ចំនួនដំរីព្រៃនៅកម្ពុជាក៏ដូចជានៅប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀតបានធ្លាក់ចុះខ្លាំងច្រើនទសវត្សរ៍ថ្មីៗនេះ។ ពីមុន ការប្រមាញ់ជាសត្រូវរបស់ដំរី ហើយឥឡូវនេះការបំផ្លាញជម្រកដំរីគឺជាសត្រូវទី២។
ចំនួនដំរីរស់នៅក្នុងព្រៃប្រទេសកម្ពុជាបានធ្លាក់ចុះពីប្រហែល២ពាន់ក្បាលក្នុងឆ្នាំ១៩៩៥ មកសល់មិនដល់៤០០ក្បាលទេបច្ចុប្បន្ននេះ។ បញ្ហានេះមិនមែនមានតែនៅកម្ពុជាទេគឺមាននៅមានទូទាំងអាស៊ី ដែលសល់ដំរីតែ៤ម៉ឺនក្បាលប៉ុណ្ណោះ។
អង្គការអភិរក្សធម្មជាតិ International Union for Conversation of Natureចាត់ទុកថា ដំរីអាស៊ីរងគ្រោះជិតដាច់ពូជ ហើយចំនួនដំរីធ្លាក់ចុះជាង៥០%បីជំនាន់កន្លងមកនេះ។ ពីមុនការប្រមាញ់បានសម្លាប់ដំរីច្រើនបំផុត តែឥឡូវការបំផ្លាញជំម្រកដំរីនិងជម្លោះរវាងមនុស្សនិងដំរីបានគម្រាមផ្តាច់ពូជដំរី។
លោក Nick Marx ប្រធានកម្មវិធីអភិរក្សដំរីនៅសួនសត្វភ្នំតាម៉ៅ។ គាត់ជាអ្នកអភិរក្សសត្វ។
គាត់និយាយថា៖
«ដំរីជាសត្វអស្ចារ្យ ឆ្លាត។ វារស់នៅជាសហគមន៍ ជាគ្រួសារ។ ដីរីចេះយំ ចេះកើតទុក្ខ ពេលបាត់បង់គ្នីគ្នា ជាទីស្រឡាញ់របស់វា។ យើងមិនត្រូវគិតថា មនុស្សជាសត្វលោកតែមួយគត់ត្រូវរស់នៅក្នុងពិភពលោកនេះទេ។ បើគ្មានដំរី ខ្លា និងសត្វផ្សេងទេ នោះពិភពលោកនេះជាកន្លែងមិនល្អ។ ខ្ញុំគិតថា គ្រប់ៗគ្នាគិតដូច្នេះ»។
ដោយសារអស់ជម្រក ដំរីត្រូវមកស៊ីដំណាំ។ ដូច្នេះជម្លោះមនុស្សនឹងដំរីកើតមានឡើង ដែលនាំឲ្យមានការសម្លាប់ដំរី។
លោកនៀង ធីជាអ្នកគ្រប់គ្រងកម្មវិធីអភិរក្សដំរីនៃអង្គការFauna & Flora អន្តរជាតិនៅភ្នំពេញ។
គាត់និយាយថា៖
«ជម្លោះមនុស្សនិងដំរីកើតមានច្រើន ដោយសារមនុស្សច្រើនទៅរស់នៅជិតព្រៃ។ គេដាំដំណាំ ធ្វើកសិកម្មនៅជិតជាយព្រៃ តំបន់ដំរីរស់នៅ។ ដូច្នេះ ដំរីមកស៊ីដំណាំ ហើយទំនាស់មនុស្ស និងដំរីកើតឡើង។ បើមិនដោះស្រាយបញ្ហានេះទេ នោះអ្នកភូមិនឹងសម្លាប់ដំរី»។
ជម្រកដំរីជាច្រើនត្រូវបាត់បង់ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍និងការកាប់ឈើខុសច្បាប់ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងៗ។ ដូច្នេះទំនាស់មនុស្សនិងដំរីមិនអាចចៀសរួចទេ។
ដំរីបំផ្លាញដំណាំ ផ្ទះសម្បែង និងសម្លាប់មនុស្ស ពេលវាត្រូវគំរាមកំហែង។ ដូច្នេះ មនុស្សយើងសម្លាប់ដំរី ដែលបំផ្លាញដំណាំ។
Nick Marx និយាយថា៖
«តាមពិត មនុស្សបង្កជម្លោះ ដោយចូលក្នុងព្រៃបំផ្លាញជម្រកដំរី ធ្វើឲ្យដំរីគ្មានកន្លែងរស់ ហើយទំនាស់ក៏កើនឡើង។ បើមិនរកដំណោះស្រាយទេ ជាលទ្ធផលគឺដំរីនឹងត្រូវមនុស្សចាប់ឬសម្លាប់។ យើងត្រូវចាប់សង្គ្រោះដំរី ដែលអាចរងគ្រោះដោយសារស្ថានការណ៍នេះ។ នេះជាវិធានការអវិជ្ជមាន តែជាការចំបាច់ដើម្បីកុំឲ្យគេសម្លាប់វា»។
សួនសត្វភ្នំតាម៉ៅសង្គ្រោះដំរី៥ក្បាលពីជម្លោះរវាងមនុស្សនឹងដំរី។
ដំរីនេះឈ្មោះឈូក។វាអាយុ៦ឆ្នាំ។ គេចាប់វា ព្រោះវាអាចមានប្រទុសរាយជាមួយមនុស្ស។ ដូច្នេះមន្ត្រីត្រូវចាប់វាទុកដើម្បីសង្គ្រោះ។ ឈូកពិការជើង ដោយសារជាប់អន្ទាក់។ ឥឡូវវាអាចដើរបានដោយសារជើងសិប្បនិមិត្ត។
Marx និយាយថា ដំរីនៅកម្ពុជា និងនៅប្រទេសអាស៊ីអាគ្នេយ៍អាចគង់វង្សបានអាស្រ័យលើវិធានការរបស់រដ្ឋាភិបាលក្នុងការការពារជម្រកវា។
«អនាគតរបស់ដំរីនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍កំពុងនៅក្នុងដំណាក់កាលចាំបាច់។ ខ្ញុំមើលឃើញថា បើមនុស្សមានឆន្ទៈអភិរក្សព្រៃ និងដំរី នោះដំរីអាចរស់បាន។ បើរដ្ឋាភិបាលមិនមានឆន្ទៈនេះទេ ដំរីមិនអាចរស់បានទេ»។
ដោយសារចំនួនមនុស្សកើនឡើង ហើយព្រៃហិនហោចទៅៗ ដូច្នេះចំនួនដំរីព្រៃនឹងបន្តធ្លាក់ចុះ មិនអាចទប់ស្កាត់បាន៕
ដោយសារចំនួនមនុស្សច្រើនឡើងៗ ហើយព្រៃហិនហោចទៅៗ ហេតុនេះចំនួនដំរីព្រៃនឹងបន្តធ្លាក់ចុះ បើមិនមានការទប់ស្កាត់។