ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា​ លោក​ខក​ចិត្ត​ខ្លាំង​បំផុត​ចំពោះ​លទ្ធផល​បោះ​ឆ្នោត caucus នៅ​រដ្ឋ Iowa ប៉ុន្តែ​ថា លោក​នៅតែ​ប្រឹងប្រែង​ជា​បន្ត


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Viden ថ្លែងនៅអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Viden ថ្លែងនៅអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ហៅ​ការ​បោះ​ឆ្នោត caucus នៅ​រដ្ឋ Iowa ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ជា​ជា​រឿង​ខក​ចិត្ត​ខ្លាំង​បំផុត ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​នឹង​នៅតែ​ប្រឹងប្រែង​ទៅ​មុខ​ទៀត។

លទ្ធផល​ពី​មណ្ឌល​បោះ​ឆ្នោត​ចំនួន ៨៦ ភាគរយ បាន​បង្ហាញ​ថា លោក Biden ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី ៤។ អ្នក​ដែល​ឈរ​នៅ​លំដាប់​ថ្នាក់​លើ​គេ​គឺ​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indinna លោក Pete Buttigieg និង​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក Bernie Sanders ដែល​លោក​ទាំង​ពីរ​ទទួល​បាន​ការ​គាំទ្រ​ប្រកៀកប្រកិត​គ្នា និង​លំដាប់​ថ្នាក់​ទី ៣ គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts អ្នកស្រី Elizabeth Warren។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar វិញ បាន​ចំណាត់ថ្នាក់​ទី ៥។

លោក Biden កំពុង​ធ្វើ​ការ​ឃោសនា​ទាក់ទាញ​ការ​គាំទ្រ​នៅ​ក្នុង​រដ្ឋ New Hampshire ដែល​ជា​រដ្ឋ​ដែល​នឹង​រៀបចំ​ការ​បោះ​ឆ្នោត primary នៅ​សប្ដាហ៍​ក្រោយ។ ការ​បោះ​ឆ្នោត primary គឺ​ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស។

លោក Biden គឺ​ជា​អ្នក​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម ដែល​ហៅ​ខ្លួន​លោក​ថា​ជា​បេក្ខជន​ដែល​សក្ដិសម​បំផុត​នៅ​ក្នុង​ការ​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ នៅ​ក្នុង​ការ​ស្ទង់​មតិ​កន្លង​មក​គឺ​តាំង​ពី​មុន​ពេល​ដែល​លោក​ប្រកាស​អំពី​បេក្ខភាព​របស់​លោក​ទៅ​ទៀត លោក​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​បេក្ខជន​ដទៃ​ទៀត។

លោក Biden ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Delaware ផង​ដែរ​នោះ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ២ ដង កាល​ពី​ឆ្នាំ ១៩៨៨ និង​ឆ្នាំ ២០០៨ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ។ ​កាល​ពី​ឆ្នាំ ២០០៨ លោក​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត បន្ទាប់ពី​លោក​មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត caucus នៅ​ក្នុង​រដ្ឋ Iowa៕

XS
SM
MD
LG