ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​១២​នាក់​ត្រូវបាន​ដកចេញ​ពីបេសកកម្ម​​ការពារ​សន្តិសុខ​ក្នុង​ពិធីស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden


កងកម្លាំង​ឆ្មាំការពារ​ជាតិ​សហរដ្ឋ​អាមេរិក​យាមល្បាត​សន្ដិសុខ​នៅ​វិមាន​សភា​ នៅ​មុន​ពិធី​ស្បថចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden មក​ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​ម្នាក់ និង​មន្ត្រី​យោធា​ម្នាក់​ទៀត ​បាន​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ថា សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ចំនួន ១២ នាក់ ត្រូវបាន​ដក​ចេញ​ពី​បេសកកម្ម​ការពារ​សន្តិសុខ​ក្នុង​ពិធី​សច្ចា​ប្រណិធានចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden បន្ទាប់​ពី​ពួកគេទាំង​នោះ​ត្រូវបាន​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧទ្ទាម​ស្តាំ​និយម ឬ​បាន​បង្ហោះ​ទស្សនៈ​ជ្រុល​និយម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ មន្រ្តី​ទាំង​ពីរនាក់​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មិន​មាន​ហានិភ័យ​ណា​មួយ​ត្រូវបាន​ប៉ុនប៉ង​លើ​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden ទេ។ ​

មន្ត្រី​ទាំង​ពីរ​នាក់ ដែល​បាន​ដឹង​ពី​ព័ត៌មាន​នេះ មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​ទាំង​១២នាក់​នោះ​ទេ។

មន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន AP ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ទេ ដោយ​សារ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​សាធារណៈ​អំពី​បញ្ហា​នេះ​។

ការ​ដក​សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​ទាំង​នេះ​ពី​បេសកកម្ម​សន្តិសុខ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​ការិយាល័យ​សហព័ន្ធ​ផ្នែក​ស៊ើប​អង្កេត (FBI) បាន​ពិនិត្យ​មើល​លើ​ប្រវត្តិរូប​របស់​កង​ឆ្មាំ​ការពារ​ជាតិ​ចំនួន ២ម៉ឺន ៥ពាន់​នាក់ ដែលនឹង​ចូលរួម​ក្នុង​បេសកកម្ម​ការពារ​សន្តិសុខ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ។

មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​វាយប្រហារ​ពី​កងកម្លាំង​ផ្ទៃក្នុង ​ដែល​អាច​កើត​មាន​ឡើង ឬ​ការ​វាយ​ប្រហារ​ពី​សមាជិក​កង​សន្តិសុខ​ពិសេស​ បន្ទាប់​ពី​កុបកម្ម​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​វិមានសភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី៦ ខែ​មករា​កន្លង​ទៅ​ ដោយ​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក​ឧត្ដមសេនីយ៍ Daniel Hokanson មេបញ្ជាការ​កង​ឆ្មាំ​ការពារ​ជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​ទាំង​១២នាក់​នោះ ត្រូវបាន​ដក​ចេញ​ពី​បេសកកម្ម​សន្តិសុខ​ ហើយត្រូវ​បាន​បញ្ជូន​ទៅ​មូលដ្ឋាន​របស់​ពួកគេ​វិញ។

លោក Hokanson ​ថា សមាជិក​២នាក់​ក្នុង​ចំណោម​១២នាក់​នោះ ត្រូវបាន​ដកចេញ​ដោយសារ​ការ​បញ្ចេញ​មតិ​មិន​សមរម្យ​ ឬ​បាន​ផ្ញើ​សារ​នានា​ពាក់ព័ន្ធ​នឹង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី។ ហើយ​សមាជិក ១០នាក់​ផ្សេង​ទៀត ត្រូវបាន​ដក​ចេញ​ដោយសារ​បញ្ហា​ចម្បង​នានា ដែល​អាច​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​ពី​អតីតកាល ប៉ុន្តែ​មិនពាក់​ព័ន្ធ​នឹង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ទេ។ ​

គេ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ថា​តើ​សមាជិក​កង​ឆ្មាំ​ការពារ​ជាតិ​ទាំង​នេះ នឹង​ប្រឈម​ពិន័យ​អ្វី​នោះ​ នៅ​ពេល​ពួកគេ​ត្រឡប់​ទៅ​មូលដ្ឋាន​របស់​ខ្លួន​វិញ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG