ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងទទួលរៀបចំកិច្ចប្រជុំមួយក្នុងរដ្ឋធានាវ៉ាស៊ីន តោននៅថ្ងៃព្រហស្បតិ៍នេះជាមួយប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ខណៈ ពេលដែលសេតវិមានកំពុងត្រៀមដាក់ទណ្ឌកម្មប្រឆាំងភាគីជម្លោះនៅក្នុងតំបន់ភាគខាងជើងប្រទេសអេត្យូពីដែលនៅក្បែរខាងប្រទេសកេនយ៉ានោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជំនួបនៅឯសេតវិមាននេះគឺជាលើកទី១របស់លោក Biden ក្នុងនាមជាប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំមួយរូបមកពីទ្វីបអាហ្វ្រិក។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាពីកិច្ចប្រឹងប្រែងដើម្បីការពារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធមនុស្ស ធ្វើឲ្យជឿនលឿនដល់សន្តិភាពនិងសន្តិសុខ បង្កើនការរីកលូតលាស់សេដ្ឋកិច្ចនិងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ប្រទេសកេនយ៉ាធ្វើជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងខែនេះ។ សហរដ្ឋអាមេរិកនិងកេនយ៉ា បានធ្វើកិច្ចសហប្រតិបត្តិការជាយូរមកហើយលើវិស័យសេដ្ឋកិច្ចនិងសន្តិសុខ ដែលក្នុងនោះក៏រួមមានការប្រឆាំងអំពើភេរវកម្មផងដែរ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Biden កំពុងពិចារណាចាត់វិធានការដាក់ទណ្ឌកម្មចំពោះវិបត្តិដែលកំពុងកាន់តែអាក្រក់ឡើងនៅក្នុងតំបន់ភាគខាងជើងប្រទេសអេត្យូពី ជាទីកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយមនុស្សរាប់លាននាក់ទៀត កំពុងត្រូវការជំនួយមនុស្សធម៌ជាខ្លាំងនោះ។
កាលពីខែមុន លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីត្រួសត្រាយផ្លូវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលអេត្យូពីនិងក្រុមរណសិរ្ស TPLF ប្រសិនបើពួកគេមានតួនាទីនៅក្នុងការទទួលខុសត្រូវក្នុងការធ្វើឲ្យជម្លោះអូសបន្លាយកាន់តែយូរ រារាំងមិនអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ឬក៏រំលោភបំពានដ៏ធ្ងន់ធ្ងរលើសិទ្ធិមនុស្សនោះ៕