ប្រធានាធិបតីដែលត្រូវព្យាការណ៍ថាជាប់ឆ្នោតរបស់អាមេរិកលោក Joe Biden បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីនូវែលសេឡង់អ្នកស្រី Jacinda Ardern ដែលជាមេដឹកនាំពិភពលោកចុងក្រោយម្នាក់ ដែលបានអបអរសាទរលោក Biden ក្នុងការបោះឆ្នោត ទោះបីលោកប្រធានាធិបតី Donald Trump បដិសេធមិនទទួលស្គាល់លទ្ធផលនិងកំពុងតវ៉ា ក៏ ដោយ។
ក្រុមការងារអន្តរកាលរបស់លោក Biden និងអ្នកស្រី Kamala Harris បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យដោយនិយាយថា លោក Biden បានថ្លែងអំណរគុណដល់អ្នកស្រីនាយករដ្ឋមន្រ្តីចំពោះការអបអរសាទរ ហើយលោកក៏អបអរអ្នកស្រីដែលជាប់បោះឆ្នោតឡើងវិញនិងបានបង្ហាញពីចេតនាពង្រឹងភាពជាដៃគូសហរដ្ឋអាមេរិក-នូវែលសេឡង់។ អ្នកស្រី Ardern បានជាប់ឆ្នោតជាថ្មីនៅក្នុងខែតុលា។
សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា លោក Biden ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ អ្នកស្រី Ardern លើបញ្ហាប្រឈមរួម ដូចជាទប់ទល់ជំងឺកូវីដ១៩ ពង្រឹងពហុភាគីនិយម ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសុវត្ថិភាពនិងវិបុលភាព។
អ្នកស្រីនាយករដ្ឋមន្រ្តី Ardern បាននិយាយថា អ្នកស្រីស្នើផ្តល់នូវការចែករំលែកជំនាញរបស់ប្រទេសអ្នកស្រីក្នុងការគ្រប់គ្រងវីរុសរាតត្បាតនេះ។ លោក Trump បានបដិសេធមិនផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលរបស់លោកឲ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក Biden ទេនៅពេលអតីតអនុប្រធានាធិបតីកំពុងធ្វើអន្តរការចូលកាន់អំណាច។
នូវែលសេឡង់ត្រូវបានគេចាត់ទុកជាទូទៅថា ជាប្រទេសមានជោគជ័យបំផុតមួយក្នុងការទប់ទល់ជំងឺឆ្លងនេះ។ ប្រទេសនេះមានការឆ្លងជំងឺនេះតែជាង២.០០០ករណីនិងអ្នកស្លាប់២៥នាក់ដែលជាជោគជ័យសម្រេចបានតាមរយៈការបិទសកម្មភាពសង្គមយ៉ាងតឹងរ៉ឹងនិងការបិទព្រំដែន៕