ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden នៅ​តែ​ប្តេជ្ញា​ផ្តល់​ថវិកា​ជំនួយ​ចំនួន​ ១.៤០០ ដុល្លារ​ដល់​ពលរដ្ឋ​ម្នាក់​ៗ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ពុធ នៅ​តែ​ប្តេជ្ញា​ផ្ដល់​ថវិកា​ជំនួយ​ចំនួន​ ១.៤០០ ​ដុល្លារ​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​វីរុស​កូរ៉ូណា ប្រសើរ​ឡើង​វិញ។

ក៏ប៉ុន្តែ លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា លោកសុខចិត្ត​ពិគ្រោះអំពីការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​ចង់​ឲ្យ​រឹតបន្តឹង​ទៅលើលក្ខខណ្ឌ​ថា​តើ​នរណា​ខ្លះ​គួរ​ទទួល​បាន​ប្រាក់​នេះ។

នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​រដ្ឋ​សភា​ ហើយ​ក្រោយ​មក​នៅឯ​ជំនួប​ក្នុង​សេតវិមាន​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់​មួយ​ក្រុម​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក​ប្រធានាធិបតី Biden បាន​អំពាវនាវ​ឲ្យ​សភា​អនុម័ត​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​សង្គ្រោះ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​នេះ។

កញ្ចប់​ថវិកា​នេះ​មាន​ទឹក​ប្រាក់ ១,៩ លាន​លាន​ដុល្លារ​ ដែល​រួមមាន​ទាំង​ប្រាក់ជំនួយ​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​ផង​ដែរ។ លោក Biden បាន​ច្រានចោល​ការ​អំពាវនាវ​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ការ​កម្រិតកញ្ចប់​ថវិកា​ជំនួយ​នេះ​ឲ្យ​មាន​ទឹកប្រាក់​ត្រឹម​តែ ៦១៨ ​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោក Biden បាន​ប្រាប់​សមាជិក​រដ្ឋសភា​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ​ប្រាក់​ចំណូល​លើ​អ្នក​ដែល​នឹង​ទទួល​បាន​ថវិកា​ចំនួន​ ១.៤០០ ដុល្លារ​នេះ ប៉ុន្តែ​លោក​នឹង​មិនកាត់​បន្ថយ​ទំហំ​ទឹក​ប្រាក់​នោះ​ទេ។ ​

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​មិន​ក្បត់​ពាក្យ​សន្យារបស់​ខ្ញុំ​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ទេ»។

លោក​និយាយ​ថា ការ​ផ្តល់​ប្រាក់​ដោយ​ផ្ទាល់​នៅ​ក្រោម​ផែនការ​របស់​លោក​នៅ​ពេល​ឥឡូវ​នេះ​នឹង​ផ្តល់​ថវិកា​ជំនួយ​ដល់​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល ៧ម៉ឺន​ ៥ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ទាប​ជាង​នេះ ឬប្ដីប្រពន្ធ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ១សែន ​៥ម៉ឺន​ដុល្លារ​ ឬ​ទាប​ជាង​នេះ។

ពួក​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​បាន​អំពាវនាវ​ឲ្យ​ផ្តល់​ប្រាក់​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង​នេះ​តែ​ប៉ុណ្ណោះ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ឲ្យ​ផ្ដល់​ថវិកា​ចំនួន ១.០០០ ដុល្លារ​ដល់​បុគ្គល​ណា​ដែល​មាន​ប្រាក់ចំណូល​ត្រឹម​តែ ៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ទាប​ជាង​នេះ ឬ​ប្ដីប្រពន្ធ​ដែល​មាន​ប្រាក់​ចំណូលរួម​គ្នា ៨ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ទាប​ជាង​នេះ ហើយ​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ចាប់​ពី ៥ ម៉ឺន​ដុល្លារ​ឡើង​ទៅ ឬ​ប្ដីប្រពន្ធ​ដែល​មាន​ប្រាក់​ចំណូលប្រចាំ​ឆ្នាំ​រួម​គ្នា​ចាប់ពី ១សែន​ដុល្លារ​ឡើង​វិញ នឹង​មិន​អាច​ទទួល​បាន​ប្រាក់​ជំនួយ​នេះ​ទេ។​

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ប្រាប់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ថា សំណើ​កញ្ចប់​ថវិកា​ចំនួន ៦១៨ ពាន់​លាន​ដុល្លារ​របស់​គណបក្ស​សាធារណរដ្ឋ​ «មិន​ស្ថិត​នៅ​ក្នុង​ជម្រើស​ទទួល​យក​បាន​នោះ​ទេ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG