ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរក្រុងប៉េកាំងកម្រិតចំនួនរថយន្ត កុំឲ្យស្ទះចរារចរណ៍


រថយន្ដ​ជាប់​ក្នុង​ចរាចរ​ជាប់​គាំង​ពេលមនុស្ស​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​ធម្មតា​​នៅ​ទី​ក្រុង​ប៉េកាំង​ ថ្ងៃ​ទី​១០​មករា​ឆ្នាំ​២០១១។
រថយន្ដ​ជាប់​ក្នុង​ចរាចរ​ជាប់​គាំង​ពេលមនុស្ស​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​ធម្មតា​​នៅ​ទី​ក្រុង​ប៉េកាំង​ ថ្ងៃ​ទី​១០​មករា​ឆ្នាំ​២០១១។

ហុងកុង៖ ចាប់​តាំង​ពី​បាន​បើក​ទ្វារ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​កាល​ពី​៣០​ឆ្នាំមុន​ ​ប្រទេសចិនបាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អ្នក​ជិះ​កង់​ ​ទៅ​ជា​ប្រទេស​មាន​ផ្សារ​លក់​រថ​យន្ដ​ធំ​ជាង​គេ​ក្នុង​ពិភព​លោក។ ​តែក្នុង​ពេល​នេះ​ ​ទី​ក្រុងធំៗរបស់​ប្រទេស​ចិន​កំ​ពុង​ប្រឈម​មុខ​នឹង​ការ​ស្ទះ​ចរាចរណ៍។

ដើម្បី​បើក​ផ្លូវ​កុំ​ឲ្យ​ស្ទះ​ ​រដ្ឋាភិបាល​ប៉េកាំង​បាន​ប្រើ​ប្រព័ន្ធ​ចាប់​ឆ្នោត​សម្រាប់​ឲ្យបណ្ណ​ស្លាកលេខ​ឡាន​ថ្មី។

រថយន្ដ​បង្ហាញ ​ឋានៈ​ថ្មី​មូយ​ក្នុង​ចំណោម​អ្នក​មាន​មធ្យម​កាន់​តែច្រើននៅ​ក្នុង​ ប្រទេសចិន។ ​ការ​លក់​រថយន្ដ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិនកើនពី​៣៣% ដល់​១៣,៨​លាន​គ្រឿង។​ តែ​រថយន្ដ​ទាំង​នោះ​បាន​បង្កើត​បញ្ហា​ថ្មី​ដល់​ប្រទេស​ចិន​ ​រាប់​ទាំង​ចរាចរគាំង​ច្រើនសម្បើម។

ទោះ​បី​ជា​មាន ​ការ​វិនិយោគ​ធំធេង​ដល់​ការ​សង់​ផ្លូវ​ថ្មី ​និងប្រព័ន្ធ​ដឹក​ជញ្ជូនមនុស្ស​ក៏​ដោយ​ ​នៅ​ក្នុង​រដ្ឋធានី​មាន​មនុស្ស​កុះករ​ ​ផ្លូវ​ថ្នល់​នៅ​ក្នុង​ទីក្រុង​បេកាំង​មិន​អាច​ទទួល​យក​បាន​នូវ​រថយន្ដ​ដ៏​ ច្រើន​សន្ធឹក​នោះ​ទេ។​ ការស្ទង់​មតិ​សកល​ ធ្វើ​ឡើង​ដោយ​ក្រុម​ បច្ចេក​ទេស IBM កាល​ពី​ឆ្នាំ​ទៅ​ បង្ហាញ​ឲ្យ​ឃើញថា​ ​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​ក្រុងប៉េកាំង​ចំណាយ​ពេល​ច្រើន​ធ្វើ​ដំណើរ​តាម​លើ​ផ្លូវ។

៦៩% នៃ ​អ្នក​ឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ​និយាយ​ថា​ ​ក្នុង​អំឡុង​ពេល៣​ឆ្នាំ​កន្លង​ទៅ​នេះ​ ​ ចរាចរ​មាន​សភាព​អាក្រក់​បំផុត​ ​រហូត​ដល់​គេ​ជិនណាយ​ ​រួច​ថយ​ឡាន​វិល​ទៅ​ផ្ទះ​វិញ។

លោក​លូ​ ​ជី អ្នកបច្ចេកទេសដឹកមុខ​ខាងហេដ្ឋារចនា​សម្ព័ន្ធអាស៊ីខាងកើត​ ​និង​ប៉ាស៊ីហ្វីក​ ​ហើយលោក​ធ្វើការឲ្យ​ធនាគារក្នុង​ទី​ក្រុងប៉េកាំង។

«រដ្ឋាភិបាល​បាន​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​សន្ធឹក​ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​ សម្ព័ន្ធ​សម្រាប់​ផ្លូវថ្នល់​ហៃវ៉េ​ ​ផ្លូវ​ក្នុង​ទី​ក្រុង ​និង​ប្រព័ន្ធ​ផ្លូវ​ដែកដឹកជញ្ជូន​សាធារណជន​ជា​ច្រើន។ ​តែ​ការ​លូត​លាស់​សមត្ថ​ភាពរបស់​ហេដ្ឋា​រចនា​សម្ព័ន្ធនេះ​មិន​បាន​ដើរ​ ទាន់​ចំនួន​ម្ចាស់​រថ​យន្ដ​ទេ​ ​ដោយ​សារ​តែ​មិន​មាន​សល់​ដីទំនេរ»។

នៅ​ក្នុង​ វិធានការ​ចុង​ក្រោយ​បង្អស់​ដើម្បី​បន្ធូរ​ការ​ស្ទះ​ចរាចរ ​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ ​ នៅ​ក្នុង​ខែ​នេះ​ ​បាន​កម្រិត​ចំនួន​រថយន្ដ​ត្រឹម​តែ​២,៤ ​សែន​គ្រឿង​ប៉ុណ្ណោះ។​ បណ្ណ​ស្លាក​ឡាន​ ​គឺស្មើ​១​ភាគ​៣នៃ​ចំនួន​រថយន្ដ​អនុញាត​ក្នុង​ឆ្នាំ​២០១០ នឹងចេញឲ្យ​សាធារណ​ជន តាម​រយៈ​ការ​ចាប់​ឆ្នោត។

លោក​លូ ​និយាយ​ថា​ ​ខណៈ​ដែល​ប៉េកាំង​បន្ដ​វិនិយោគ​មក​លើ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ ​គេ​ត្រូវ​ កម្រិត​ការ​ប្រើ​ប្រាស់​រថយន្ដ​ ​ជា​ចាំ​បាច់។

«ខ្ញុំ​យល់​ថា​ ​វា​មាន​សារៈ​សំខាន់​ណាស់សម្រាប់​ទី​ក្រុងដែល​កំពុង​អភិវឌ្ឍ​ ​ដែល​នៅ​ពេល​នេះ​ត្រូវចាត់​វិធានការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​រថយន្ដ។ ​ខ្ញុំ​រីករាយ​ណាស់​នឹង​ឃើញ​ទី​ក្រុង​ប៉េកាំង​ធ្វើ​ចលនា​ទៅ​រក​វិធាន​ការ​ នេះ»។

ជន​រស់​នៅ​ ក្នុង​ទី​ក្រុង​ប៉េកាំង​ខ្លះ​ស្វាគមន៍​វិធានការ​ថ្មី​នេះ។​ បុរសអាយុ​៥០​ឆ្នាំនេះ​ និយាយ​ថា​ គាត់​ឈប់​បើក​ឡាន​ ​ហើយ​ពេល​នេះជិះ​កង់​ដើម្បី​ចៀស​វាង​ការ​ស្ទះ​ចរាចរណ៍។

គាត់​និយាយ​ថា ​ ​គាត់គិត​ថា​ ​រដ្ឋាភិ​បាល​មិន​គួរ​ដាក់​ច្បាប់​តឹង​រឹងច្រើន​ពេក​ទេ​ ​តែ​នៅ​ពេល​នេះ​ដែរ​ ​មាន​មនុស្ស​ច្រើន​ពេក​ទិញ​ឡាន​ជិះ។ ​គាត់និយាយ​ទៀត​ថា​ ​ទី​ក្រុង​លូត​លាស់​ឆាប់​រហ័ស​ពេក។​ ផ្លូវ​ថ្នល់​រីក​ធំ​ឆាប់​រហ័ស​ពេក​ ​ហើយ​មនុស្ស​ក៏​កាន់តែ​មាន​ច្រើនពេក​ដែរ។

ទីក្រុង​លូត​ លាស់​ជា​ច្រើននៅ​ក្នុង​ប្រទេស​អាស៊ី ​មាន​បញ្ហា​ចរាចរ​ស្រដៀង​គ្នា​ដែរ​ ​នៅ​អតីត​កាល។ ​ទីក្រុង​បាងកក​ ​និង​រដ្ឋធានី​រីក​ចម្រើនជា​ច្រើន​ទៀត​ ល្បីអំពី​ចរាចរ​គាំង​ ​នៅទស​វត្សរ៍ឆ្នាំ១៩៩០។

ទីក្រុង​បាន​ រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណ​ ​ដែល​កាត់​បន្ថយចំនួន​ឡាន​ ​បើកចូលក្រុង ​តែ​ការ​ស្ទះ​ចរាចរច្រើនម៉ោងនៅ​តែ​មាន​ជាទូទៅ។​ អាជ្ញាធរ​ក្រុងព្រមាន​ដល់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ថា​ ​ការ​សាងសង់​ផ្លូវ​ដែក​ថ្មី​សម្រាប់​សាធារណ​ជន​ ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំនេះ​ ​នឹង​ធ្វើ​ឲ្យ​លំបាក​រឹតតែ​ខ្លាំង​ឡើង​ដល់​ចរាចរ ក្នុងពេល​បី​ឆ្នាំ​ខាង​មុខ​នេះ។

លោក​លូ ​និយាយ​ថា​ ​នៅ​យូរ​ទៀត​ ទើប​មាន​ការ​ផ្លាស់​ប្ដូរ។

«ខណៈ ​ដែល​យើង​ដើរ​លើ​មាគ៌ា​ត្រូវ​ ​ហើយ​ចាត់​ចែង​ ​រៀបចំ​ចរាច​រ​ថយន្ដ​ឯកជន​នៅ​ក្នុង​ទី​ក្រុង​ហើយ​និងមាន​ប្រព័ន្ធ​ដឹក​ ជញ្ជូន​សាធារណជន​ទៅ​អនាគត ​ហើយ​មាន​វិធានការ​កាត់​បន្ថយ​ចរាចរ​ដែល​សាធារណជន​អាច​ទទួល​យក​បាន​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ស្ថាន​ការណ៍​ចរាចរ​នឹង​បាន​ត្រូវ​ចាត់​ចែង​ដ៏​ល្អ​ ​រួច​ស្ថានការណ៍​ធម្មតា​នឹង​វិល​ត្រឡប់​មក​វិញ​ជា​មិន​ខាន​ ​ក្នុង​ពេល​អនាគត​វែងឆ្ងាយ»។

ខណៈ​ដែល​ រថយន្ដ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ​សុវត្ថិភាព​ក៏​ក្លាយទៅ​ជា​បញ្ហាមួយ​ដែរ។ ​អ្នក​ទិញ​ឡាន​ថ្មី​ ​ក៏​ជា​អ្នកបើក​ឡាន​ថ្មី​ដែរ​ ​ដែល​មិន​មាន​ការ​ហាត់​ហ្វឹកហ្វឹន​ច្រើន។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកល​វិទ្យាល័យ ចន ហប់គីន (Johns ​Hopkins) និង​សាកល​វិទ្យាល័យ​ភាគ​ខាង​ត្បូង​និង​កណ្ដាល​ប្រទេស​ចិន​ផ្នែកខាង សុខភាព​សាធារណ​ ថ្លែង​ថា​ ​មរណភាព​ពាក់ព័ន្ធ​នឹង​ចរាចរ​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​ ​អាច​មាន​ចំនួន​ពីរ​ដង​លើស​ពី​សេចក្ដី​រាយការណ៍​របស់​ប៉ូលិស។

សេចក្ដី​រាយការណ៍​នោះ​និយាយ​ថា ​នៅ​ក្នុង​ឆ្នាំ​២០០៧​ ​ជា​ឧទាហរណ៍​ មាន​ម​នុស្ស​ ​ប្រមាណ​២​២​១​១៣៥​នាក់ស្លាប់​ដោយ​សារគ្រោះ​ថ្នាក់ចរាចរ​ ​យោង​ទៅតាមសំបុត្រមរណភាព​ រីឯ​តួលេខ​ប៉ូលិសបង្ហាញ​តែ​៨១៦៤៩​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក​ អ៊ូ ​ធួក

XS
SM
MD
LG