ជិតមួយខែបន្ទាប់ពីប្រកាសផែនការដ៏ធំមួយដែលតម្រូវឲ្យពលរដ្ឋអាមេរិកាំងរាប់លាននាក់ចាក់វ៉ាក់សាំងកូវីដ១៩មក លោកប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការជឿនលឿននៃតម្រូវការចាក់វ៉ាក់សាំង។
នៅក្នុងការអត្ថាធិប្បាយនៅឯក្រុមហ៊ុន Clayco ដែលជាក្រុមហ៊ុនសំណង់ជាតិ លោក Biden បានមានប្រសាសន៍ថា បទបញ្ជារបស់លោកដំណើរការ ហើយពលរដ្ឋអាមេរិកាំងរាប់លាននាក់បានចាក់វ៉ាក់សាំង ចាប់តាំងពីការប្រកាសបទបញ្ជានេះមក។
លោកមានប្រសាសន៍ថា «យើងដឹងថា មិនមានវិធីផ្សេងកំចាត់ជំងឺរាតត្បាតល្អជាងឲ្យពលរដ្ឋអាមេរិកាំងភាគច្រើនចាក់វ៉ាក់សាំងនោះទេ។ យើងមិនទាន់បានទៅដល់គោលដៅទេ។ យើងត្រូវតែឈ្នះជំងឺនេះ»។
លោកប្រធានាធិបតីក៏បានមានប្រសាសន៍ដែរថា តម្រូវការឱ្យចាក់វ៉ាក់សាំងនេះគឺល្អសម្រាប់សេដ្ឋកិច្ច ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។
នៅពេលបញ្ចប់សុន្ទរកថារបស់លោក លោក Biden បានអំពាវនាវឱ្យក្រុមហ៊ុនកាន់តែច្រើនទៀតអនុវត្តបទបញ្ជានេះ។
ការស្ទង់មតិចុងក្រោយដោយសាកលវិទ្យាល័យ Quinnipiac ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញថា ចំណាត់ការរបស់លោក Biden ចំពោះជំងឺកូវីដ១៩ មានការគាំទ្រពីសាធារណជន៤៨% និងការមិនគាំទ្រ៥០%។
កាលពីខែមុន លោក Biden បានប្រកាសផែនការដែលតម្រូវឲ្យចាក់វ៉ាក់សាំងនៅក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើង។ អ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវបង្ហាញលទ្ធផលធ្វើតេស្តជារៀងរាល់សប្តាហ៍។ លក្ខខណ្ឌនេះអាចប៉ះពាល់អ្នកធ្វើការជាង១រយលាននាក់។
ថ្វីបើមានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនអាមេរិកក៏ដោយ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩នៅឆ្នាំ ២០២១ លើសឆ្នាំ២០២០។ រហូតមកដល់ពេលនេះជនជាតិអាមេរិកជាង ៧០០.០០០ នាក់បានស្លាប់ដោយសារវីរុសនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters)