់​លោក​មិន​អាច​បញ្ជាក់​ចំណុច​សំខាន់ៗពី​វិធី​ដោះស្រាយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដល់​គូសត្រូវ​បរទេស​ រួមមាន​ប្រទេស​ចិន​ កូរ៉េ​ខាង​ជើង ​រុស្ស៊ី​ និង​អ៊ីរ៉ង់​ លោក​ប្រធានាធិបតី Biden ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ដាក់​ចេញ​នូវ​ទស្សនៈ​របស់​លោក​ ដើម្បី​បង្កើន​ការទាក់ទង​របស់​លោក​ជាមួយ​សម្ព័ន្ធមិត្ត​ ដើម្បី​ប្រឈម​បញ្ហា​លំបាក​រួម​សាកល​លោក។

លោកស្រី ​Jen Psaki ​អ្នកនាំពាក្យ​សេតវិមាន​ បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​ប្រធានាធិបតី​ Biden​ នឹង​ថ្លែង​យ៉ាង​ទូលំទូលាយ​ ក៏ប៉ុន្តែ​មិន​ផ្តល់​ភាពជាក់លាក់​លើ​គោលនយោបាយ​ការបរទេស​ទេ។ លោកស្រី Psaki​ បាន​និយាយ​ទៀត​ថា ​លោក​ប្រធានាធិបតី​ជឿ​ថា​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត លើ​បញ្ហា​ប្រទេស​ចិន។ ​

លោកស្រី​ Psaki​ បាន​ថ្លែង​ថា៖ «យើង​ចាំបាច់​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង ​ដើម្បី​សម្រប​ថា​តើ​យើង​នឹង​ចាប់ផ្តើម​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ចិន​យ៉ាង​ដូចម្តេច​ ដែល​ទំនាក់​ទំនង​នេះ​ចេញពី​តួនាទី​នៃ​កម្លាំង។ មាន​សមាសភាព​សំខាន់ៗ​នៃ​ទំនាក់​ទំនង​នេះ​មាន​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ»។

នៅ​ក្នុង​ការឆ្លើយតប​សំណួរ​ពី​ VOA ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​ជា​«ទំនាក់​ទំនង​ដ៏​សំខាន់​បំផុត​មួយ ដែល​យើង​មាន​នៅលើ​ពិភពលោក​តទៅ​មុខ​ទៀត»៕

XS
SM
MD
LG