ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​នៃ​ការ​បោះ​ឆ្នោតក្នុង​រដ្ឋ Iowa ​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ​​​​អាច​នឹង​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ


មនុស្សម្នា​អង្គុយ​នៅ​ផ្នែក​របស់​លោក Joe Biden អតីត​អនុប្រធានាធិបតី នៅ​ពេល​ដែល​សន្លឹក​ឆ្នោត​កំពុង​ត្រូវ​បាន​រាប់​នៅ​មជ្ឈមណ្ឌល Knapp ក្នុង​ក្រុង Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
មនុស្សម្នា​អង្គុយ​នៅ​ផ្នែក​របស់​លោក Joe Biden អតីត​អនុប្រធានាធិបតី នៅ​ពេល​ដែល​សន្លឹក​ឆ្នោត​កំពុង​ត្រូវ​បាន​រាប់​នៅ​មជ្ឈមណ្ឌល Knapp ក្នុង​ក្រុង Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​បោះ​ឆ្នោត caucus នៅ​ក្នុង​រដ្ឋ Iowa របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​ដើម្បី​ចូល​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បាន​ជួប​ប្រទះ​បញ្ហា​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Iowa មិន​អាច​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Iowa ថា ការ​ពន្យារពេល​នេះ​គឺ​បណ្ដាល​មក​ពី​បញ្ហា​នៅ​ក្នុង​ការ​រាយការណ៍​អំពី​ចំនួន​សរុប​ពី​គ្រប់​មណ្ឌល​បោះ​ឆ្នោត​ទាំង​អស់​នៅ​ទូទាំង​រដ្ឋ និង​បាន​បន្ថែម​ថា ពួកគេ​រំពឹង​ថា​នឹង «ទទួល​បាន​ចំនួន​សរុប​ដើម្បី​រាយការណ៍» នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Troy Price ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Iowa បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ទៅ​កាន់​អ្នក​កាសែត​ថា៖ «យើង​កំពុង​ផ្ទៀងផ្ទាត់​គ្រប់​ទិន្នន័យ​ទាំង​អស់​ដែល​យើង​មាន​ជាមួយ​នឹង​ឯកសារ​នានា​របស់​យើង។ ប្រព័ន្ធ​បែប​នេះ​គឺ​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក ប៉ុន្តែ​ជា​ប្រព័ន្ធ​មួយ​ដែល​ធានា​ថា យើង​នឹង​អាច​រាយការណ៍​អំពី​លទ្ធផល​ដោយ​ភាព​ជឿជាក់​ពេញ​ទំហឹង»។

ដោយសារ​មិន​ទាន់​ដឹង​លទ្ធផល​ដូច្នេះ បេក្ខជន​ទាំង​អស់​នៅ​មាន​ភាព​ស្រពិចស្រពិល ប៉ុន្តែ​បាន​បង្ហាញ​ភាព​សុទិដ្ឋិនិយម​នៅ​ពី​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន។

ដោយសារ​មិន​ទាន់​ដឹង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ នោះ​មាន​ន័យ​ថា បេក្ខជន​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​កន្លង​មក​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា​ខ្លួន​នឹង​ទទួល​ជោគជ័យ​នៅ​ឡើយ​ទេ។ បេក្ខជន​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ Iowa ទៅ​រដ្ឋ New Hampshire នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​ទោះបីជា​មិន​ទាន់​ដឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត caucus នៅ​រដ្ឋ Iowa នេះ​ក៏​ដោយ។

ការ​បោះ​ឆ្នោត primary ដែល​ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ផង​ដែរ នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​នៅ​រដ្ឋ New Hampshire៕

XS
SM
MD
LG