ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាសាទ​បន្ទាយឆ្មារ​មានជីវិត​ឡើង​វិញ


ប្រាសាទ​បន្ទាយឆ្មារ​មានជីវិតឡើងវិញ
សូម​រង់ចាំ

No media source currently available

0:00 0:05:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រាសាទ​បន្ទាយឆ្មារ​មានជីវិតឡើងវិញ

ប្រាសាទ​បន្ទាយឆ្មារ​កំពុង​ចាប់ផ្តើម​មាន​សកម្មភាព​ឡើង​វិញ​យឺតៗ​ក្មុង​ការ​ទាក់ទាញ​អ្នក​ទេសចរ​ ក្រោយពី​ប្រាសាទ​នេះ​ត្រូវនៅ​ឯកោ​ជាង​៨​សត​វត្សរ៍។​

ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ជាកន្លែង​ទាក់ទាញ​ទេសចរ​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា​ គឺមាន​អ្នក​ទេសចរ​មកពីជុំវិញ​ពិភពលោក​ប្រហែល​មួយ​ម៉ឺននាក់​មក​ទស្សនា​ក្នុង​មួយ​ថ្ងៃៗ។​

មាន​អ្នក​ទេសចរ​ច្រើន​ដូច​នេះ​អាច​បង្ក​បញ្ហា​ គឺ​មិនមែន​ធម្មតា​ទេ​ ព្រោះ​ថ្ម​ខ្សាច់​នៃ​ប្រាសាទ​នេះ​ងាយ​សឹក​ ដោយសារ​ស្បែក​ជើង​មនុស្ស​ដើរ។​

រី​ឯ​ប្រាសាទ​បន្ទាយឆ្មារ​ ដែល​នៅ​១៦០​គ.ម.​ទៅ​ភាគ​ខាង​លិច​ មាន​ទេសភាព​មិន​ចាញ់​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ទេ។ ប្រាសាទ​បន្ទាយឆ្មារដែល​មាន​រហស្សនាម​ថា អង្គ​រវត្ត​ទី២ ​ជា​ប្រាសាទ​បុរាណ​សម័យ​អង្គរ​ទំហំ​១២​គ.ម.​ការ៉េ​នោះ​ មាន​អ្នក​ទេសចរ​តិចតួច​ណាស់។​

លោក​ Reinhart Sieger ​ជនជាតិ​អាល្លឺម៉ង់​ ប្រៀបធៀប​ប្រាសាទ​ពីរ​នេះ។​

«នៅ​អង្គរ​វត្ត​គេ​រៀបចំ​ទាក់ទាញ​ទេសចរ​ច្រើន​កកកុញ។​ អ្នក​ទេសចរ​ដើរ​មើល​តាម​ផ្លូវ​តែមួយ​គឺ​ទស្សនា​កន្លែង​ដូចគ្នា​ ពេលដូចគ្នា»។​

ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧​បាន​សាងសង់​ប្រាសាទ​បន្ទាយ​ឆ្មារ​នៅ​សត​វត្សរ៍​ទី​១២​ ក្រោយ​ពី​សង់​អង្គរ​ធំ​ហើយ​ ដើម្បីរំឭក​ដល់​បុត្រា​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត​ក្នុង​ចម្បាំង។​

អ្នក​ប្រវតិ្ត​សាស្ត្រ​ឆ្ងល់​ថា ​ហេតុអ្វី​ព្រះអង្គ​ជ្រើស​រើស​កន្លែង​ស្ងួត​ហើយ​ឯកោ​ដូច្នេះ។​

ដោយ​គ្មាន​ការ​ថែ​រក្សា​ច្រើន​សត​វត្សរ៍​ ប្រាសាទ​ជា​ច្រើន​បាក់​ ហើយ​ព្រៃ​ដុះ​សព្វ​កន្លែង។​

លោក​យឹម​ សុធិន ​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​ មាន​ភារកិច្ច​ជួសជុល​ប្រាសាទ​បន្ទាយ​ឆ្មារ។ ​គាត់​ថ្លែង​ថា ​មីន​និង​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ធ្វើ​ឲ្យ​គ្មាន​ការ​អភិវឌ្ឍ​ដូច​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​អ្នក​ទេសចរ​ច្រើន។​

«ពី​មុន ​មានទាហាន​ខ្មែរក្រហម​និង​កម្លាំង​រដ្ឋាភិបាល​នៅ​តំបន់​នេះ ​គឺ​នៅខាង​កើត​ប្រាសាទ​បន្តិច។ ដូច្នេះ​ មាន​មីន​ច្រើន​នៅ​បន្ទាយ​ឆ្មារ​ ហើយ​ម្តុំ​នេះ​ នៅ​មាន​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​រហូត​ដល់​បច្ចុប្បន្ន»។​

ក្នុង​ឆ្នាំ​២០០៨ ​ក្រោយពី​ដោះមីន​ជិត​មួយ​ទសវត្សរ៍​ CMAC​ បាន​ប្រកាស​ថា​ តំប​ន់នេះ​មិនមាន​មីន​ទៀត​ទេ ​ហើយ​ការ​ជួសជុល​ប្រាសាទ​ក៏​បាន​ចាប់​ផ្តើម។​

ផ្លូវ​ភ្ជាប់​ពីទី​រួម​ខេត្ត​ស៊ីសុផុន​ទៅ​ប្រាសាទ​បន្ទាយ​ឆ្មារ​បាន​ធ្វើ​ឡើង។​ ដូច្នេះ​គេ​ធ្វើ​ដំណើរ​មិន​ដល់​បី​ម៉ោង​ទេ​ទៅដល់​ប្រាសាទ​បន្ទាយ​ឆ្មារ ​ពីមុន​គេ​ត្រូវ​ធ្វើ​ដំណើរ​៨​ម៉ោង។

ក្នុង​ការ​ជួសជុល​ប្រាសាទ​នេះ ​ រដ្ឋាភិបាល​រកបានអ្នក​ជំនាញ​បរទេសមកជួយ​គឺ​លោក​ John Sanday​ បុរាណ​វិទូ​អង់គ្លេស​ធ្វើការ​នៅ ​Global Heritage Fund​ មាន​មូលដ្ឋាន​នៅ ​California ​ស.រ.អា.។ ​

លោក ​Sanday ​ដែល​ជា​ជ័យលាភី ​OBE​ សម្រាប់​កិច្ចការ​អភិរក្ស​ស្ថាបត្យកម្ម​បាន​ចំណាយ​ពេល​១២​ឆ្នាំជួសជុល​ប្រាសាទ​អង្គរវត្ត។​ ​

លោក​មាន​អ្នក​ជំនាញ ​និង​បុគ្គលិក​៦០​នាក់​ដើម្បី​ជួសជុល​ប្រាសាទ​ ដែល​ខូចខាត​ជាច្រើន។ ​ថ្ម​ប្រាសាទ​ត្រូវ​ដាក់​កន្លែង​ដើម​វិញ ​ដោយ​មិន​ប្រើ​បាយ​អ​ទេ។​

លោក ​Sanday ​បង្ហាញ​ឯកសារ​អំពី​វិធី​វាស់​ថ្ម​ប្រាសា​ទាំងអស់។​
«កិច្ចការ​ដំបូង​គឺ​ថា ​មិន​ប៉ះពាល់​ថ្ម​ គឺ​យើង​ចុះ​បញ្ចី​ទិន្នន័យ​ថ្ម​ជាមុខ»។​

លោក ​Sanday ​ថ្លែង​ថា ​នៅ​បន្ទាយ​ឆ្មារ ​ថ្ម​ចម្លាក់​ដែល​គួរ​ចាប់​អារម្មណ៍​គេ​លាក់​នៅ​កន្លែង​កាច់​ជ្រុង ​ភាគ​ច្រើន​ជា​ចម្លាក់​ផត​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន។​

ចោរ​បាន​លួច​ចម្លាក់​ផត​នៅ​ប្រាសាទ​នេះ​ប្រហែល​៣​ភាគ​៤​ក្នុង​ទសវត្សរ៍​១៩៩០​ តែ​មាន​សំណល់​គំរូ​ខ្លះ​ដែល​ធ្វើឲ្យ​អ្នក​ជំនាញ​អាច​សិក្សា​ដឹង​អំពី​ជីវិត​ និង​វប្បធម៌​សម័យ​អង្គរ។​

លោកពន្យល់​អំពី​ចម្លាក់​នៅ​លើ​ជញ្ជាំង​ថា ​«នេះ​ជា​ពលទាហាន។ ​ហើយ​ច្បាស់​ណាស់​ថា ​គេ​បួង​សួង ​គំនាប់​អ្នកមាន​បុណ្យសក្តិ ​អ្នកមាន​អំណាច​នៅ​ផ្នែក​លើ ​តែ​មើល​មិន​ច្បាស់​ទេ។ ​ខ្ញុំ​សន្និដ្ឋាន​ថា​ នេះ​ប្រហែល​ស្តេច​ជ័យ​វរ្ម័ន​ទី៧»។​

ការ​ជួសជុល​ប្រាសាទ​បន្ទាយឆ្មារ​ជា​កិច្ចការ​ធំ​មហិមា ​ដែល​ត្រូវ​ជួសជុល​ច្រើន​ទតវត្សរ៍​ទើប​ចប់។ ​តែ​យុទ្ធ​សាស្ត្ររបស់​លោក​ Sanday ​គឺ​បណ្តុះ​បណ្តាល​ក្រុម​នេះ​ឲ្យ​មាន​ជំនាញ​តាម​បទដ្ឋាន​ដើម្បី​ ឲ្យ​គេ​អាច​ធ្វើការ​នេះ​ពេល​អស់​ពី​លោក​ទៅ។​

«ដំណើរការ​នេះ​គឺ​ផ្ទេរ​ចំណេះ ​និង​ជំនាញ​ឲ្យ​អ្នក​ទាំង​នេះ​ផ្ទាល់​ ហើយ​ជាយថាហេតុ យើង​ប្រគល់​អង្គភាព​អភិរក្ស​ដែល​មាន​កម្មករ​អាជីព ​ស្ថាបត្យករ​ បុរាណ​វិទូ​នេះ​ទៅ​រដ្ឋាភិបាល»។​

បច្ចុប្បន្ន​មាន​តែ​អ្នក​ដំណើរ​មុះមុត​ទេ​អាច​ធ្វើដំណើរ​ទៅ​ដល់​ប្រាសាទ​បន្ទាយ​ឆ្មារ​ តែ​លោក ​Sanday ​ដឹង​ថា ​នៅ​ថ្ងៃ​ណា​មួយ ​ប្រាសាទ​បន្ទាយ​ឆ្មារ​នឹង​មាន​ទេសចរ​ច្រើន​ដូច​នៅ​ប្រាសាទ​អង្គរវត្ត​ដែរ។​

«យើង​តែងតែ​គិត​អំពី​ផល​ប៉ះពាល់ដោយសារ​ចំនួន​អ្នក​ទេសចរ​ច្រើន​ពេក។​ តែ​អ្វី​ដែល​យើង​បារម្ភ​ពេល​នេះ​គឺ​ផ្លូវ​ធ្វើ​ដំណើរ។ ​សូម្បី​សព្វ​ថ្ងៃ​នេះ​ គេ​ត្រូវ​ធ្វើ​ដំណើរ​យឺត ហើយនៅទី​នោះ​មាន​កន្លែង​ស្នាក់នៅ​តិចតួច​ណាស់»។​

សម្រាប់​លោក ​Sanday ពេល​លោក​ដើរ​ពេល​ល្ងាច​ក្នុង​ប្រាសាទ​ស្ងាត់​ជ្រងំ​នេះ​ធ្វើ​ឲ្យ​លោក​ស្រណោះ​ការ​ប្រឹង​ប្រែង​ដ៏​មាន​តម្លៃ​នេះ។​

ពេល​ប្រាសាទ​បន្ទាយ​ឆ្មារ​ជិត​ត្រូវដាក់​បញ្ចូល​ក្នុង​បញ្ជី​រមណីយដ្ឋាន​ទេសចរ​នោះ លោក ​Sanday ​ហាក់ដូច​ជា​ពេញ​ចិត្ត​នឹង​ភាព​សុខសាន្ត ​ភាព​ស្ងប់ស្ងាត់​នៅ​ប្រាសាទ​បន្ទាយ​ឆ្មារ​នេះ៕

លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែសម្រួល

XS
SM
MD
LG