ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី


ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​ក្រុង New Castle រដ្ឋ Delaware ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​ជាប់​ឆ្នោតលោក Joe Biden បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នា​រសៀល​ថ្ងៃ​អង្គារ ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ស្បថ​ចូល​កាន់​តំណែង​និង​បំពេញ​តួនាទី​របស់​លោក​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក ខណៈ​ប្រទេស​មហា​អំណាច​មួយ​នេះ​កំពុង​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ បញ្ហា​គ្មាន​ការងារ​ធ្វើ​ដែល​កាន់តែ​ដុនដាប និង​បញ្ហា​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ។

ដំបូង​ឡើយ លោកBiden ​បាន​គ្រោង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​រដ្ឋ​កំណើត​របស់​លោក​គឺ​រដ្ឋ Delaware មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្បថ​ចូល​កាន់​តំណែង ប៉ុន្តែ​លោក​បាន​លុប​ចោល​គម្រោង​នេះ​វិញ​ក្រោយ​កុបកម្ម​ហិង្សា​បាន​កើត​ឡើង​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៦ ខែមករា​កន្លង​ទៅ​នេះ។

នៅ​រសៀល​ថ្ងៃ​អង្គារ លោក Biden អម​ដំណើរ​ជាមួយ​នឹង​ភរិយា​លោក​គឺ​លោកស្រី Jill Biden បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចុះចត​នៅ​មូលដ្ឋាន​យោធា​អាមេរិក​មួយ​កន្លែង​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ការពារ​សន្តិសុខ​ដ៏​តឹង​រ៉ឹង​បំផុត ដោយ​កង​ឆ្មាំ​ការពារ​ជាតិ​ប្រមាណ ២ម៉ឺន ៥ពាន់​នាក់ ឈរ​ជើង​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក សេតវិមាន និង​សួន​ឧទ្យានជាតិ the​ National Mall។

មុន​ពេល​លោក​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន ករណី​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស ៤ សែន​នាក់​ទៅ​ហើយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ Biden បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋ Delaware មុន​លោក​បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «នេះ​គឺជា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត។ ប៉ុន្តែ​ពន្លឺ [ក្តីសង្ឃឹម] តែងតែ​មាន​ជានិច្ច»។

លោក Biden មាន​គម្រោង​ចេញបទបញ្ជា​នីតិប្រតិបត្តិ​មួយ​ចំនួន​ក្នុង​ថ្ងៃដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក ដោយ​រួមមាន​ការ​ចូលរួម​ជាថ្មី​វិញជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែលប្រធានាធិបតី​ជិត​ដាច់​អាណត្តិ​លោក Donald Trump បាន​សម្រេច​ដក​សមាជិកភាព​របស់​សហរដ្ឋ​អាមេរិក​ចេញ ការ​លុប​ចោល​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ប្រទេស​កាន់​សាសនា​ឥស្លាម​មួយ​ចំនួន​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក ការ​ពន្យារពេល​បង់​ថ្លៃ​ប្រាក់​ជួល​ផ្ទះក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិធានការ​ស្តី​ពី​ប្រាក់​កម្ចី​របស់​និស្សិត​ជា​ដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG