ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រឹងប្រែង​របស់​ម៉ាឡេស៊ី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​​ចិន


ក្នុង​រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ និង​​ផ្តល់​ឱ្យ​ដោយ​កងទ័ព​អាកាស​ភូមិ្ទ​ម៉ាឡេស៊ី​​នេះ គេ​ឃើញ​យន្តហោះ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLAAF) Xian Y-20 ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​អះអាង​ថាកំពុង​ហោះ​ក្នុង​ដែន​អាកាស​ខ្លួន។

ក្រុម​អ្នក​វិភាគជឿជាក់​ថា​សម្ពាធ​ពី​ប្រទេស​ចិន​លើ​រឿង​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ដែល​កំពុង​ពុះ​កញ្ជ្រោល​បាន​ជំរុញ​ឲ្យ​ប្រទេសម៉ាឡេស៊ី​បន្ថែម​សន្ទុះ​ធ្វើ​ទំនើប​កម្ម​ទ័ព​អាកាសរបស់​ខ្លួន រួម​មានការ​ទិញយន្ត​ហោះ​ចម្បាំង​ថ្មី​ចំនួន​៣៦​គ្រឿង។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ថា​ខ្លួននឹង​ដេញ​ថ្លៃយន្តហោះ​ចម្បាំង​ធន់ស្រាល​និង​គ្រូ​បង្ហាត់​ទ័ព​អាកាស។​ ការ​ដេញ​ថ្លៃរយៈ​ពេល​៣​ខែ​សម្រាប់​យន្តហោះ​ចំនួន ​១៨​គ្រឿង​ដំបូង​ស៊ី​គ្នា​នឹងកិច្ច​ប្រឹងប្រែង​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​អាកាស​ម៉ាឡេស៊ីឲ្យ​កាន់​តែ​ទូលំទូលាយ។​

គម្រោង​ដែល​មាន​ឈ្មោះ​ថា​ Capability 55 ​អំពាវនាវ​ឲ្យ​ទិញ​យន្តហោះ​ចម្បាំង​១៨ ​គ្រឿង​ប្រភេទ​ដូច​គ្នា​បន្ថែម​ទៀតឲ្យ​បាន​ត្រឹម​ឆ្នាំ ​២០២៥​រួម​នឹង​យន្តហោះ​ត្រួត​ពិនិត្យ​ផ្លូវ​អាកាស​គ្មាន​មនុស្ស​បើក​ចំនួន​៦គ្រឿង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ការ​យាម​ល្បាត​អធិប​តេយ្យភាព​ដែន​សមុទ្រ។​ការ​ស្វែង​រក​ទិញ​យន្ត​ហោះ​ចម្បាំង​បន្ថែម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ទំនើបកម្ម​កង​ទ័ព​ជើង​ទឹក​កាល​ពី​ឆ្នាំ​២០១៧។​ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​នៅ​ពេល​នោះ​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កងនាវានឹង​ជួយ​តាម​ដាន​សកម្មភាពរបស់​ចិន​នៅ​ក្នុងតំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ដើម​ខែ​នេះ​ប្រឆាំង​ករណី​យន្តហោះ​ចម្បាំងចិន​ចំនួន​១៦ ​គ្រឿង​ដែល​រ៉ាដា​ចាប់​បាន​ចម្ងាយ​ប្រមាណ​១១១ ​គីឡូម៉ែត្រ​ពី​ឆ្នេរ​កោះ​ Borneo ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា ការ​ហោះ​ឆ្វែល​របស់​យន្តហោះចិន​បង្ក​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ទំនើប​កម្ម​យន្ដហោះ​ចម្បាំង​ជា​បន្ទាន់៕

XS
SM
MD
LG