ម៉ាឌ្រីដ អេស្បាញ៖ ក្រុមបំបែកខ្លួនឈ្មោះ អ៊ីធីអេ (ETA) បានប្រកាសពីបទឈប់បាញ់អចិន្ត្រៃយ៍មួយ បន្ទាប់ពីក្រុមនេះ បានធ្វើការវាយប្រហារប្រឆាំងនឹងរដ្ឋបាលឯករាជ្យនៅភាគខាងជើងប្រទេសអេស្ប៉ាញ និងភាគនិរតីប្រទេសបារាំង។ ប៉ុន្តែ ព័ត៌មាននេះ កំពុងប្រឈមនឹងការមន្ទិលសង្ស័យយ៉ាងខ្លាំងនៅអេស្ប៉ាញ។
វាជាខ្សែវីដេអូមួយ ដែលធ្វើឲ្យជនជាតិអេស្ប៉ាញ ភ័យខ្លាច មានបុរសបីនាក់ពាក់ស្រោមមុខ និងមួកកន្តិបពណ៌ខ្មៅ និយាយទៅកាន់ម៉ាស៊ីនថតវីដេអូ ដោយមានបដារបស់ក្រុមបំបែកខ្លួន អ៊ីធីអេ នៅពីខាងក្រោយខ្នងផង។ ជាទូទៅក្រុម អ៊ីធីអេបានចេញផ្សាយខ្សែវីដេអូបែបនេះ ដើម្បីប្រកាសការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក ការចាប់ជំរិត និងការវាយប្រហារ ដែលបានសម្លាប់មនុស្សជាង៨៥០នាក់ ក្នុងអំឡុងពីជាងកន្លះសតវត្សរ៍កន្លងទៅ។
ប៉ុន្តែវីដេអូនេះអាចជាវីដេអូចុងក្រោយបំផុត។ ក្នុងវីដេអូនេះ ប្រធានក្រុម អ៊ីធីអេ បីរូបប្រកាសការឈប់បាញ់គ្នាអចិន្ត្រៃយ៍មួយ ផ្តើមចេញពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែកញ្ញាឆ្នាំកន្លងទៅ។
ប៉ុន្តែ ជនជាតិអេស្ប៉ាញធម្មតា រួមទាំងអ្នកនយោបាយផង មិនប្រាកដក្នុងចិត្តចំពោះសេចក្តីប្រកាសនេះទេ។ រដ្ឋមន្ត្រីមហាផ្ទៃអេស្ប៉ាញ លោក អាល់ហ្វ្រេដូ ប៉េរ៉េ រូបាលកាបា (Alfredo Perez Rubalcaba) មានប្រសាសន៍ថា បទឈប់បាញ់នេះ «មិនមែនជាព័ត៌មានអាក្រក់ទេ ប៉ុន្តែក៏មិនមែនជាព័ត៌មាន» ដែលរដ្ឋាភិបាលបានសង្ឃឹមទុកនោះដែរ។ លោកបានចោទប្រកាន់ក្រុម អ៊ីធីអេ ថា «មានភាពក្រអឺតក្រទមមិនកែប្រែ» និងពីបទ «បំភ្លៃទស្សនៈអំពីការពិត»។
លោក រ៉ាម៉ុន កូតារ៉េឡូ (Ramon Cotarelo) អ្នកវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា សេចក្តីប្រកាសរបស់ក្រុម អ៊ីធីអេ មានព័ត៌មានលម្អិតមួយចំនួន ហើយក្រុមនេះបានថ្លែងថា ខ្លួននឹងបន្ត «ការតស៊ូដែលមិនចេះនឿយហត់»របស់ខ្លួនទៀត។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំហាក់ដូចយល់ថា គេមិនបានធ្វើលើសពីអ្វីដែលចាំបាច់ក្នុងពេលឥឡូវនេះ ដែលក្រុម អ៊ីធីអេ ប្រកាសពីការបញ្ឈប់ការតស៊ូប្រដាប់អាវុធ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីបទឈប់បាញ់អចិន្ត្រៃយ៍ ប៉ុន្តែបទឈប់បាញ់នេះ មិនមានន័យថា ពួកគេនឹងបោះបង់ចោលអាវុធឡើយ។ ភាពមិនច្បាស់លាស់នោះគឺត្រូវប្រកាសចុងក្រោយថា សង្គ្រាមចប់ហើយ ពួកគេរំលាយចោលអង្គការនេះ និងឈប់វាយប្រហារភេរវកម្ម និងឈប់ចាប់ជំរិត និងឈប់គំរាមយកប្រាក់»។
លោក កូតារ៉េឡូ ជឿថា បទឈប់បាញ់របស់ក្រុម អ៊ីធីអេ មិនសូវមានឆន្ទៈល្អទេ ប៉ុន្តែក្នុងបំណងនយោបាយសម្រាប់ការបោះឆ្នោតរបស់គណបក្សនយោបាយបងប្អូនរបស់ក្រុមនេះ ឈ្មោះបាតាស៊ូណា (Batasuna) ដែលកំពុងសម្លឹងឆ្ពោះទៅរកការបោះឆ្នោតសាលាក្រុងក្នុងខែឧសភា។ លោកមានប្រសាសន៍ថា៖
«វាជាកលល្បិចមួយ។ ចលនាឯករាជ្យគឺក្រុមបាតាស៊ូណាប្រកាន់ឆ្វេង បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុម អ៊ីធីអេ ឲ្យនិយាយចេញដើម្បីផ្តល់នូវការសន្យា ឬចេញសេចក្តីប្រកាសព័ត៌មាន។ ដោយសារពួកគេត្រូវការកត្តាទាំងនេះ ដើម្បីទទួលបាននូវការអនុញ្ញាតតាមផ្លូវច្បាប់ឲ្យមានវត្តមាននៅក្នុងរដ្ឋសភា»។
នៅទីបញ្ចប់ លោកកូតារ៉េឡូ បានថ្លែងថា ក្រុម អ៊ីធីអេ បានប្រឈមនឹងហេតុការណ៍ដ៏លំបាក បន្ទាប់ពីការវាយប្រហារយ៉ាងស្ទាត់ជំនាញរបស់ក្រុមប៉ូលីស នៅតាមព្រំដែនអេស្ប៉ាញ និងបារាំង។ លោកថ្លែងថា៖
«ខ្ញុំគិតថា ពួកគេស្ថិតក្នុងស្ថានភាពទន់ខ្សោយបំផុត ដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក ដោយសារតែការតស៊ូរបស់ក្រុមប៉ូលីសនៅបារាំង និងអេស្ប៉ាញ ប្រឆាំងនឹងអង្គការនេះ។ ដូច្នេះ ពួកគេលែងអាចបន្តការវាយប្រហារដោយភេរវកម្មគ្រប់ប្រភេទទៀតហើយ»។
បទឈប់បាញ់នេះ មិនមែនជាលើកដំបូងនោះទេ ដែលក្រុម អ៊ីធីអេ បានសុំឲ្យមានលក្ខណៈអចិន្ត្រៃយ៍។ កាលពីខែ ធ្នូ ឆ្នាំ ២០០៦ ក្រុមនេះ បានបំពានលើអ្វីដែលគេហៅថា បទឈប់បាញ់អចិន្ត្រៃយ៍ ដោយបានបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្នុងទីក្រុងម៉ាឌ្រីត ដែលបានសម្លាប់មនុស្សចំនួនពីរនាក់៕
ប្រែសម្រួលដោយ លី សុខឃាង