ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden នឹង​ចូលរួម​ក្នុង​ពិធី​សាសនា Mass ជាមួយ​ថ្នាក់​ដឹកនាំ​សភា មុន​ស្បថ​ចូល​កាន់​តំណែង


ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ថ្លែងសុន្ទរកថានៅអាកាសយានដ្ឋាន New Castle County ក្នុងក្រុង New Castle រដ្ឋ Delaware ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មុនពេលលោកធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន។

លោក Joe Biden នឹង​បង្កើត​ឲ្យ​មាន​រូបភាព​នៃ​ការ​ឯកភាព​គ្នា​មួយ មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​លោក​នឹង​ចូលរួម​ក្នុង​កម្មវិធី​គោរព​សាសនា​មួយ​ ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ចំនួន ៤ រូប ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ទាំងគណបក្ស​ប្រជាធិបតេយ្យ។

កន្លង​មក លោក Biden បាន​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក និង​នៅ​ក្រោយ​ការ​បោះឆ្នោត អំពី​គោល​បំណង​របស់​លោក​នៅ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​ ដែល​កំពុងតែ​មាន​ការ​បែកបាក់​យ៉ាង​ខ្លាំង​នេះ។

លោក Ron Klain ដែល​ជា​នាយ​ខុទ្ទកាល័យ​របស់​លោក Biden បាន​បង្ហោះ​សារ​បន្ត​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អង្គារ​ថា លោក Biden បាន​ធ្វើ​ការ​អញ្ជើញ​ដោយ​ស្ងៀមស្ងាត់​នូវ​មេដឹកនាំ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Nancy Pelosi និង​លោក Chuck Schumer ក៏​ដូចជា​មេដឹកនាំ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell និង​លោក Kevin McCarthy ផងដែរ ឲ្យ​ចូលរួម​ជាមួយ​លោក​នៅ​ក្នុង​កម្មវិធី​សាសានា Mass នៅ​ព្រះវិហារ​គ្រិស្ដ​សាសនា St. Matthew's Cathedral។

អ្នក​នាំ​ពាក្យ​របស់​ថ្នាក់​ដឹកនាំ​សភា​ទាំង ៤ រូប បាន​បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​សភា​ដែល​ត្រូវ​បាន​អញ្ជើញ​នោះ​នឹង​ចូលរួម​ជាមួយ​លោក Biden នៅ​ក្នុង​កម្មវិធី​គ្រិស្ដ​សាសានា​នេះ។

សមាជិក​ព្រឹទ្ធសភា​លោក Chris Coons ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បា្រប់​ទូរទស្សន៍ CNN ថា កម្មវិធី​គោរព​សាសនា​ក្នុង​ព្រះវិហារ​គ្រិស្ដ​សាសនា​នេះ «គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​គោរព​នូវ​ប្រពៃណី​ទំនៀមទម្លាប់»។

លោក Coons បាន​បន្ថែម​ថា ពិធី​សាសនា​នេះ «គឺជា​ការ​រំឮក​អំពី​ថា​តើ​លោក Joe Biden ជា​នរណា និង​អំពី​ថា​តើ​យើង​ទាំង​អស់​គ្នា​ជា​នរណា​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ដែល​មាន​ក្តី​សង្ឃឹម​និង​សុទិដ្ឋិនិយម»៕

XS
SM
MD
LG