ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ Biden ​គាំទ្រ​ការ​បដិសេធ​របស់​លោក ​Trump​ ចំពោះ​ការ​ទាមទារ​របស់​ចិន​នូវ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ 


បាតុករ​ស្រែក​ពាក្យ​ស្លោក​ខណៈ​ពួក​គេ​កាន់​ទង់ជាតិ​ហ្វីលីពីន ក្នុង​អំឡុង​បាតុកម្មមួយ​​នៅ​មុខ​ស្ថានកុងស៊ុល​ចិន​នៅ​ទី​ក្រុង Makati ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បន្តការ​បដិសេធ​របស់​រដ្ឋបាល​លោក​ Donald Trump​ ចំពោះ​ការ​ទាមទារ​ដែន​សមុទ្រ​ស្ទើរ​តែ​ទាំងអស់​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​ រដ្ឋបាល​របស់​លោក ​Biden​ ក៏​បាន​ព្រមាន​ប្រទេស​ចិន​ផង​ដែរ​ថា​រាល់​ការ​វាយ​ប្រហារ​ណា​មួយ​ទៅ​លើ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​តំបន់​រសើប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក​ក្រោម​សន្ធិសញ្ញា​ការពារគ្នា​ទៅវិញ​ទៅ​មក។​

សារ​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ស.រ.អា.​ Antony Blinken ​បាន​ចេញ​ផ្សាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​មុន​ខួប​៥​ឆ្នាំ​នៃ​សេចក្តី​សម្រេច​របស់​សាលាក្តី​អន្តរជាតិ​ដែល​គាំទ្រ​ដល់​ប្រទេស​ហ្វីលីពីន​ប្រឆាំង​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​នៅ​ប្រជុំ​កោះ​ Spratly ​និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​និង​ឆ្នេរ​ដែល​នៅ​ក្បែរ​នោះ។​ចិន​បាន​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ។​

នៅ​មុន​ខួប​៤​ឆ្នាំ​នៃ​សេចក្តី​សម្រេច​នេះកាល​ពី​ឆ្នាំ​មុន​រដ្ឋបាល​លោក​Trump​បាន​ចេញ​មុខ​គាំទ្រ​សេចក្តី​សម្រេច​នេះ​ប៉ុន្តែ​ក៏​បាន​និយាយ​ថា​ខ្លួន​បាន​ចាត់​ទុក​ថាជា​ការ​មិន​ស្រប​ច្បាប់​ស្ទើរ​តែ​ទាំង​អស់​ចំពោះ​ការ​ទាមទារ​ដែន​សមុទ្រ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ខាង​ក្រៅដែន​ទឹក​ដែលត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​របស់​ប្រទេស​ចិន។​

លោក ​Blinken ​បាន​និយាយថា៖ ​«គ្មាន​កន្លែង​ណា​ដែល​បទ​បញ្ជា​តាម​សមុទ្រ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ខ្លាំង​ជាង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ»។​ លោក​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពីបទ​បន្ត​«បង្ខិត​បង្ខំ​និង​បំភិត​បំភ័យបណ្តា​រដ្ឋ​នៅ​ជាប់​ឆ្នេរសមុទ្រ​នៅ​អាស៊ីអាគ្នេយ៍​ដោយ​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​នៅ​ក្នុង​ច្រក​សមុទ្រ​របស់​ពិភព​ដ៏​សំខាន់​នេះ»។

លោក​បាន​និយាយ​យោង​ដល់​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ Mike Pompeo ​អតីតរដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ថា៖​ «សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​គោល​នយោបាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ឆ្នាំ​២០២០​ទាក់ទង​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​យើង​ក៏​បាន​បញ្ជាក់​ជាថ្មី​ផង​ដែរ​ថា​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​នាវា​សាធារណៈ​ឬ​យន្តហោះ​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ជំរុញ​ឲ្យ​ស.រ.អា.​អនុវត្ត​ការ​តាំង​ចិត្ត​ការ​ការពារ​គ្នា​ទៅវិញ​ទៅ​មក​ជាមួយ​ប្រទេស​ហ្វីលីពីន»។​

មាត្រា​៤​នៃ​សន្ធិ​សញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅមក​រវាង​សហ​រដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ឆ្នាំ​១៩៥១​តម្រូវ​ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ៕

XS
SM
MD
LG