ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បេឡារុស​ត្រូវ​បាន​ប្រកាស​ថា​​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​​អាណត្តិ​ទី៦


លោក Alexander Lukashenko ប្រធានាធិបតី​បេឡារុស​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង Minsk កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​យូរ​អង្វែង​របស់​ប្រទេស​បេឡារុស​ត្រូវ​បាន​ប្រកាស​ថា​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​លោក​បាន​ប្ដេជ្ញាថា នឹង​បង្ក្រាប​នូវ​រាល់​បាតុកម្ម​ណា​ដែល​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក។

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​បេឡារុស​បាន​ប្រកាស​ថា ប្រធានាធិបតី​ផ្ដាច់ការ​ដែល​កាន់​តំណែង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ម្ដង​ទៀត នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Lukashenko ដែល​បាន​កាន់​អំណាច​អស់​រយៈពេល ២៦ ឆ្នាំ​មក​ហើយ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​ប្រឈម​មុខ​នឹង​ការ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា។ លោក​បាន​ហៅ​ពួកគេ​ថា​ជា​ «ចៀម» ដែល​ត្រូវ​បាន​ពង្វក់​ដោយ​មេខ្លោង​បរទេស។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​បេឡារុស​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រោយ​ពី​សន្លឹក​ឆ្នោត​ទាំងអស់​ត្រូវ​បាន​រាប់ លទ្ធផល​បង្ហាញ​ថា ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Alexander Lukashenko ទទួល​បាន​ការ​គាំទ្រ​ចំនួន ៨០,២៣% នៃ​សន្លឹក​ឆ្នោត​សរុប ហើយ​គូប្រជែង​សំខាន់​ខាង​គណបក្ស​ប្រឆាំង​គឺ​អ្នកស្រី Sviatlana Tsikhanouskaya ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ៩.៩%។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សិទ្ធិមនុស្ស​បាន​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជាច្រើន​ទៀត​រងរបួស​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ប៉ូលិស​ទៅលើ​បាតុកម្ម​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ការ​បោះឆ្នោត​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។ បាតុករ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។ ប៉ូលិស​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​ម៉ាស៊ីន​បាញ់​ទឹក ​ដាក់​បាតុករ​រាប់​ពាន់​នាក់ ដែល​បាន​នាំ​គ្នា​ទៅ​ធ្វើការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី Minsk កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ដែល​ជឿ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​បន្លំ គ្រោង​នឹង​ជួបជុំ​គ្នា​ដើម្បី​រៀបចំ​ការ​តវ៉ា​ថែម​ទៀត​នៅ​រដ្ឋធានី Minsk នៅ​ល្ងាច​ថ្ងៃ​ចន្ទ ម៉ោង​ក្នុង​ប្រទេស។

ថ្លែង​ពី​ទីស្នាក់ការ​របស់​ខ្លួន អ្នកស្រី Tsikhanouskaya និយាយ​ថា អ្នកស្រី​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ៕

XS
SM
MD
LG