ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ផ្តាច់ការ​ចុង​ក្រោយ​នៅ​អឺរ៉ុប​បន្ត​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​បេឡារុស


លោក​ប្រធានាធិបតី​បេឡារុស អាឡិកសានឌ័រ​ លុកាស្សិនកូ (Alexander​ Lukashenko) ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ពិធី​​មួយ​នៅ​ក្រុង​មីនស្ក៍ (Minsk) កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១១។
លោក​ប្រធានាធិបតី​បេឡារុស អាឡិកសានឌ័រ​ លុកាស្សិនកូ (Alexander​ Lukashenko) ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ពិធី​​មួយ​នៅ​ក្រុង​មីនស្ក៍ (Minsk) កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១១។

លោក​ អាឡិកសានឌ័រ​ លុកាស្សិនកូ (Alexander​ Lukashenko) ដែល​ជួនកាល​ត្រូវ​បាន​ហៅ​ថា​ជា «អ្នក​កាន់​អំណាច​ផ្តាច់ការ​ចុង​ក្រោយ​បង្អស់​ក្នុង​ទ្វីប​អឺរ៉ុប» នៅ​ពេល​នេះ បាន​សម្ពោធ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា សម្រាប់​អាណត្តិ​ទី​បួន ជា​ប្រធានាធិបតី​ប្រទេស​បេឡារុស។ លោក​ លុកាស្សិនកូ បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈពេល​២១​ឆ្នាំ​ហើយ។

វិថី​នានា​ក្នុង​ក្រុង​ មីនស្ក៍ (Minsk) មាន​ភាព​ស្ងាត់ជ្រងុំ​នៅ​ពេល​ដែល​ប្រធានាធិបតី និង​ក្បួន​កុងវ័រ​របស់​លោក​មាន​ម៉ូតូ​៩​គ្រឿង​អមដំណើរ​ បើក​តាម​មហាវិថី​ឯករាជ្យ។ កាល​ពី​មួយ​ខែ​មុន​នេះ​ មនុស្ស​៤​ម៉ឺន​នាក់​បាន​នៅ​ពាសពេញ​មហាវិថី​នេះ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការបោះឆ្នោត​ដែល​ពួកគេ​បាន​និយាយ​ថា មាន​ការបន្លំ​សន្លឹក​ឆ្នោត។

នៅ​ក្នុង​ការ​សម្ពោធ​ចូល​កាន់​តំណែង​នេះ​ នៅ​វិមាន​សាធារណរដ្ឋ មាន​ការ​តុបតែង​លម្អ កាល​ពី​ថ្ងៃ​សុក្រ ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​ ត្រូវបាន​ជ្រើស​រើស​ឱ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​នេះ។ ក៏​ប៉ុន្តែ​ ពួក​ប្រេសិត​របស់​ស.រ.អា. និង​ហភាពអឺរ៉ុប​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ពិធី​នេះ។

លោក ម៉ៃឃើល ស្គែនឡាន (Michael ​Scanlan)​ ភារធារី​អាមេរិក​បាន​ទៅ​ទស្សនា​ក្រុង​ ហ្ក្រូដណូ (Grodno) ដែល​ជា​ក្រុង​មួយ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​ប៉ូទ្បូញ ដោយ​ធ្វើ​ដំណើរ​៥​ម៉ោង​កន្លះ​តាម​រថយន្ត​ទៅ​ទឹស​ខាង​លិច។

ពួក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ធ្វើ​ដំណើរ​តាម​ទ្បាន​ចំនួន​៣​ម៉ោង​កន្លះ​ទៅ​ទិស​ខាង​ជើង​ទៅ​កាន់​ក្រុង​ វីលនុស (Vilnius) នៃ​ប្រទេស​ លីធូវ៉ានី (Lithuanie)។ នៅ​ទីនោះ​អស់លោក​ទាំងនេះ​បាន​ជួប​ជាមួយ​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​មនុស្សសាស្ត្រ​ដែល​ជា​សាកលវិទ្យាល័យ​មួយ​ហៅ​ខ្លួន​ឯង​ថា ជា​សាកលវិទ្យាល័យ​ បេឡារុស​ និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​ក្រៅ។

សម្រាប់​ជនជាតិ​ បេឡារុស ដែល​មើល​ពិធី​សម្ពោធ​នេះ​តាម​ទូរទស្សន៍​ បាន​ឃើញ​ប្រធានាធិបតី​របស់​ពួកគេ​បាន​ចាប់​ផ្តើម​អណត្តិ​ថ្មី​របស់​លោក​ ដោយ​អាន​សុន្ទរកថា​មួយ​ដោយ​ព្រមាន​ថា​ «កំរឹត​នៃបដិវត្តន៍ និង​ចលាចល​ក្នុង​ប្រទេស​ បេឡារុស ​បាន​អស់​ថាមពល​ហើយ»។

ដោយ​និយាយ​យោង​ដល់​បដិវត្តន៍​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ថ្នល់​ដែល​បាន​ផ្តួល​រំលុំ​ពួកមេដឹកនាំ​ផ្តាច់ការ​ក្នុង​ប្រទេស​អ៊ុយក្រែន (Ukraine) និង​ប្រទេស​ ចចចារ (Georgie) លោក​ លុកាស្សិនកូ​ បាន​ព្រមាន​ថា​ «មេរោគ​នៃ​បដិវត្តន៍​ពណ៌​រាតត្បាត​តែ​នៅ​ក្នុង​ពួក​ប្រទេស​ខ្សោយ​ប៉ុណ្ណោះ»។

លោក​បាន​គំរាម​ប្រទេស​ជិត​ខាង​ថា «ចំពោះ​អ្នក​ផ្តល់​អំពើ​អាក្រក់​ដល់​ប្រទេស បេឡារុស ខ្ញុំ​ចង់​រំឭក​បូរាណភាសិត​ដែល​មាន​ប្រជាប្រិយភាព​មួយ​ថា «កុំ​បញ្ឆេះ​អគ្គីភ័យ​នៅ​ផ្ទះ​អ្នក​ជិតខាង​របស់​អ្នក​ អគ្គីភ័យ​នេះ​អាច​រាលដាល​ដោយ​ចៃដន្យ​ដល់ផ្ទះ​អ្នក​ដែរ»។

កាល​ពី​ថ្ងៃ​សុក្រ​ កាសែត សូវីយែតស្កាយ៉ា បេឡារុស (Sovyetskaya​ Belarus) ដែល​ជា​សារព័ត៌មាន​ផ្លូវការ​នាំ​មុខ​គេ​បាន​ចោទ​ប្រកាន់​ថា អ្នក​ផ្តល់​អំណោយ​បរទេស​បាន​ផ្តល់​ប្រាក់​២០លាន​ដុល្លារ​ឱ្យ​លោក​ អានដ្រេ សាននីកូវ (Andrei ​Sannikov) បេក្ខជន​ប្រធានាធិបតី​ដែល​បាន​ទទួល​ការ​គាំទ្រ​លំដាប់​លេខ​២ ​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ​១៩​ ខែ ធ្នូ។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០ ​ខែ​មករា​ លោកប្រធានាធិបតី​លុកាស្សិនកូ បាន​ចោទ​ប្រកាន់​ថា​ សេវាកម្មស៊ើបការ​សម្ងាត់​របស់​អាល្លឺម៉ង់ និង​ប៉ូទ្បូញ​បាន​គ្រោង​លប​ធ្វើ​អំពើ​អាក្រក់​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​តាម​រយៈ​ការ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ។

ជា​ការ​ឆ្លើយ​តប​ លោករដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ ហ្គីឌូ​ វ៉េស្ទើរវែល (Guido​ Westerwelle) បាន​មាន​ប្រសាសន៍​ថា «ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាំង​នេះ​មាន​គោលដៅ​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ពី​អំពើ​អយុត្តិធ៌ម​ពិត​ប្រាកដ»។

លោក​ វ៉េស្ទើរវែល​ មាន​ប្រសាសន៍​ថា​ ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន​បណ្តាល​ឱ្យ​ស.រ.អា. និង​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ឆ្ពោះ​ទៅ​កាន់​ការដាក់​ទណ្ឌកម្ម។

លោក​ ឌិក ឌូប៊ីន (Dick​ Durbin) ជា​សមាជិក​ម្នាក់​របស់​សភា​ស.រ.អា.​ ដែល​បាន​រឹះគន់​ដល់​ការ​បង្ក្រាប​របស់​លោក​ លុកាស្សិនកូ។ កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មករា​ លោក​ ឌូប៊ីន ដែល​ជា​ឧបការី​មេដឹកនាំ​ក្រុម​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អា. បាន​ទៅ​ទស្សនា​ក្រុង​ មីនស្ក៍ ហើយ​បាន​ជួប​ជាមួយ​គ្រួសារសកម្មជន និង​បេក្ខជន​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។ ដោយ​និយាយ​យោង​ដល់​បេក្ខជន​ប្រធានាធិបតី​៧​រូប​ ដែល​ជាប់​ពន្ធនាគារ​ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា៖

«ការពិត​ជាក់ស្តែង​ដែល​មាន​បេក្ខជន​ប្រធានាធិបតី​បួន​នាក់​ក្នុង​បណ្តា​បេក្ខជន​ប្រធានាធិបតី​៧​នាក់​នៅ​តែ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ​ ជា​ការ​បញ្ជាក់​មួយ​ដល់​ខ្ញុំ​ថា លោក លុកាស្សិនកូ មិន​យល់​ថា ការ​ប្រព្រឹត្តិ​បែប​នេះ ជា​ការ​មិន​ស៊ីសង្វាក់​នឹង​សេចក្តី​ថ្លៃថ្នូរ​ខាង​សិទ្ធិមនុស្ស​ និង​សេចក្តីថ្លៃថ្នូរ​ប្រជាធិបតេយ្យទេ។ ខ្ញុំ​ដឹង​ថា សហភាព​អឺរ៉ុប​ជិត​ចាត់​វិធានការ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ស.រ.អា.​នឹង​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​ បេឡារុស យល់​ថា​សកម្មភាព​របស់​មេដឹកនាំ​គេ ​ជា​ការ​មិនអាច​ទទួល​យក​បាន​»។

រដ្ឋបាល​លោក​អូបាម៉ា​កំពុង​ពិនិត្យ​អំពី​វិធី​ដើម្បី​ពង្រឹង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​ប្រទេស​ បេឡារុស។ កាល​ពី​ថ្ងៃសៅរ៍​ លោក​ ថម៉ាស មេលៀ (Thomas​ Melia) ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ដែល​ជា​មន្ត្រី​នាំ​មុខ​គេ​របស់​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​គោលនយោបាយ​សិទ្ធិមនុស្ស បាន​ចាប់ផ្តើម​ទស្សនកិច្ច​៤​ថ្ងៃ​ក្នុង​ប្រទេសបេឡារុស (Belarus)។

ប្រែសម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG