ខណៈមានការរិះគន់ជាបន្តបន្ទាប់អំពីការធ្វើសំណង់ក្បែរដងស្ទឹងសង្កែ រដ្ឋបាលខេត្តបាត់ដំបងបានលើកឡើងថា សំណង់ជាផ្ទះឯកជននេះត្រូវបានអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធរួចហើយ ហើយមិនមានការបំពានដីច្រាំងស្ទឹងរបស់រដ្ឋឡើយ។
អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការបង្ហោះព័ត៌មាននានាមានលក្ខណៈ «ញុះញង់ បំភាន់ បំភ្លៃពីការពិត» ក្នុងគោលបំណងវាយប្រហារមកលើអាជ្ញាធរតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងរូបភាពនៅទំព័រហ្វេសប៊ុកឈ្មោះមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) ដោយលើកឡើងថា៖ «ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាច ដោយការចាក់ដីរំលោភចូលស្ទឹង និងការសាងសង់សំណង់រឹងនៅលើទីនោះ។ អ្វីដែលគួរឱ្យអស់សំណើចទៀតនោះ គឺសំណង់ដែលសង់រំលោភលើមាត់ស្ទឹងនេះត្រូវបានសាងសង់ទល់មុខនឹងសាលាឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង»។
ក្រោយមានការរិះគន់បែបនេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺព័ត៌មានមួយ កាលពីថ្ងៃទី ២០ ខែមិថុនា ដោយច្រានចោលព័ត៌មានខាងលើ និងចាត់ទុកថា វាមានលក្ខណៈ «ញុះញង់ បំភាន់ បំភ្លៃពីការពិត» ក្នុងចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរ ដើម្បីចំណេញនយោបាយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខិតជិតមកដល់។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ទៀតថា ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរអង្គភាពជំនាញបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋាន ដោយពិនិត្យឃើញថា ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ បានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ។ ហើយវាមិនប៉ះពាល់ដីចំណីស្ទឹងសង្កែនោះទេ។ រដ្ឋបាលខេត្តបញ្ជាក់ថា មានការចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ ហើយមិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់ឡើយ។
បើតាមរដ្ឋបាលខេត្តបាត់ដំបង ក្រោយការសាងសង់ មានការកាយដីចេញវិញ ហើយវាមិនរាំងស្ទះមុខទឹកឡើយ។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង»។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ប្រាប់វីអូអេថា ជាធម្មតា ការទប់ច្រាំងកុំឱ្យបាក់ស្រុត គឺតែងតែមានការកាយដី ដើម្បីទប់ជាមុនសិន បន្ទាប់ពីទប់រួចរាល់ គេនឹងកាយដីស្ទឹងទាំងនោះចេញវិញ។
លោកថ្លែងថា៖ «យើងបានចុះទៅពិនិត្យហើយ ករណីដែលថាចោទប្រកាន់ថាមានការសាងសង់នៅតាមច្រាំងស្ទឹងដែលមានដែលការសាងសង់ផ្លូវបេតុងអីហ្នឹង យើងបានទៅពិនិត្យ ហើយអត់មានផលប៉ះពាល់អីទេ គឺមិនមានការប៉ះពាល់អំពីលំហូរទឹកស្ទឹងសង្កែទេ វាថែមទាំងបានជួយការពារការបាក់ច្រាំងស្ទឹងនៅចំណុចនោះផង នៅចំណុចជិតសាលាឃុំអូរដំបង ១ ហ្នឹង»។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការចាក់ដីចូលទៅក្នុងស្ទឹងសង្កែនេះ គឺជាការសាងសង់ច្រាំងថ្មី តាមលំនាំច្រាំងចាស់ ហើយវាមិនបានប៉ះពាល់ដល់ការរំលោភដីស្ទឹងនោះទេ។
លោកថ្លែងថា៖ «ការធ្វើច្រាំងស្ទឹងនេះ គាត់បានធ្វើតាមលំនាំស្ទឹងចាស់ (ច្រាំងស្ទឹង) ប៉ុន្តែការដែលគាត់ចាក់ដីទៅលើស្ទឹងនោះ គឺដើម្បីទុកធ្វើច្រាំងនោះ គឺគាត់ធ្វើចាក់ហើយ។ អ្វីដែលយើងឱ្យក្រុមការងារទៅពិនិត្យនេះ គឺឱ្យគាត់យកដីចេញពីស្ទឹង ដែលជាអ្វីដែលគាត់បានលុប ដើម្បីធ្វើច្រាំង ហើយបើកាលណាគាត់ធ្វើហើយគាត់នឹងយកចេញពីស្ទឹង ហើយចំពោះរឿងផ្សេងៗ ក្រុមការងារកំពុងពិនិត្យបន្ត»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង ប្រាប់វីអូអេថា អាជ្ញាធរគួរតែអនុវត្តឱ្យខ្ជាប់ខ្ជួនបន្ថែមទៀតអំពីការគ្រប់គ្រង បឹង ព្រែក ទន្លេ និងច្បាប់ស្តីពីភូមិបាល ទាក់ទងនឹងការកំណត់ពីចម្ងាយឱ្យបានច្បាស់លាស់អំពីដីរដ្ឋ និងដីឯកជន។ លោកជំរុញឱ្យអាជ្ញាធរគួរតែបង្កើតវេទិកាសាធារណៈ ដើម្បីបំភ្លឺបន្ថែមជុំវិញករណីនេះ កុំឱ្យប្រជាពលរដ្ឋមានការសង្ស័យ។
លោកថ្លែងថា៖ «រដ្ឋបាលខេត្តបាត់ដំបងគួរតែធ្វើការបំភ្លឺបង្កើតឱ្យមានវេទិកាសាធារណៈមួយអញ្ជើញភាគីពាក់ព័ន្ធប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានអង្គការសង្គមស៊ីវិលនៅទីនោះឱ្យមកពិភាក្សាគ្នាធ្វើការបង្ហាញឱ្យមានភាពច្បាស់លាស់។ យើងថា ករណីបែបនេះក៏ធ្លាប់កើតឡើងនៅតំបន់ផ្សេងៗដែរ ប៉ុន្តែទីបំផុតយើងនៅតែមានឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការនៃការផ្តល់ដីទៅឱ្យឯកជន ឬក៏ករណីរកឃើញថា មានការលួចកែបន្លំឯកសារអីជាដើម»។
លោកបន្ថែមទៀតថា ករណីសាងសង់សំណង់រឹងដែលរំលោភលើដីស្ទឹងសង្កែ ខេត្តបាត់ដំបងនេះ ស្ថាប័នពាក់ព័ន្ធគួរតែធ្វើការពិនិត្យឡើងវិញអំពីការសាងសង់នេះ ថាតើមានការបំពានច្បាប់ឬយ៉ាងណា។
បើតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ ដីចំណីច្រាំងស្ទឹង ត្រូវមានចម្ងាយ ៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង ហើយដីចំណីច្រាំងនេះ ចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ៕