ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជ្រើសតាំង​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ California ឲ្យ​ដឹកនាំ​ក្រសួង​សុខាភិបាល


រូបឯកសារ៖ អគ្គ​រដ្ឋអាជ្ញា​រដ្ឋ California លោក Xavier Becerra ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Sacramento រដ្ឋ California ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ជ្រើសរើស​លោក Xavier Becerra អគ្គ​រដ្ឋអាជ្ញា​រដ្ឋ California ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Becerra ដែល​ជា​អ្នក​ការពារ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Affordable Act នឹង​កាន់​តួនាទី​ដឹកនាំ ដើម្បី​មើលការ​ខុសត្រូវ​លើ​វិធានការ​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩។

មួយ​វិញ​ទៀត លោក Biden បាន​ជ្រើសរើស​អ្នកស្រី​វេជ្ជបណ្ឌិត Rochelle Walensky អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៃ​សាកលវិទ្យាល័យ Harvard ឲ្យ​ដឹកនាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)។

ប្រសិនបើ​ទទួល​បាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា លោក Becerra ដែល​មាន​អាយុ ៦២ ឆ្នាំ នឹង​ក្លាយជា​ជាតិសាសន៍​ឡាទីន​ដំបូង​បង្អស់​នៅ​ក្នុង​ការ​ដឹកនាំ​ក្រសួង​សុខាភិបាល។

ការ​ជ្រើសតាំង​លោក Becerra នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​មនុស្ស ២ នាក់ ដែល​ដឹង​អំពី​ការ​សម្រេច​នេះ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។ ការ​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ជ្រើសតាំង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក។

មនុស្ស ២ នាក់​ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​នោះ ក៏​បាន​បញ្ជាក់​ផងដែរ​អំពី​ការ​ជ្រើសតាំង​អ្នកស្រី Walensky។ តំណែង​ជា​នាយក​មជ្ឈមណ្ឌល CDC មិន​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG