លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នឹងឈ្នះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដ៏ច្រើនលើសលុប ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើនៅពេលនេ។ នេះបើតាមការស្ទង់មតិថ្មីមួយ។
ការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters មានអ្នកឆ្លើយតបចំនួន ៤៨ភាគរយ និយាយថា ពួកគេនឹងបោះឆ្នោតឲ្យលោក Biden ហើយ ៣៥ភាគរយ និយាយថា គេនឹងបោះឆ្នោតឲ្យប្រធានាធិបតីត្រាំ។
ការស្ទង់មតិបង្ហាញថា មានការគាំទ្រលោកប្រធានាធិបតី ត្រាំ ៤០ភាគរយ ចំពោះចំណាត់ការនៃការផ្ទុះឡើងមេរោគកូរ៉ូណា ដោយចំនួន ៥៥ភាគរយ មិនគាំទ្រលោកប្រធានាធិបតី។
និយាយរួមការស្ទង់មតិនោះ ផ្តល់ឲ្យលោកប្រធានាធិបតីនូវអត្រាគាំទ្រចំនួន ៣៨ភាគរយ។ ក៏ប៉ុន្តែមានព័ត៌មានល្អខ្លះសម្រាប់លោកប្រធានាធិបតី។ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានបង្ហាញថា អ្នកឆ្លើយតប ជឿថាលោក នឹងធ្វើឲ្យសេដ្ឋកិច្ចប្រសើរជាងលោក Biden ដោយមានសំឡេងគាំទ្រ ៤៣ភាគរយ ទល់នឹង ៣៨ភាគរយ។
ក្នុងការស្ទង់មតិដាច់ដោយឡែកដោយកម្មវិធី Change Research នៃបណ្តាញទូរទស្សន៍ CNBC បានប្រាប់ឲ្យដឹងថា លោក Biden នាំមុខលោកប្រធានាធិបតី នៅក្នុងរដ្ឋចំនួន៦ ដែលមិនទាន់សម្រេចបោះឆ្នោតឲ្យបេក្ខជនណា ទំនងជាកំណត់លទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកា ដូចជារដ្ឋអារីហ្សូណា រដ្ឋ Florida រដ្ឋ Michigan រដ្ឋ North Carolina រដ្ឋ Pennsylvania និងរដ្ឋ Wisconsin។
ក៏ប៉ុន្តែ ការនាំមុខរបស់លោក Biden លើលោកប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋទាំងនោះ មានចំនួនតិចគឺ ៤៨ភាគរយ ទល់នឹង ៤៥ភាគរយ៕