ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក អនុម័ត​ពង្រីក​អំណាច​ខ្ចី​បំណុល​របស់​រដ្ឋាភិបាល


រូបឯកសារ៖ ផ្នែក​ខាងកើត​នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ ផ្នែក​ខាងកើត​នៃ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋសភា​សហរដ្ឋ​អាមេរិក ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពង្រីក​អំណាច​ខ្ចី​បំណុល​របស់​រដ្ឋាភិបាល​រហូត​ដល់​ដើម​ខែ​ធ្នូ ដោយ​បញ្ចៀស​មិន​ឲ្យ​មាន​ស្ថានការណ៍​ដែល​រដ្ឋាភិបាល​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន​នៅ​សប្ដាហ៍​ក្រោយ ដែល​ជា​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​អស់​ប្រាក់​ដើម្បី​ទូទាត់​ការ​ចំណាយ។

ការ​បោះឆ្នោត​របស់​រដ្ឋសភា​នេះ​ បាន​បង្កើន​បំណុល​ចំនួន ៤៨០ ពាន់​លាន​ដុល្លារ​ទៀត បន្ថែម​ពី​លើ​បំណុល​សរុប​នៅ​ពេល​បច្ចុប្បន្ន​ចំនួន ២៨,៤ លាន​លាន​ដុល្លារ រហូត​ដល់​ថ្ងៃ​ទី ៣ ខែ​ធ្នូ។

ព្រឹទ្ធសភា​ បាន​អនុម័ត​លើ​សំណើ​ច្បាប់​បង្កើន​បំណុល​នេះ​ កាលពី​សប្ដាហ៍​មុន។ សំណើ​ច្បាប់​នេះ​នឹង​ក្លាយទៅ​ច្បាប់​បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden ចុះ​ហត្ថលេខា​លើ​វា។

ទោះបីជា​ការ​បោះឆ្នោត​នៅ​សភា​និង​ការ​ចុះ​ហត្ថលេខា​របស់​លោក Biden អាច​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​បន្ទាន់​សម្រាប់​រដ្ឋាភិបាល​ក៏ដោយ ក៏​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​និង​សេតវិមាន​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ​អំពី​ការ​ពង្រីក​អំណាច​ខ្ចី​បំណុល​របស់​រដ្ឋាភិបាល​សម្រាប់​រយៈពេល​វែង។

លោក Mitch McConnell មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា ដែល​ជា​គណបក្ស​សំឡេង​ភាគ​តិច អាច​ទាក់ទាញ​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​កាលពី​សប្តាហ៍​មុន ដើម្បី​ជួយ​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​បាន​សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​ការ​អនុម័ត​លើ​សំណើ​ច្បាប់​ស្ដីពី​ការ​ពង្រីក​អំណាច​ខ្ចី​បំណុល​រយៈពេល​ខ្លី​នេះ។

ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​នឹង​មិន​ធ្វើ​ដូច្នេះ​ទៀត​ទេ​នៅ​ពេល​លទ្ធភាព​នៃ​ការ​ខ្ចី​បំណុល​នេះ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ​ខាង​មុខ។

សហរដ្ឋ​អាមេរិក​អាច​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​កំណត់​កម្រិត​បំណុល​អតិបរមា។ រដ្ឋាភិបាល​អាមេរិក​បាន​កែប្រែ​កម្រិត​បំណុល​អតិបរមា​នេះ​ប្រហែល ៧០ ដង រួម​មក​ហើយ​តាំងពី​ឆ្នាំ ១៩៦៥ មក ដោយ​បង្កើន​កម្រិត​បំណុល​អតិបរមា​នេះ ឬ​ក៏​ផ្អាក​កម្រិត​បំណុល​អតិបរមា​នេះ​ទាំងស្រុង​រយៈពេល​មួយ​ឆ្នាំ​ ឬ​ក៏​ពីរ​ឆ្នាំ៕

XS
SM
MD
LG