អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងកាលពីយប់ថ្ងៃចន្ទថាតើលោកនឹងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ឬយ៉ាងណា នឹងអាស្រ័យទៅលើថាតើលោកនិងក្រុមគ្រួសាររបស់លោកត្រៀមខ្លួនរួចរាល់ឬនៅសម្រាប់តំណែងនេះ។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ទៅលើគុណសម្បត្តិរបស់លោកផងដែរ។
លោក Biden បានថ្លែងទៅកាន់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់លោកដែលមានចំណងជើងថា «Promise Me, Dad» នៅទីក្រុង Missoula រដ្ឋ Montana ថា «ខ្ញុំគិតថាខ្ញុំគឺជាអ្នកដែលមានគុណសម្បត្តិបំផុតក្នុងការកាន់តំណែងជាប្រធានាធិបតីនៅក្នុងប្រទេសនេះ។ បញ្ហាដែលប្រទេសយើងកំពុងប្រឈមសព្វថ្ងៃនេះគឺជាបញ្ហាដែលខ្ញុំបានធ្វើការពេញមួយជីវិតរបស់ខ្ញុំ ដូចជាស្ថានភាពរបស់ពលរដ្ឋដែលមានជីវភាពមធ្យម និងគោលនយោបាយការបរទេសជាដើម។ ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំនិងខ្ញុំត្រូវសម្រេចចិត្តរួមគ្នាថាតើយើងត្រៀមខ្លួនរួចរាល់ហើយឬនៅ។ យើងសម្រេចចិត្តជាលក្ខណៈគ្រួសារ»។
លោក Biden ដែលជាអនុប្រធានាធិបតីរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ខាងគណបក្សប្រជាធិបតេយ្យចំនួនពីរអាណត្តិ បាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តអំពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២០ ក្នុងរយៈពេល៦សប្តាហ៍ ឬ២ខែខាងមុខនេះ៕