ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Barrett​ ទំនង​ត្រូវ​បាន​តែង​តាំង​​ជា​ចៅក្រម​​​តុលាការ​កំពូល​អាមេរិក​នៅ​ថ្ងៃ​ចន្ទ


លោកស្រី​ Amy Coney Barrett គឺ​ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី Donald Trump សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល។
លោកស្រី​ Amy Coney Barrett គឺ​ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី Donald Trump សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា ​នឹងសម្រេច​លើ​ការយល់​ព្រម​ការ​តែង​តាំង​ចៅក្រមលោក ស្រី​ Amy Coney Barrett​ សម្រាប់​តំណែង​ចៅក្រម​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ។

ប្រសិន​បើ​ត្រូវ​បាន​បោះឆ្នោត​យល់​ព្រម​នោះ​ លោក​ស្រី Barrett នឹង​ក្លាយ​ជាចៅក្រម​ទី​៣​ ក្នុង​ចំណោម​ចៅក្រម​ទាំង​៩រូប​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​លោកប្រធានាធិបតី Donald Trump ដែល​នេះធ្វើ​ឲ្យ​ចំនួនចៅក្រម​ដែល​ជា​អ្នក​អភិរក្សនិយម​មាន​ចំនួន​ភាគ​ច្រើននៅ​ក្នុង​តុលាការ​កំពូល​នេះ​ គឺ​ចំនួន​៦​ទល់​នឹង​៣។

គណបក្ស​សាធារណរដ្ឋគ្រប់គ្រង​សំឡេង​ភាគ​ច្រើន ៥៣​ទល់​នឹង​៤៧ ​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក ហើយ​មាន​សមាជិក​ព្រឹទ្ធសភាខាង​គណ​បក្ស​សាធារណរដ្ឋ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺលោក​ស្រី Susan Collins ដែល​លើក​ឡើង​ថា​ ​លោក​ស្រី​នឹងមិន​ចូល​រួម​បោះ​ឆ្នោត​សម្រេច​លើបេក្ខភាពចៅ​ក្រម Barrett​នោះ​ទេ​ ​ដោយ​សារតែ​វាកៀក​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​ពេក។

កន្លង​មកគណបក្ស​ប្រជាធិបតេយ្យ​ បាន​ប្រឆាំង​នឹង​ការ​តែង​តាំង​លោក​ស្រី​ Barrett ​ឲ្យ​ជំនួសចៅក្រមRuth Bader Ginsburg ដែល​បាន​ទទួល​មរណភាព​នោះ​ ក្នុង​កាលៈទេសៈ​តក់​ក្រហល់​ និង​ប្រឆាំងលក្ខណសម្បត្តិ​របស់​លោក​ស្រី ​Barrett ​ ក្នុង​ដំណើរ​នៃ​ការ​តែង​តាំង​នេះ​ផង​ដែរ។

ប៉ុន្តែប្រធាន​ព្រឹទ្ធសភា​លោក ​Mitch McConnell ពី​គណបក្ស​សាធារណរដ្ឋ​ និង​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ «ព្រឹទ្ធសភា​អាមេរិក​កំពុង​ធ្វើ​ការងារនេះ​ត្រឹម​ត្រូវ​ ហើយ​យើង​នឹង​បន្ត​ទៅ​មុខ​ដំណើរការការ​តែង​តាំង​នេះ»៕

XS
SM
MD
LG