ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​តែងតាំង​សមាជិក​ដំបូងៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ស្អែក


លោក Joe Biden ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក ថ្លែង​សុន្ទរកថា​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក ត្រូវ​គេ​រំពឹង​ថា​នឹង​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូងៗ​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ស្អែក។ ក្នុង​ចំណោម​នោះ គេ​បាន​រាយការណ៍​ថា លោក Antony Blinken ដែល​ជា​អតីត​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អាច​ជា​ជម្រើស​របស់​លោក Biden នៅ​ក្នុង​ការ​តែងតាំង​ឲ្យ​ដឹកនាំ​ក្រសួង​ការបរទេស។

លោក Blinken មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក Biden បន្ទាប់ពី​បម្រើ​ការងារ​នៅ​ក្នុង​តួនាទី​ផ្នែក​សន្តិសុខ​ជាតិ​ជាន់​ខ្ពស់​នៅ​ពេល​ដែល​លោក Biden ធ្វើ​ជា​អនុ​ប្រធានាធិបតី​ក្នុង​អំឡុង​ពេល​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Barack Obama។ ការ​តែងតាំង​លោក Blinken ដែល​ត្រូវបាន​គេ​រំពឹង​ទុក​នេះ ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាច្រើន​កាលពី​យប់​ថ្ងៃ​អាទិត្យ។

ក្នុង​ចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​គេ​រំពឹង​ទុក​នោះ អ្នកស្រី Linda Thomas-Greenfield អតីត​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក អាច​ត្រូវ​បាន​តែងតាំង​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ហើយ​លោក Jake Sullivan អាច​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Biden។

ស្រប​ពេល​ដែល​លោក Biden កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ខាង​មុខ លោក​ប្រធានាធិបតី Donald Trump បាន​បដិសេធ​ពុំ​ព្រម​សុខចិត្ត​ចុះចាញ់​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Trump បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​តាម Twitter ថា៖ «យើង នឹង​រក​ឃើញ​សន្លឹក​ឆ្នោត​ដែល​មាន​ការ​លួច​បន្លំ​ក្នុង​ចំនួន​ដ៏​ច្រើន។ ...តស៊ូ​ឲ្យ​បាន​ខ្លាំងក្លា ក្រុម​សាធារណរដ្ឋ»។

ក៏​ប៉ុន្តែ ការ​ប្រយុទ្ធ​ខាង​ផ្លូវ​ច្បាប់​របស់​លោក Trump មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ទេ​កន្លង​មក ដោយ​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​បាន​ចាញ់ ឬ​ក៏​បាន​ដក​ចេញ​នូវ​ពាក្យ​បណ្តឹង​ចំនួន ៣៤ ដែល​អះអាង​ថា​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​សំខាន់ៗ​ណា​ដែល​លោក Biden ត្រូវ​បាន​គេ​ព្យាករណ៍​ថា​បាន​ឈ្នះ៕

XS
SM
MD
LG