ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តឲ្យអ្នកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល ក្នុងសំឡេងគាំទ្រ ៥២ ទល់នឹង ៤៨ កាលពីយប់ថ្ងៃច័ន្ទ។
អ្នកស្រី Susan Collins សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងឲ្យរដ្ឋ Maine បានចូលរួមជាមួយសមាជិកគណបក្សប្រជាធិបតេយ្យទាំងអស់ ដោយបោះឆ្នោតប្រឆាំងនឹងការតែងតាំងអ្នកស្រី Barrettនេះ។ អ្នកស្រី Collin បាននិយាយថា អ្នកស្រីមិនបោះឆ្នោតផ្តល់ការតែងតាំងឲ្យអ្នកស្រី Barrett ដោយសារតែការបោះឆ្នោតអនុម័តតែងតាំងនេះកៀកនឹងពេលបោះឆ្នោតប្រធានាធិបតីដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយ។
បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP មិនមានចៅក្រមតុលាការកំពូលណា ដែលទទួលបានការអនុម័តតែងតាំងដោយការបោះឆ្នោតរបស់ព្រឹទ្ធសភាដែលមិនមានការគាំទ្រពីគណបក្សដែលមានសំឡេងភាគតិចនោះទេ នៅក្នុងរយៈពេលយ៉ាងតិច ១៥០ ឆ្នាំចុងក្រោយនេះ។
ចៅក្រមតុលាការកំពូលលោក Clarence Thomas បានធ្វើជាអធិបតីនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្រី Barrett នៅសេតវិមានកាលពីយប់ថ្ងៃច័ន្ទ។
គណបក្សប្រជាធិបតេយ្យបានបញ្ជាក់កន្លងមកថា ការជ្រើសតាំងបេក្ខជនសម្រាប់អសនៈតុលាការកំពូលនេះ ត្រូវតែទុកឲ្យប្រធានាធិបតីនៅអាណត្តិបន្ទាប់ជាអ្នកសម្រេច។
ជំហរនេះត្រូវបានគណបក្សសាធារណរដ្ឋប្រកាន់យក នៅពេលដែលមានអាសនៈចៅក្រមតុលាការកំពូលមួយនៅទំនេរនៅដើមឆ្នាំ ២០១៦ ដែលជាឆ្នាំបោះឆ្នោតប្រធានាធិបតី។ នៅពេលនោះ គណបក្សសាធារណរដ្ឋបានបដិសេធពុំព្រមពិចារណាលើបេក្ខភាពចៅក្រមតុលាការកំពូលរបស់លោក Merrick Garland បេក្ខជនដែលតែងតាំងដោយលោកប្រធានាធិបតី Barack Obama ខាងគណបក្សប្រជាធិបតេយ្យ៕