តុលាការមួយនៅក្នុងប្រទេសបែលហ្ស៊ិកបានកាត់ទោសអ្នកការទូតអ៊ីរ៉ង់ម្នាក់ ចំពោះការរៀបចំផែនការវាយប្រហារគ្រាប់បែកដែលមិនបានសម្រេចជោគជ័យមួយ ប្រឆាំងនឹងក្រុមប្រឆាំងអ៊ីរ៉ង់នៅក្នុងប្រទេសបារាំង នៅឆ្នាំ ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តុលាការបានកាត់ទោសលោក Assadollah Assadi ឲ្យជាប់គុក ២០ ឆ្នាំ។
ក្រុមរដ្ឋអាជ្ញាបែលហ្ស៊ិកបាននិយាយថា លោក Assadi ដែលមានទីលំនៅនៅទីក្រុងវីយ៉ែន និងបក្សពួកផ្សេងទៀត មានគម្រោងដាក់គ្រាប់បែកនៅឯការប្រជុំមហាជនមួយរបស់ក្រុមប្រឹក្សាតស៊ូជាតិអ៊ីរ៉ង់ ដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។
តុលាការបានកាត់ទោសមនុស្ស ៣ នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យជាប់គុកពី ១៥ ឆ្នាំទៅ ១៨ ឆ្នាំ។
លោក Assadi ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់បានបដិសេធពុំព្រមផ្តល់សក្ខីកម្ម នៅឯការកាត់ទោសលោកកាលពីឆ្នាំទៅ ដោយអះអាងថា លោកមានអភ័យឯកសិទ្ធការទូត។
ការកាត់ទោសនោះជាលើកទី១ ដែលប្រទេសមួយនៅសហភាពអឺរ៉ុប បានវិនិច្ឆ័យទោសរឿងក្តីភេរវកម្មដែលទាក់ទិនមន្ត្រីអ៊ីរ៉ង់ម្នាក់ ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ ឆ្នាំ ១៩៧៩ មក៕