លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានសម្រេចមិនស្វះស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០១៦ ដែលការសម្រេចនេះបានបញ្ចប់ការប៉ាន់ស្មានអស់រយៈពេលជាច្រើនខែ អំពីសំណួរថាតើលោកនឹងឈរឈ្មោះដែរឬទេ។
ថ្លែងកាលពីថ្ងៃពុធនៅសួនកុលាបក្នុងសេតវិមាន លោកអនុប្រធានាធិបតី Biden បានមានប្រសាសន៍ថា ដំណើរការដ៏ទុកព្រួយបន្ទាប់ពីកូនរបស់លោកឈ្មោះ Beau បានទទួលមរណៈភាពដោយសារជំងឺមហារីកខួក្បាលកាលពីខែឧសភា បានធ្វើឲ្យលោកមិនអាចយកចិត្តទុកដាក់បានហ្មត់ចត់អំពីបញ្ហានានាដូចជាពេលកំណត់ឬការជជែកពិភាក្សាពីបញ្ហានេះ។
លោកអនុប្រធានាធិបតី Biden បានមានប្រសាសន៍ដូច្នេះ ដោយមានភរិយារបស់លោកគឺលោកស្រី Jill និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឈរនៅជាប់លោក។លោកអនុប្រធានាធិបតី Biden មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា យើងលែងមានពេលវេលាទៀតហើយ ពេលវេលាជាការសំខាន់ដើម្បីបង្កើនយុទ្ធនាការឃោសនាឲ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតី»។
លោកអនុប្រធានាធិបតី Biden ដែលមានអាយុ៧២ឆ្នាំ បានមានប្រសាសន៍ទៀតថា ខណៈដែលលោកមិនមែនជាបេក្ខជន លោកនឹងនិយាយឲ្យបានច្បាស់លាស់អំពីទិសដៅដែលលោកនឹងទៅ ថាតើទៅក្នុងនាមជាប្រទេសជាតិមួយ ឬទៅក្នុងនាមជាបក្សនយោបាយមួយ។
លោកអនុប្រធានាធិបតី ក៏បានសរសើរលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយមានប្រសាសន៍ថា៖ «លោកប្រធានាធិបតី បានដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចឆ្ពោះទៅកាន់ការងើបឡើងវិញ»។ លោកអនុប្រធានាធិបតី បានបន្ថែមទៀតថា «គណបក្សនេះនិងប្រទេសយើងទាំងមូល នឹងធ្វើកំហុសដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើយើងដើរចេញឬប៉ុនប៉ងមិនអនុវត្តកេរដំណែលត្រឹមត្រូវតាមច្បាប់របស់លោកប្រធានាធិបតីអូបាម៉ានោះទេ»។
លោកអនុប្រធានាធិបតី Biden បានចំណាយពេលជាង៣ទសវត្សរ៍នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលតំណាងឲ្យរដ្ឋ Delaware។ លោកបានធ្វើយុទ្ធនាការឈរឈ្មោះប្រធានាធិបតី២លើកកាលពីពេលមុន តែមិនបានទទួលជោគជ័យ៕