ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បន្ត​ស្រាវ​ជ្រាវ ក្រោយ​ផ្អាក​រោងចក្រ​ផលិត​ឱសថ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​សារធាតុ​គីមី​ហូរ​ចូល​ក្នុង​ស្ទឹងសង្កែ


កាក​សំណល់​ពុលដែលត្រូវបាន​គេឃើញ​នៅក្នុងទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបងនៃប្រទេស​កម្ពុជា។ (Facebook / Sin Vandy)
កាក​សំណល់​ពុលដែលត្រូវបាន​គេឃើញ​នៅក្នុងទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបងនៃប្រទេស​កម្ពុជា។ (Facebook / Sin Vandy)

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​លើ​ករណី​បំពុល​ទឹក​ស្ទឹង​សង្កែ ក្នុង​ខេត្ត​បាត់​ដំបង ស្រប​ពេល​ដែល​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​សម្រេច​ផ្អាក​ដំណើរ​ការ​ក្រុម​ហ៊ុន​ផលិត​ឱសថ​របស់​ចិន​មួយ ឈ្មោះ​ថាហ្វីនីក អ៊ិនដា ស្ទ្រៀល (PHOENIX INDUSTRIAL) ពាក់ព័ន្ធ​នឹង​ការ​បង្ហូរកាក​សំណល់​ពុល​ចូល​ទឹក​ស្ទឹង។ នេះបើ​តាមសេចក្ដី​សម្រេច​របស់​ក្រសួង​ឧស្សាហកម្ម ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ដែល​វីអូអេ​ទទួល​បាន។

ក្រសួង​សម្រេច​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​រាល់​សកម្មភាព​ផលិត​កម្ម​របស់​ក្រុមហ៊ុន ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ ក្រោម​ហេតុ​ផល​ថា ​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​ឱ្យ​លេច​ធ្លាយ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​បណ្តាល​ឱ្យ​ទឹក​ប្រែ​ជា​ពណ៌​ខ្មៅ​ខុស​ប្រក្រតី និង​ធ្វើ​ឱ្យ​ត្រី​ងាប់​មួយ​ចំនួន​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា ​ការ​ផ្អាក​ដំណើរ​ការ​នេះ ក្រុម​ហ៊ុន​នៅ​តែ​រក្សា​ប្រាក់​បៀវត្សរ៍​សម្រាប់​បុគ្គលិក​កម្មករជា​ធម្មតា គិត​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​១៨ ខែ​សីហា។ ក្រសួង​ក៏​បញ្ជា​ឱ្យក្រុមហ៊ុន​កែ​ប្រែ​រាល់​កំហុស​ឆ្គង​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណៈ​កម្មការ​ចម្រុះ​ខេត្ត​ និង​ក្រុម​ហ៊ុន ចុះ​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០២៣។

បន្ថែម​ពី​នេះ ក្រសួង​ឧស្សាហកម្ម​បាន​ព្រមានក្រុមហ៊ុន​នឹង​ត្រូវ​ផ្អាក​សកម្មភាព​បន្ត​ទៀត ប្រសិន​បើ​មិន​បាន​អនុវត្ត​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។

បើ​តាម​ក្រសួង​ឧស្សាហកម្ម នេះ​ជា​លើក​ទី៣​ហើយ​ដែល​ក្រុម​ហ៊ុន​ផលិត​ម្សៅ​ដំឡូង​មី​សំបក​គ្រាប់​ថ្នាំ អេតាណុល ជី​គីមី និង​សារធាតុ​បន្ថែម​អាហារ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ។

អភិបាល​ខេត្ត​បាត់​ដំបង លោក​ សុខ លូ ប្រាប់​វីអូអេ​តាម​រយៈ​សារ​ជា​អក្សរ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​Whatsapp នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋបាល​ខេត្ត​បាន​ស្នើ​ទៅ​ក្រសួង​ឱ្យ​ផ្អាក​ដំណើរ​ការ​ក្រុម​ហ៊ុន ដើម្បី​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន​ឱ្យ​ច្បាស់​លាស់​ឡើង​វិញ និង​ថា​អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធាន​ការ​ភ្លាមៗ តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក​ម្ល៉េះ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង​ លោក កត បូរាណ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​បំពុល​ទឹក​ស្ទឹង​សង្កែ ក៏​អាច​បង្ក​ឡើង​ដោយ​ជំនន់​ទឹក​ភ្លៀង​ដែល​ធ្លាក់​ក្នុង​រយៈ​ពេល​១០​ថ្ងៃ បូក​រួម​នឹង​ការ​គ្រប់​គ្រង​កាក​សំណល់​របស់​ក្រុម​ហ៊ុន​រោង​ចក្រ​មិន​បាន​ត្រឹម​ត្រូវ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ហូរ​នូវ​កម្ទេច​កម្ទី​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង​សង្កែ។

លោក​ថ្លែង​ថា​៖ «ទឹក​ភ្លៀង​១០​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ទឹក​ហូរ កម្អែល​នៃ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ ឬ​ក៏​ការ​ហើរ​កម្ទេច​កម្ទី​ឈើ​ដែល​គេ​ចំហេះ​នៃ​រោងចក្រ​ហូរ​ចូល​ស្ទឹង​ ដល់​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​មាន​ការភ័ន្ត​ច្រឡំ។ ក្នុង​នោះ​ការ​ធ្វើ​ចំហេះ​របស់​ក្រុម​ហ៊ុន ក៏​យើង​បាន​មាន​វិធាន​ការរួច​ហើយ»។

លោក​បន្ថែម​ថា មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង នៅ​តែ​បន្ត​សិក្សា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ថា ​តើ​រោង​ចក្រ​នោះ​ពិត​ជា​មាន​ចេតនា​បង្ក​ឱ្យ​ទឹក​ស្ទឹង​សង្កែ​រង​ការ​បំពុល​ ឬយ៉ាង​ណា។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់​ដំបង លោក យិន ម៉េង​លី ប្រាប់​វីអូអេថា​ អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​គ្រប់​រូប ត្រូវ​តែ​អនុវត្ត​វិធាន​ការច្បាប់​ឱ្យបាន​តឹងរ៉ឹង​ទៅ​លើ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​បង្ក​ឱ្យ​មាន​ប្រភព​ទឹក​កខ្វក់។

លោក​ប្រាប់​វីអូអេ​ថា៖ «ត្រូវ​តែ​មាន​វិធាន​ការ​ឱ្យ​បាន​តឹងរ៉ឹង​ជា​មួយ​និង​ក្រុម​ហ៊ុន​ ព្រោះ​តាម​អ្វី​ដែល​កើត​មាន​ឡើង​នេះ​ មិន​មែន​ជា​លើក​ទី​មួយ​ទេ ធ្លាប់​មាន​ម្តង​ ឬពីរ​ដង​រួច​មកហើយ។ អ៊ីចឹង​ត្រូវ​តែ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ដាច់​ខាត​ចំពោះ​ក្រុម​ហ្នឹង។ បើ​យើង​មិន​យក​វិធានការណ៍​ច្បាប់​ទៅ​ប្រើ​ប្រាស់​ទេ​ គឺ ​[ក្រុមហ៊ុន​ហ្នឹង] អត់​ខ្លាច​ទេៗ»។

វីអូអេ​បាន​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម លោក ហេង សុខគង់ និង​លោក ង៉ែត វិបុល ប៉ុន្តែ​ពួកគេ​បាន​បដិ​សេធ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ៕

XS
SM
MD
LG