ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េខាងជើង​និង​ចិន​ស្ថិត​ក្នុង​របៀបវារៈ​​សំខាន់​របស់​លោក Biden នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល


ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk-youl ក្នុង​ពិធី​ត្រួតពល​នៅ​សារមន្ទីរ​ជាតិ​កូរ៉េ​នៅ​ទី​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ ២០២២។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk-youl ក្នុង​ពិធី​ត្រួតពល​នៅ​សារមន្ទីរ​ជាតិ​កូរ៉េ​នៅ​ទី​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ក្នុង​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ទស្សនកិច្ច​ដែល​មាន​រយៈពេល​ ៦ ថ្ងៃ​នេះ លោក Biden នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ទើប​តែ​ឡើង​កាន់​តំណែង លោក Yoon Suk-yeol ដើម្បី​គូស​បញ្ជាក់​អំពី​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​តំបន់​អាស៊ី។

ក្រោយ​ពី​យន្ដហោះ​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Air Force ចុះ​ចត​កាល​ពី​ថ្ងៃ​សុក្រ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស Osan ក្នុង​ទីក្រុង Pyeongtaek ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៥ គីឡូម៉ែត្រ ពី​ទីក្រុង​សេអ៊ូល លោក Biden បាន​ចាប់ផ្ដើម​ធ្វើ​ទស្សនកិច្ច​ភ្លាមៗ​ទៅ​កាន់​រោងចក្រSamsung Pyeongtaek ដែល​ជា​រោងចក្រ​ផលិត​បន្ទះ​អេឡិចត្រូនិក​ semiconductor ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ រោងចក្រ​នេះ​គឺ​ជា​គំរូ​សម្រាប់រោងចក្រ​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ១៧ ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន Samsung កំពុង​សាងសង់​នៅ​ជាយ​ក្រុង Austin ក្នុង​រដ្ឋ Texas សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សុន្ទរកថា​ក្រោយ​ពី​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​នោះ​ដែល​បាន​បង្ហាញ​នូវ​បន្ទះ​ឈីប​ថ្មី​ប្រភេទ 3-nanometer ដល់​លោក លោក Biden បាន​ហៅ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ថា​ជា «គ្រឹះ​នៃ​សន្ដិភាព ស្ថិរភាព និង​ភាព​រុងរឿង»។ លោក Biden និង​លោក Yoon បាន​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​សង្វាក់​ផ្គត់ផ្គង់​នៃ​បន្ទះ​អេឡិចត្រូនិក semiconductors និង​ឧបករណ៍​សំខាន់ៗ​ដទៃ​ទៀត។ បច្ចុប្បន្ន​នេះ មាន​ការ​ខ្វះខាត​បន្ទះ​ឈីប​នៅ​ទូទាំង​ពិភពលោក​ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ បន្ទះ​ឈីប​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក និង​យាន្ដយន្ដ​នានា។

សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​គឺ​ស្ថិត​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ធំ​បំផុត​ទៅ​វិញ​ទៅ មក ដែល​មាន​ការ​វិនិយោគ​ដោយ​ផ្ទាល់​ជាង ៦២ ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ។ ​

មេដឹកនាំ​ទាំងពីរ​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហាទូលំទូលាយ​ជាង​នេះ ដែល​រួម​មាន​ទាំង​ពី​បញ្ហា​កូរ៉េខាងជើង និង​ផែនការ​ក្របខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ (Indo-Pacific Economic Framework) ផង​ដែរ។ ក្របខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​គឺ​ជា​ចំណុច​សំខាន់បំផុត​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ ចាប់​តាំង​ពី​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) កាល​ពី​ឆ្នាំ ២០១៧ មក។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​គឺ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ឆ្នាំ ២០១៦។

ខណៈ​ដែល​កូរ៉េខាងត្បូង​មិន​ទំនង​ជា​នឹង​បន្ធូរបន្ថយ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​នឹង​ចិនទេ​នោះ ការ​គាំទ្រ​របស់​កូរ៉េខាងត្បូង​ចំពោះ​ក្របខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​មាន​សារៈសំខាន់។ ក្របខណ្ឌ​នេះជា​យន្ដការ​ប្រឆាំង​តបត​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក Biden ទៅ​នឹង​ប្រទេស​ចិន។ ​

ក្របខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​រង​ការ​រិះគន់​អំពី​កង្វះខាត​មាត្រា​អំពី​ផ្នែក​ចូល​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ក្របខណ្ឌ​សេដ្ឋកិច្ច​នេះ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ដែល​មាន​រួច​ហើយ ដូចជា កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​វិវឌ្ឍនភាព​សម្រាប់​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership) និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ ហៅ​កាត់​ថា RCEP (Regional Comprehensive Economic Partnership) ជា​ដើម។

ទីប្រឹក្សា​សន្ដិសុខ​ជាតិ​នៃ​សេតវិមាន​លោក Jake Sullivan បាន​ច្រានចោល​ការ​រិះគន់​នេះ ដោយ​និយាយ​ថា ក្របខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​នឹង​ផ្ដល់​នូវ «ការ​ជំរុញ​យ៉ាង​ខ្លាំងក្លា និង​សន្ទុះ​គាំទ្រ» ចំពោះគំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ​

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «ការណ៍​នេះ​នឹង​ក្លាយ​ជា​គំរូ​ថ្មី​នៃ​ការ​រៀបចំ​សេដ្ឋកិច្ច ដែល​នឹង​កំណត់​នូវ​លក្ខខណ្ឌ និង​បទបញ្ញត្តិ​ជា​បន្តបន្ទាប់​សម្រាប់​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​សង្វាក់​ផ្គត់ផ្គង់​សម្រាប់​សតវត្សរ៍​ទី ២១ នេះ»។ ​

នៅ​ក្នុង​តំបន់​អាស៊ី លោក Biden នឹង​ធានា​សាជា​ថ្មី​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ និង​ប្រើប្រាស់​វិបត្តិ​អ៊ុយក្រែន​ជា​សញ្ញាណ​ថា ការ​ផ្លាស់ប្ដូរ​ជា​ឯកតោ​ភាគី​ទៅ​កាន់​ស្ថានភាព​ណាមួយ​ដោយ​បង្ខំ មិន​ថា​នៅ​ក្នុង​កោះ​តៃវ៉ាន់ ឬ​នៅ​តាម​ប្រជុំ​កោះ​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ គឺ​ជា​ការណ៍​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG