ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជិត​ធ្វើ​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​អាមេរិក​ត្រួត​ពិនិត្យ​របាយការណ៍​ក្រុមហ៊ុន​ចិន​ក្នុង​ក្រុង​ហុងកុង​


រូប​ឯកសារ៖ អ្នក​ធ្វើការ​នៅ​ផ្សារ​ភាគហ៊ុន​ក្រុង New York (New York Stock Exchange) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១។
រូប​ឯកសារ៖ អ្នក​ធ្វើការ​នៅ​ផ្សារ​ភាគហ៊ុន​ក្រុង New York (New York Stock Exchange) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ជិត​ធ្វើ​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​និយ័តករ​គណនេយ្យ​អាមេរិក​ ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ហុងកុង​ដើម្បី​ត្រួត​ពិនិត្យ​របាយការណ៍​របស់​ក្រុមហ៊ុន​ចិន​ចុះ​បញ្ជីការ​នៅ​អាមេរិក។​ នេះ​បើតាម​កាសែត ​Wall Street Journal ​ដែល​ចេញ​ផ្សាយ​ដំបូង​គេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​ស្រង់​ផ្សាយ​បន្ត។​

និយ័តករ​សន្តិសុខ​ក្នុង​រដ្ឋធានី​ប៉េកាំង​កំពុង​រៀបចំ​ឱ្យ​ក្រុម​ហ៊ុនចិន​ ដែល​ចុះ​បញ្ជី​ការ​ក្នុង​រដ្ឋ​ New York ហើយ​ក្រុមហ៊ុន​គណនេយ្យ​របស់​គេ​ផ្ទេរ​ឯកសារ​ត្រួត​ពិនិត្យ​និង​ទិន្នន័យ​ពី​ចិនដី​គោក​ទៅ​កាន់​ទីក្រុង​ហុងកុង។​ នេះ​បើ​តាម​ការសែត​ Wall Street Journal​ ដែល​បាន​ដក​ស្រង់​ប្រភព​មួយ​ចំនួន។​

និយ័តករ​មក​ពី​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គណនេយ្យ​ក្រុមហ៊ុន​សាធារណៈ​របស់​អាមេរិក​ (PCAOB)​ នៅ​ពេល​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ដល់​ទី​កន្លែង​របស់​ក្រុមហ៊ុន​នោះ​តែ​ម្តង។​

ក្រុម​ប្រឹក្សា ​PCAOB ​បដិសេធ​មិនឆ្លើយ​តបសំណើ​របស់​ Reuters ​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ ឡើយ។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កំពុង​ពិភាក្សា​ដើម្បី​ដោះស្រាយ​ជម្លោះ​នៃ​ការ​ត្រួត​ពិនិត្យ​ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដាក់​បម្រាម​ទៅ​លើ​ក្រុមហ៊ុន​ចិន​នានា​ មិន​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ដោះដូរ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ប្រសិន​បើ​ចិន​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ពិនិត្យ​មើល​ក្រុមហ៊ុន​ចិន​ ដែល​ចុះ​បញ្ជីការ​នៅ​សហរដ្ឋ​អាមេរិក​នោះ។ ​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រារាំង​ដល់​ការ​ធ្វើ​អធិការកិច្ច​ពី​សំណាក់​បរទេស​ទៅ​លើ​ឯកសារ​ត្រួត​ពិនិ្យ​គណនេយ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ខ្លួន​ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ខាង​ផ្នែក​សន្តិសុខ​ជាតិ៕​

XS
SM
MD
LG