ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មក​កាន់​ទីក្រុង​ប៉េកាំង


រូប​ភាព​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី​១៦ មេសា​ ២០១៨ បង្ហាញ​ពី​ទីក្រុង​ប៉េកាំង​ពេល​រាត្រី​ជាមួយ​ការ​បំពុល អាកាស។
រូប​ភាព​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី​១៦ មេសា​ ២០១៨ បង្ហាញ​ពី​ទីក្រុង​ប៉េកាំង​ពេល​រាត្រី​ជាមួយ​ការ​បំពុល អាកាស។

នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin ដែល​លោក​បាន​និយាយ​ថា លោក​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សាកលលោក។

ភាព​តានតឹង​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​បាន​បំពុល​ដល់​បរិយាកាស​ជួប​ប្រជុំ​គ្នា​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដែល​អ្នក​ទាំង​នោះ​មាន​ការ​ព្រួយ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​បំផ្លាញ​ដល់​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​សេដ្ឋកិច្ច​សាកលលោក។

លោក Steven Mnuchin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ថា លោក​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «រដ្ឋាភិបាល​ចិន​បាន​ទទួល​ព័ត៌មាន​ថា ភាគី​ខាង​សហរដ្ឋ​អាមេរិក​ចង់​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ រដ្ឋាភិបាល​ចិន​ស្វាគមន៍​លើ​រឿង​នេះ»។

កាល​ពី​ខែ​មុន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សម្រេច​យក​ពន្ធ​គយ​ខ្ពស់​លើ​ទំនិញ​នានា​របស់​ចិន​ដែល​នាំ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ទឹក​ប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ​អាមេរិក។ ចំណែក​ឯ​រដ្ឋាភិបាល​ចិន​វិញ បាន​ដាក់​កំហិត​ពន្ធ​គយ​លើ​ទំនិញ​កសិកម្ម​នាំ​ចេញ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក និង​បាន​គំរាម​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ចំពោះ​ឧស្សាហកម្ម​សណ្ដែក​សៀង​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG