ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា​កងកម្លាំង​អ៊ីរ៉ាក់​បាន​បង្ហាញ​ពី​ភាព​ក្លាហាន​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម


ទិវា​រំឮក​វិញ្ញាណក្ខណ្ឌ​នៅ​អាមេរិក។
ទិវា​រំឮក​វិញ្ញាណក្ខណ្ឌ​នៅ​អាមេរិក។

នៅ​ក្រោយ​ការ​ចង្អុល​ដាក់​គ្នា​បី​បួន​ថ្ងៃ​ដោយ​ក្រុម​មន្ត្រី​ស.រ.អា.​និង​អ៊ីរ៉ាក់​ដែល​បាន​ព្យាយាម​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​រុល​ទៅ​មុខ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម លោក​អនុ​ប្រធានាធិបតី​ស.រ.អា.​ Joe Biden ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ច័ន្ទ។

នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​មួយ​នៅ​ទិវា​រំឮក​វិញ្ញាណ​ក្ខណ្ឌ​យុទ្ធជន​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​ Haider Al-Abadi ​លោក​អនុ​ប្រធានាធិបតី​បាន​កត់​សម្គាល់​អ្វី​ដែល​លោក​ហៅ​ថា​ «ពលិកម្ម​និង​សេចក្តី​ក្លាហាន​ដ៏​ធំធេង» របស់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ចាប់ផ្តើម​វាយ​យក​ដែនដី​យ៉ាង​ឃោរឃៅ​ ដែល​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ហើយ​បន្ទាប់​មក​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ស.រ.អា.​បាន​សាកសួរ​អំពី​ឆន្ទៈ​របស់​កងកម្លាំង​អ៊ីរ៉ាក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដែល​កំពុង​កើត​មាន​ឡើង​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្រុង​ បាកដាដ ហើយ​និង​មាន​ការ​រិះគន់​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នេះ។​

ការ​ឆ្លើយឆ្លង​គ្នា​ខាង​ការទូត​នេះ​កើត​មាន​ឡើង​នៅ​ពេល​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុង​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​ Ramadi ​នៃ​ប្រទេស​អ៊ីរ៉ាក់។ ​កងកម្លាំង​យោធា​និង​កងកម្លាំង​យោធា​ប្រតិព័ទ្ធ​អ៊ីរ៉ាក់​កំពុង​ប្រុងប្រៀប​ធ្វើ​ការ​វាយប្រហារ​តបត​ដើម្បី​រុញ​ច្រាន​ទៅ​ក្រោយ​ខ្សែ​ជួរ​មុខ​នៅ​ក្នុង​ខេត្ត Anbar។​

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​បាន​បន្ថយ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុង Ramadi កាល​ពី​យប់មិញ​ ដោយ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​វាយ​ប្រហា​រជាច្រើន​ក្នុង​ចំណោម​ការ​វាយប្រហារ​អាកា​ស​២៥​ដង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទៅ​លើ​សំបុក​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ក្រុង​ Mosul ​និង​ក្រុង បាកដាដ។ ​ការ​វាយប្រហារ​តាម​អាកាស​១០​លើក​ថែមទៀត​បាន​យក​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ៕

XS
SM
MD
LG