ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​បដិសេធ​ការអះអាង​ថា​ លោក​រក្សា​ទុក​ឯកសារ​មិន​បាន​ល្អ​ និង​ថា​ផ្ទុយ​ពី​ករណី​លោក Trump ​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ ថ្លែង​នៅ​បន្ទប់ការទូតរបស់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍​ទី៨ កុម្ភៈ ឆ្នាំ២០២៤។ (AP Photo/Evan Vucci)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ ថ្លែង​នៅ​បន្ទប់ការទូតរបស់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍​ទី៨ កុម្ភៈ ឆ្នាំ២០២៤។ (AP Photo/Evan Vucci)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ កាលពី​ថ្ងៃព្រហស្បតិ៍​បានរុញច្រាន​មកវិញ​លើ​ការអះអាង​ដែល​ថា ​លោក​បានរក្សា​ទុក​មិនត្រឹមត្រូវ​នូវ​ឯកសារ​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល ​ដែល​ផ្ទុយ​ស្រឡះ​ពី​ករណី​របស់​លោក​ជាមួយ​អតីត​ប្រធានាធិបតី ​លោក​ Donald Trump។ នេះ​ជា​ការបញ្ជាក់ពី​បញ្ហា​ផ្លូវ​ច្បាប់​ផ្ទាល់ខ្លួន​ដែល​ផ្ទុយគ្នា​នឹង​បញ្ហារបស់​លោក Trump ​នៅក្នុង​ថ្ងៃ​តែមួយ​ដែល​តុលាការ​កំពូល​បាន​ស្តាប់​ទឡ្ហីករណ៍​នៅក្នុង​សំណុំរឿង​មួយ​ដែល​អាច​ដក​លោក Trump​ ចេញ​ពី​ការប្រកួត​ប្រជែង​ប្រធានាធិបតី។

លោក Biden ​បានថ្លែង​ប្រាប់ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សុន្ទរកថា​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នោះ ​ដោយ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ថា ​លោក​បាន​រក្សា​ទុក​និង​ចែករំលែក​ឯកសារ​សម្ងាត់ ​ដោយ​ស្ម័គ្រចិត្ត ដូច​ដែល​ត្រូវ​បាន​បញ្ជាក់ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​នោះ​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ការ​អះអាង​ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ការ​បំភាន់​នោះ​ទេ វាជា​ការ​ខុស​ឆ្គងហ្មង»​។

របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេស ​លោក ​Robert Hur ​បាន​សន្និដ្ឋាន​ថា ​គ្មាន​ការចោទប្រកាន់​លោក Biden ​ពី​បទព្រហ្មទណ្ឌ​ទេ ​ហើយ​ឯកសារ​សម្ងាត់​ជាច្រើន​ដែល​បាន​រកឃើញ​នៅក្នុង​ការិយាល័យ​ និង​គេហដ្ឋាន​របស់ ​លោក ​Biden ​ត្រូវបានរក្សាទុក​ដោយ​ភាន់ច្រឡំ។

សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី Joe Biden​ ​មិនសុំ​ឱ្យ​មាន​ការ​លុបចោលផ្នែក​ខ្លះនៅ​ក្នុងរបាយការណ៍របស់​រដ្ឋអាជ្ញា​ពិសេសនៃ​ក្រសួង​យុត្តិធម៌​ដែល​ស៊ើបអង្កេត​អំពី​ការរក្សា​ទុកឯកសារ​សម្ងាត់របស់​លោកទេ​ ហើយ​ការណ៍​នេះបើកផ្លូវ​ឱ្យ​មានការចេញផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​នេះ។

អ្នកនាំពាក្យ​ការិយាល័យមេធាវី​សេតវិមាន​លោក Ian Sams ​បាន​និយាយថា ​សេតវិមាន​បាន​ប្រាប់​ក្រសួង​យុត្តិធម៌​ថា ខ្លួន​បានពិនិត្យមើលរបាយការណ៍​នេះ​កាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍​ហើយ។ លោក​បានថ្លែង​ថា៖​ «​ដោយ​ធ្វើតាមការសន្យា​របស់​លោក​ថាធ្វើ​សហប្រតិបត្តិការ​ប្រកប​ដោយ​តម្លាភាព​នៅ​ក្នុង​ការស៊ើបអង្កេត​នេះ ​លោក​ប្រធានាធិបតី​បាន​ប្រកែក​មិន​ប្រើ​បុព្វសិទ្ធិលើផ្នែក​ណា​មួយនៃ​របាយការណ៍​នេះ​ទេ‍»។

ការ​ស៊ើបអង្កេតក្នុងរ​យៈពេល​មួយ​ឆ្នាំ​នេះ​ផ្តោតលើ​ការថែរក្សាទុកមិនត្រឹមត្រូវ​នូវ​ឯកសារសម្ងាត់ដោយ​លោក Biden តាំង​ពី​ពេល​លោកកាន់​តំណែង​ជាសមាជិក​ព្រឹទ្ធសភា​និង​ជា​អនុប្រធានាធិបតី។ ​ឯកសារ​រសើប​ទាំង​នេះត្រូវ​បានរកឃើញកាលពី​ឆ្នាំ ២០២២​ និង​ឆ្នាំ​ ២០២៣ ​នៅផ្ទះ​លោក​ក្នុង​រដ្ឋ Delaware ​និង​នៅ​ការិយាល័យ​ឯកជន​មួយដែល​លោកបាន​ប្រើប្រាស់​រវាង​ពេល​បម្រើ​ការងារ​របស់​លោក​ក្នុង​រដ្ឋបាល​លោក Obama ​និងនៅពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី។

របាយការណ៍​នេះមាន​ឡើង​នៅពេល​មាន​ការស៊ើបអង្កេត​មួយ​របស់​ក្រសួង​យុត្តិធម៌ដែលនាំ​ឱ្យ​មាន​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​រក្សា​ទុកដោយ​ខុស​ច្បាប់នូវ​ឯកសារ​សម្ងាត់​បំផុតនៅក្រោយ​លោក​បានចេញពីតំណែង​ ហើយ​បាន​ប្រកែកមិនព្រម​ប្រគល់ឯកសារ​ទាំង​នេះទៅ​ឱ្យពួកមន្ត្រី​សហព័ន្ធនៅពេល​ស្នើសុំ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG